ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ថា លម្ហ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​នៅតែ​រក្សាបាន​ភាពល្អប្រសើ​រ និង​ត្រូវបាន​ធានា​ការពារ​ដោយ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ស្របតាម​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា ដោយ​គ្មាន​ការ​រឹតត្បិត​ដូច​ការលើកឡើង​របស់​ក្រុម​​អង្គការ​មួយចំនួន​ឡើយ​។​

​លោក​ មាស សុ​ភ័​ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​នៅ​ថ្ងៃទី ​១៩ ខែកក្កដា​ថា វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​នៅតែ​រក្សាបាន​នូវ​ភាព​ចម្រុះ​គ្រប់​ទស្សនៈ គ្រប់​និន្នាការ ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ដើម្បី​ផ្សព្វ​​ផ្សាយ​ព័ត៌មាន​យ៉ាង​សម្បូរបែប និង​ទូលំទូលាយ​ពី​គ្រប់​មធ្យោបាយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​បែប​ប្រពៃណី និង​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិ​ត ដែល​អាចឱ្យ​សាធារណជន ទទួលបាន​ព័ត៌មាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។

​ការលើកឡើង​បែបនេះ បន្ទាប់ពី​ស្ថា​ប័ន​ក្នុងស្រុក និង​ថ្នាក់​តំបន់​ចំនួន​ ៧ កាលពី​ថ្ងៃទី ​១៨ ខែកក្កដា បានចេញ​សេចក្តីថ្លែងការណ៍​រួម ស្តីពី​រដ្ឋាភិបាល​បង្កើន​ការ​រឹតត្បិត​លើ​គេហទំព័រ​សារព័ត៌មាន​សំខាន់ៗ​មុន​ការបោះឆ្នោត​ថ្នាក់ជាតិ​។​

​សេចក្តីថ្លែងការណ៍​បាន​លើកឡើងថា​៖ «​យើងខ្ញុំ មានការ​ព្រួយបារម្ភ​ជុំវិញ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ក្នុង​ការបិទ​ខ្ទប់​គេហទំព័រ​ព័ត៌មាន​មួយចំនួន​នៅមុន​ការបោះឆ្នោតជាតិ ដែលជា​ការរំលោភបំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​»​។​

​សេចក្តីថ្លែងការណ៍​បន្ត​ថា កាលពី​សប្តាហ៍​មុន ក្រសួង​ព័ត៌មាន​បាន​បញ្ជា​ឱ្យ​និយតករ​ទូរគមនាគមន៍​ក​ម្ពុ​ជា​បិទ​គេហទំព័រ ទំព័រ​បណ្តាញ​សង្គម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន និង​គេហ​​ទំព័រ​ទិន្នន័យ​សាធារណៈ​ដែល​ទើប​ដាក់ឱ្យ​ដំណើរការ​ដោយ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​។ ការសម្រេច​ចិត្ត​នេះ ជាការ​ប៉ុនប៉ង រារាំង​ពលរដ្ឋ​មិនឱ្យ​ចូល​មើល​ព័ត៌មាន ពី​គេហទំព័រ និង​ទំព័រ​បណ្ដាញ​សង្គម ដែល​ផ្សាយ​ពី​ការរិះគន់​រដ្ឋាភិបាល​។​

​ទាក់ទង​នឹង​សេចក្តីថ្លែងការណ៍​នេះ លោក​ មាស សុ​ភ័​ណ្ឌ បាន​ថ្លែងថា​៖ «​ការសម្តែង​ការព្រួយបារម្ភ ឬ​ចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​ថា រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ទទួលបាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​នេះ គឺ​គ្រាន់តែ​ចង់​ជួយ​បិទបាំង​កំហុស​របស់​សារព័ត៌មាន​ដែល​បំពាន​ទាំង​ច្បាប់ ផ្សាយ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង បំពាន​ទាំង​វិជ្ជាជីវៈ​ដោយ​ផ្សាយ​ព័ត៌មាន​គ្មាន​តុល្យភាព បំផ្លើស​បំភ្លៃ បំពាន​ក្រមសីលធម៌ ប្រមាថ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន តាមតែ​អំពើ​ចិត្ត​របស់​ពួកគេ​មកលើ​ថ្នាក់ដឹកនាំ និង​រាជរដ្ឋាភិបាល​...»​។​

​លោក​បន្តថា សម្រាប់​សារព័ត៌មាន​គ្មាន​ក្រមសីលធម៌ និង​មិន​គោរព​វិជ្ជាជីវៈ​មិន​គោរព​ច្បាប់ ដែល​លើកឡើង​ដោយ​លម្អៀង​របស់​ក្រុម​អង្គការ​ទាំងនោះ គឺ​គ្មាន​តម្លៃ​ទាល់តែសោះ មក​រិះគន់​លម្ហ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​។

