ភ្នំពេញៈ ​គណបក្ស​ភ្លើងទៀន​ប្រកាស​ជំហរ​មិន​គាំទ្រ​យុទ្ធនាការ​គូស​ខ្វែង​សន្លឹកឆ្នោត ហើយ​បដិសេធ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ទង្វើ​នេះ​មិន​ថា ​កើតចេញពី​បុគ្គល​ណា​ឡើយ និង​បានចាត់ទុក​ចលនា​អំពាវនាវ​មិនឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត និង​គូស​សន្លឹកឆ្នោត​ចោល ជា​ទង្វើ​រំលោភបំពាន​ច្បាប់​។ ប៉ុន្តែ​ការប្រកាស​ជំហរ​នេះ ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល​យល់ថា គ្រាន់តែ​ជាការ​លាងខ្លួន​មិនឱ្យ​ជាប់​ពាក់ព័ន្ធ​ផ្លូវច្បាប់​របស់​គណបក្ស​នេះ​ប៉ុណ្ណោះ​។​

​ការប្រកាស​ជំហរ​របស់​គណបក្ស​ភ្លើងទៀន​ដូច្នេះ ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​ខ្លួន​នៅ​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ ឆ្លើយតប​ចំពោះ​ការលើកឡើង​កន្លងមក​ថា គណបក្ស​មួយ​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​បំផុសបំផុល​មិនឱ្យ​ពលរដ្ឋ​ទៅ​ចួ​ល​រួម​បោះឆ្នោត ឬ​គូស​សន្លឹកឆ្នោត​ចោល ឬ​គូស​ខ្វែង​លើ​សន្លឹកឆ្នោត នៅ​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៣ ខែកក្កដា ខាងមុខ​។ បន្ថែម​ពីនេះ គណបក្ស​ភ្លើងទៀន​ចាត់ទុក​​ទង្វើ​នេះ ជាការ​រំលោភច្បាប់ ជាពិសេស​ច្បាប់​ស្តីពី​ការបោះឆ្នោត​។​

​គណបក្ស​បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖«​សូម​ប្រកាស​បដិសេធ មិន​ជាប់​ពាក់ព័ន្ធ និង​មិន​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​បុគ្គល​ទាំងឡាយណា ដែល​ធ្វើ​សកម្មភាព​ប្រាសចាក​ស្មារតី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​នានា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​»​។​

​គណបក្ស​នេះ ក៏​សូម​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ក្នុង​ការចូល​រូ​ម ឬ​មិន​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នេះ ស្របតាម​ឆន្ទៈ​ផ្ទាល់ខ្លួន ដោយ​មិនត្រូវ​រង​ការគាបសង្កត់ បង្ខិតបង្ខំ គំរាមកំហែង បញ្ជា ឬ​ញុះញង់ ពី​សំណាក់​បុគ្គល ឬ​គណបក្ស​ណាមួយ​ឡើយ​។​គណបក្ស​នេះ ក៏បាន​ប្រកាស​រក្សា​សកម្មភាព​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុងការ​អនុវត្ត​ស្មារតី​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តីពី​ការបោះឆ្នោត ច្បាប់​គណបក្សនយោបាយ និង​ច្បាប់​នានា​ទៀត​។​

​ជាមួយគ្នានេះ លោក​រ៉ុង ឈុន អនុប្រធាន​គណបក្ស​ភ្លើងទៀន បានឱ្យដឹង​បន្ថែមថា គណបក្ស​ភ្លើងទៀន​មិនបាន​បង្គាប់បញ្ជា ឬ​ចេញ​យុទ្ធនា​ការឱ្យ​សមាជិក អ្នកគាំទ្រ និង​ពលរដ្ឋ​ឱ្យ​គូស​បំផ្លាញ​សន្លឹកឆ្នោត ឬ​មិន​ទៅ​ចូលរួម​បោះឆ្នោត​ថ្ងៃទី​២៣ កក្កដា នោះទេ ហើយ​គណបក្ស​ផ្តល់​សិទ្ធិ​នេះ​ដល់​បុគ្គល​រៀងៗ​ខ្លួន​ជា​អ្នកសម្រេចចិត្ត​។​លោក​ថ្លែង​ដូច្នេះ​ថា​៖«​គណបក្ស​ភ្លើងទៀន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​អ្នកនយោបាយ និង​ប្រជាពលរដ្ឋ​ក្រៅប្រទេស​ទេ​[​ក្រុម​លោក​សម រង្ស៊ី និង​អ្នកគាំទ្រ​លោក​] ព្រោះ​អ្នក​ទាំងនោះ​ធ្វើជា​សិទ្ធិ​របស់​ពួកគាត់​»​។​

