​ភ្នំពេញៈ លោក ​ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​ឱ្យ​ភាគី​អាល្លឺម៉ង់ ជឿទុកចិត្ត និង​ជឿជាក់​កម្ពុជា​លើ​ការងារ​ជំរុញ​ការ​ចងក្រង​សហគមន៍​កសិកម្ម ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ និង​បញ្ហា​ប្រឈម​នានា លើ​ផលិតកម្ម ខ្សែចង្វាក់​នៃ​ការផ្គត់ផ្គង់ និង​តម្លៃ​ល្អ ដើម្បី​ធានា​ឱ្យបាន​ប្រសិទ្ធភាព និង​និរន្តរភាព​សេដ្ឋកិច្ច​។

​ជាមួយគ្នា​នោះ លោក​ក៏បាន​លើកឡើង​ពី​បញ្ហា​គម្រប​ដី និង​ការទន្ទ្រាន​ដី ដែល​ការងារ​នេះ​ក្រសួង​កំពុង​យកចិត្ត​ទុកដាក់​គិតគូរ និង​មាន​យន្តការ​ដើម្បី​ដោះស្រាយ​ឱ្យបាន​ល្អ​។ លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ថ្លែង​បែបនេះ ក្នុងពេល​ជួប​ជាមួយ លោក Christoph Hoffmann សមាជិកសភា​អាល្លឺម៉ង់ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រស​ហ​ប្រតិ​ប​ត្តិ​ការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ នៅ​ទី​ស្តីការ​ក្រសួងកសិកម្ម​កាលពី​ថ្ងៃ​ទី​ ១៧ ខែកក្កដា ឆ្នាំ​ ២០២៣​។

​ជាមួយគ្នានេះ​លោក ​ឌិ​ត ទីណា ក៏បាន​លើកឡើង​ផងដែរ​ថា មូលដ្ឋាន​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស គឺ​សន្តិភាព និង​ស្ថិរភាព​សង្គម ហើយ​កម្ពុជា​ក្នុងនាម​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ គឺ​ស្វាគមន៍​ការចូលរួម​របស់​គណ​បក្សនយោបាយ​នានា និង​ដៃគូ​អភិវឌ្ឍន៍​ទាំង​អស់​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ប្រទេសជាតិ​។

​លោក​បញ្ជាក់ថា​៖ «​សម្រាប់​ប្រទេស​​កម្ពុជា ធ្លាប់​ឆ្លងកាត់​សង្គ្រាមស៊ីវិល​ដែល​បាន​បង្កឡើង​ដោយ​ក្រុម​ជ្រុលនិយម​នៃ​របប​ប៉ុល ពត ឬ​ខ្មែរក្រហម​បាន​បង្ក​វិនាសកម្ម និង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​ដូច្នេះ​យើង​ការពារ​មិនឱ្យ​បទពិសោធន៍​ដ៏​ជូរចត់ នេះ​កើតឡើង​ជាថ្មី​ឡើយ គឺ​យើង​ត្រូវការពារ​សន្តិភាព​ទាំងអស់គ្នា​»​។

​លោក​ ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា វិស័យ​កសិកម្ម​រវាង​កម្ពុជា និង​អាល្លឺម៉ង់​មិនទាន់មាន​អ្វី​លេចធ្លោ​នៅឡើយ​ទេ ហើយ​វិនិយោគិន​អាល្លឺម៉ង់​ហាក់បីដូចជា​មិនសូវមាន​ផងដែរ​។ យ៉ាងណាក៏ដោយ កន្លងមក​មានការ​នាំ​ចូល​សម្ភារ​រថយន្ត​ពី​ខាង​ភាគី​អាល្លឺម៉ង់​មកកាន់​កម្ពុជា​ប៉ុន្តែ ការនាំ​ស្រូវ​អង្ករ​ឬ​សម្លៀកបំពាក់​ទៅ​លក់​គឺ​ប្រើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​សហភាព​​អឺរ៉ុប​បានផ្តល់​មក​កម្ពុជា​។ លោក​បាន​លើកឡើងថា ការទាក់ទាញ​វិនិយោគិន​អាល្លឺម៉ង់​គឺជា​រឿង​សំខាន់​ក្នុងការ​ជំរុញ​វិស័យ​កសិកម្ម​កម្ពុជា​។