​លោក​អះអាងថា​៖ «​នៅ​កម្ពុជា​គ្មាន​ការ​រឹតត្បិត​លម្ហ​សេរីភាព​សារព័ត៌មាន​នោះទេ គឺ​មានតែ​សារព័ត៌មាន​ដែល​បំពាន​ច្បាប់ គ្មាន​ក្រមសីលធម៌ និង​មិន​គោរព​វិជ្ជាជីវៈ​ប៉ុណ្ណោះ​ដែល​ចោទថា​លម្ហ​សេរីភាព​សារព័ត៌មាន​ត្រូវបាន​រឹតត្បិត​»​។​

​លោក ​អ៊ិត សូ​ធឿ​ត នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​ឯករាជ្យ ​(CCIM)​ បានលើកឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​ថា​៖ «​ព័ត៌មាន​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​សង្គម​ប្រជា​ធិ​ប​​តេ​យ្យ ដើម្បី​ធ្វើការ​សម្រេចចិត្ត ប្រកប​​ដោយ​ការយល់ដឹង​។ ការ​រាំងខ្ទប់​គេហទំព័រ​ទាំងនោះ​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​ក្នុងការ​ទទួលបាន​ព័ត៌មាន ដែល​ត្រូវបាន​ធានា​ដោយ​ច្បាប់​។ វា​ក៏បាន​បង្ក​ផលប៉ះពាល់​ដល់​ការងារ​របស់​អ្នកសារព័ត៌មាន​ដែល​ខិតខំ​ធ្វើឱ្យ​អ្នក​រាល់គ្នា​ទទួលបាន​ព័ត៌មាន​ផងដែរ​»​។​

​ចំណែក​លោក​ ណុប វី នាយក​ប្រតិ​ប​ត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ខេ​ម​បូ​ចា​)​ ក៏បាន​ថ្លែង​ដែរ​ថា​៖ «​ព័​ត៌​មាន​គឺ​កាន់​តែមាន​សារៈសំខាន់​ក្នុង អំឡុងពេល និង​មុនពេល​បោះឆ្នោត​ខាងមុខនេះ​»​។ លោក​បន្តថា ការ​ហាមឃាត់​ការទទួលបាន​ព័ត៌មាន​ចម្រុះ​អាច​ជះឥទ្ធិពល​ដល់​សុចរិត​ភាព​នៃ​ការ​បោះឆ្នោត និង​សិទ្ធិ​របស់​អ្នក​បោះ​ឆ្នោត​ក្នុងការ​ទទួលបាន​ព័ត៌មាន​។​

​ស្ថាប័ន​ក្នុងស្រុក និង​ថ្នាក់​តំបន់​ទាំង ​៧ ​នោះ​រួមមាន សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​, មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​,​សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ​,​សហជីព​ជាតិ​អ្នកសារព័ត៌មាន​នៃ​ប្រទេស​ហ្វី​លី​​ពី​ន​,Overseas Press Club of Cambodia, សមាគម​អ្នក​សារព័ត៌​មាន​ទី​ម័​រ និង​សម្ព័ន្ធ​អ្នកសារព័ត៌មាន​ឯករាជ្យ​ឥណ្ឌូនេស៊ី​។​

​លោក​ មាស សុ​ភ័​ណ្ឌ បាន​អំពាវនាវ​ដល់​ស្ថាប័ន​ទាំងនោះ កុំ​យក​លេស​ពី​ដំណើរការ​បោះឆ្នោតជាតិ​នៅ​កម្ពុជា​មក​ទម្លាក់កំហុស​លើ​រាជរដ្ឋាភិបាល ដើម្បី​គ្រាន់តែ​ចង់​បិទបាំង​កំហុស និង​ចេតនា​ទុច្ចរិត​របស់ខ្លួន​។​

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក៏បាន​លើកឡើង​ដែរ​ថា បើ​ពិនិត្យមើល​តាម​ទិដ្ឋភាព​ផ្លូវច្បាប់ សំខាន់​ឱ្យ​ស្ថាប័ន​សារព័ត៌មាន​ទាំង​នោះ ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ត្រឹមត្រូវ គោរព​តាម​គោលការណ៍​ច្បាប់ គោលការណ៍​ក្រមសីលធម៌​វិជ្ជាជីវៈ នោះ​មិន​មានការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន ឬ​បិទ​ស្ថាប័ន​ណាមួយ​ឡើយ​។​

​លោក​ថ្លែងថា​៖ «​ដូច្នេះហើយ​កុំឱ្យ​តែមាន​ការផ្សាយ​ញុះញង់ បំផុសបំផុល និង​បង្កចលាចល​ក្នុងសង្គម​ដែល​ខុសពី​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន អាហ្នឹង​ទើប​ប្រឈមមុខ​តាមផ្លូវ​ច្បាប់ អ៊ីចឹង​វា​អត់​មានការ​រឹតត្បិត​អី​ទេ​»៕