​ជុំវិញ​ការចាប់ខ្លួន​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​ភ្លើងទៀន​មួយចំនួន​វិញ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ញុះញង់​ឱ្យ​វឹកវរ​និង​ចលាចល​សង្គម​នៅមុន​ការបោះឆ្នោត​នោះ លោក​រ៉ុង ឈុន សូម​ច្រានចោល​ការចោទប្រកាន់​ទាំងនោះ ដោយ​លោក​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពិនិត្យឡើងវិញ និង​ដោះលែង​អ្នក​ទាំងនោះ​ឱ្យមាន​សេរីភាព ដោយ​លោក​អះអាងថា អ្នក​ទាំងនោះ​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ឡើយ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ យល់ថា សេចក្តីថ្លែងការណ៍​រប​ស់​គណបក្ស​ភ្លើងទៀន​ជាការ​ប្រកែក​និង​ជាការ​លាងខ្លួន មិនឱ្យ​ពាក់ព័ន្ធ​នឹង​បទល្មើស​កន្លងទៅ​។​

​ទោះជា​យ៉ាងណា​លោក​ថា​៖«​ប៉ុន្តែ​បើ​គេ​រកឃើញ​ភ័ស្តុតាង​មូលដ្ឋាន​ច្បាស់លាស់​ថា គណបក្ស​ភ្លើងទៀន​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទណ្ឌិត​[​លោក​សម រង្ស៊ី​] ពាក់ព័ន្ធ​ការ​ញុះញង់​ប្រជាពលរដ្ឋ​មិន​ឱ្យទៅ​បោះឆ្នោត ឬ​ការបំផ្លា្ញ​ញ​សន្លឹកឆ្នោត​នោះ ក៏ត្រូវ​ទទួលខុសត្រូវ​តាមច្បាប់​ដែលមាន​ចែង​ជា​ធរមាន​ដែរ​»​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​បក្ស​កាន់អំណាច លើកឡើងថា​ការប្រកាស​ជំហរ​របស់​គណបក្ស​ភ្លើងទៀន​នាពេលនេះ គឺជា​រឿង​របស់​បក្ស ដោយឡែក​អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស​ប្រព្រឹត្ត​ប៉ុន្មាន​រូប​ហើយ​ដែលជា​សមាជិក​គណបក្ស​នេះ ហើយក៏​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ដែរ​។​លោក​ថា​៖«​យើង​ដឹង​ហើយ​ថា ការ​គូស​បំផ្លាញ​សន្លឹកឆ្នោត ជា​យុទ្ធនាការ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដឹកនាំ​ដោយ​ទណ្ឌិត​សម រង្ស៊ី​។ អ៊ីចឹង​ទេ បើ​គេ​ចាប់បាន​ជនល្មើស​ច្បាប់​ដែល​បំផុស​ចលនា​នេះ​នៅក្នុង​ស្រុក ហើយ​បើ​ជនល្មើស​នោះ​ជា​សមាជិក​បក្ស​ភ្លើងទៀន​ទៀត​នោះ ទោះ​ខ្លួន​ខំប្រឹង​ធ្វើ​សេចក្តីប្រកាស​បដិសេធ​យ៉ាងណា ក៏​គេច​មិន​រួច​ដែរ​»​។​

​គួរ​បញ្ជាក់ថា មាត្រា ១៤២​ថ្មី​នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ចែងថា​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ទៅ ២០​លាន​រៀល ដោយ គ​.​ជ​.​ប ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត ចំពោះ​ជន​ណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត ណែនាំ ឬ​ញុះញង់​ឱ្យ​អ្នកបោះឆ្នោត​បំផ្លាញ ឬ​ធ្វើឱ្យ​ខូច​សន្លឹកឆ្នោត និង​ធ្វើឱ្យ​បាត់​ទំនុកចិត្ត​លើ​ការសម្ងាត់​នៃ​ការបោះឆ្នោត​៕