​អាល្លឺម៉ង់​មាន​វិនិយោគិន​ដែលមាន​សក្ដានុពល​ខ្លាំងក្លា ក្នុង​វិស័យ​កិ​សកម្ម ក៏ដូចជា​ក្នុង​វិស័យ​ផ្សេងៗ​ទៀត ហេតុនេះ​កម្ពុជា អាចបង្កើត​ភាព​ទាក់ទាញ​ធ្វើយ៉ាងណា ឱ្យមាន​ការ​វិនិយោគ ក្នុង​វិស័យ​កសិកម្ម សំដៅ​ធ្វើ​ការនាំចេញ​ផលិតផល​កសិកម្ម​ណា​ ១ ​ទៅ​អាល្លឺម៉ង់​។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់​ឃើញថា បើសិនណា​យើង​ពង្រឹង​កិច្ច​​សហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត រវាង​កម្ពុជា និង​អាល្លឺម៉ង់ ខ្ញុំ​គិតថា ជា​កិច្ចការ​មួយ​ល្អប្រសើរ ដ្បិត​អាល្លឺម៉ង់​មិនមាន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ពា​ណិ​ជ្ជ​កម្ម​ឱ្យ​ខ្លាំងក្លា ប៉ុន្តែ​ការជួយ​លើ​នីតិរដ្ឋ វិស័យ​អប់រំ និង​កិច្ចការ​បច្ចេកទេស​ជាច្រើន​ក្នុង​វិស័យ​រដ្ឋបាល ក៏ដូចជា​ទំនាក់ទំនង​ការបរទេស​ជាដើម គឺ​អា​ល្លឺ​ម៉​ង់​បាន​ជួ​យមក​កម្ពុ​ជាច្រើន​»​។

​លោក​បន្ថែមថា ប្រទេស​កម្ពុជា​នៅមាន​សក្ដានុពល​ច្រើន​ទាំង​ការដាំដុះ និង​ចិញ្ចឹមសត្វ ដោយមាន​ផ្ទៃដី​ធំ​ទូលាយ មាន​ប្រព័ន្ធ​បឹងបួ​ធំៗ ទន្លេ សមុទ្រ ដែល​សុទ្ធតែជា​ទីកន្លែង​សម្រាប់​ចិញ្ចឹម ក៏ដូចជា​ការដាំដុះ​។ ជាពិសេស​កម្ពុ​ជាមាន​អំណោយផល​ផ្នែក​ភូមិ​សាស្ត្រ​សម្រាប់​ការធ្វើ​កសិកម្ម ដែល​មិន​ងាយ​រងគ្រោះ​ដោយ​ករណី​គ្រោះ​ធម្ម​ជាតិ​ធ្ងន់ធ្ងរ ដែល​ធ្វើឱ្យប៉ះពាល់​ការវិនិយោគ​នោះទេ ដែល​ចំណុច​ទាំងនេះ​សុទ្ធតែ​អាច​ទាក់ទាញ​អ្នកវិនិយោគ​មកកាន់​ក​ម្ពុ​ជា​។

​លោក​ថ្លែងថា​៖ «​យើង​មាន​កំពង់ផែ​ល្អ​នៅ​សមុទ្រ យើង​មាន​ផ្លូវ​ល្អ​ស្អាត យើង​នៅតែ​អាច​ទាក់ទាញ​វិ​និ​យោគិន លើ​វិស័យ​កសិកម្ម​បាន ហើយ​ស្របពេល​កម្ពុជា​យើង​មាន​អំណោយ​ផល​តាំងពី​អាកាសធាតុ តាំងពី​ដី​មាន​ជីជាតិ​ប្រព័ន្ធធារាសាស្ត្រ​ធំៗ អ៊ីចឹង​ខ្ញុំ​គិតថា យើង​អាច​ទាក់ទាញ​ពួកគាត់​»​។​

​លោក​ ហុង វណ្ណៈ​មើលឃើញថា កន្លងមក​វិស័យ​សិ​កម្ម​កម្ពុ​ជាមាន​សម្ទុះ​ខ្លាំង​ក្លា​ពី​ ១​ ឆ្នាំទៅ​ ១ ​ឆ្នាំ​ព្រមទាំង​មាន​វិ​និ​យោ​គិ​នប​រទេស​ច្រើន​ផងដែរ ដូចជា​ជប៉ុន​ដែល​បាន​ដាំ​ស្វាយចន្ទី ក្រុមហ៊ុន​នូ​វែ​ល​សេ​ឡង់​ដែល​មក​ចិញ្ចឹម​គោ មាន​ក្រុមហ៊ុន​ស៊ី​ភី របស់​ថៃ​មក​ចិញ្ចឹម​ជ្រូក និង​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​មក​ចិញ្ចឹម​ត្រី​។ ជាមួយគ្នា​នោះ ក៏មាន​ការ​ធ្វើ​កសិកម្ម​សម្រាប់​ក្រុមហ៊ុន​ធំៗ​ដូចជា កៅស៊ូ ម្រេច និង​ចេកអំបូង​លឿង​នាំ​ចេញទៅ​ប្រទេស​ចិន​ជាដើម​៕