ភ្នំពេញៈ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ លោក​ ទៀ បាញ់ បានបញ្ជាក់​ជាថ្មី​ថា ស្ថានការណ៍​វិវឌ្ឍន៍​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ​បន្ត​ស្ងប់ស្ងាត់​ជាធម្មតា ដោយ​កងកម្លាំង​នៅ​មិនទាន់​ប្រទះឃើញ​ដ្រូ​ន​ស៊ើបការណ៍​ណាមួយ ឬ​បច្ចាមិត្ត​ ដែល​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​លើ​ទឹកដី​កម្ពុជា​ ឡើយ​។ ទោះជា​យ៉ាងណា ផ្នែក​ជំនាញ​នៅតែ​បន្ត​ដាក់ពង្រាយ​កម្លាំងយោធា​មួយចំនួន​តូច​ឱ្យ​ប្រចាំការ​ដើម្បី​ឃ្លាំមើល​សភាពការណ៍​ជាក់ស្តែង​ក្នុងករណី​កើតឡើង​ជាយថាហេតុ​។​

​លោក​បាន​ថ្លែង​ឱ្យដឹង​បែបនេះ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ ដោយ​លោក​បញ្ជាក់ថា កន្លងមក រដ្ឋាភិបាល​មានការ​យល់ច្រឡំ​ទៅនឹង​ដំណឹង​ថា​មាន​ដ្រូ​ន ឬ​យន្តហោះ​គ្មាន​មនុស្ស​បើក គ្មាន​ប្រភព​ក្នុង​បុព្វហេតុ​ធ្វើ​ភេរវកម្ម​នៅ​ទឹកដី​កម្ពុជា​។

​ទោះជា​យ៉ាងណា លោក ​ទៀ បាញ់ អះអាងថា ផ្នែក​ជំនាញ​សម្រេច​នៅ​បន្ត​ពង្រាយ​កងកម្លាំង​មួយចំនួន ជាមួយ​អាវុធយុទ្ធភណ្ឌ​ខ្លះ​នៅតាម​គោលដៅ​នៃ​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​ដដែល ទោះបី​ស្ថានការណ៍​បន្ត​ស្ងប់ស្ងាត់​ក្តី ដើម្បី​តាមដាន​សភាពការណ៍ និង​ត្រៀមខ្លួន​ក្នុងករណី​កើតមាន​ភាពអសន្តិសុខ​ណាមួយ​ជាយថាហេតុ​។​

​លោក ​ទៀ បាញ់ បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖«​ការពង្រាយ​កងកម្លាំង អាវុធយុទ្ធភណ្ឌ​ដ៏​ធំធេង​នោះ យើង​មានការ​កែសម្រួល​ខ្លះ ទុក​តែ​សម្រាប់​ពេល​ចាំបាច់ ឬក៏​អាចមាន​បញ្ហា​ពិតប្រាកដ​កើតឡើង គឺ​យើង​អាច​ប្រតិបត្តិការ​បាន​ភ្លាមៗ​»​។​លោក​សង្កត់ធ្ងន់ថា ស្ថានភាព​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម មាន​សភាព​ល្អប្រសើរ ដែល​មិនមាន​អ្វី​ជា​កង្វល់​ឡើយ ដែល​កង​ម្លាំ​ង​ជាតិ​បាន​ត្រៀមខ្លួន​ដោះស្រាយ​គ្រប់ពេលវេលា​ដើម្បី​សន្តិសុខ​ជាតិ​។​

​ចំពោះ​ការ​លើកឡើងថា ការ​ចល័ត​កងកម្លាំងប្រដាប់អាវុធ​ទៅ​បណ្តោយ​ព្រំដែន​កន្លងទៅ និង​ការដាក់​ពង្រាយ​កងកម្លាំង​នោះ​ថា ​ជាការ​បង្ហាញ​សាច់ដុំ និង​ឥទ្ធិពល​យោធា​កម្ពុជា ​របស់​រដ្ឋាភិបាល​មុន​ការបោះឆ្នោតជាតិ​ឆ្នាំ​២០២៣ ត្រូវបាន​លោក ​ទៀ បាញ់ ច្រានចោល​ជុំវិញ​មតិ​ទាំងនេះ​។

​ទន្ទឹមនេះ​លោក​បំភ្លឺថា រដ្ឋាភិបាល​មិនមាន​ចេតនា​បង្ហាញ​ឥទ្ធិពល​យោធា​ខ្លួន​ឡើយ ដែល​ប្រតិបត្តិការ​កន្លងទៅនេះ ​ជាការ​ប្រុងប្រៀប​របស់​ក​ង​ទ័ព​ក្នុង​បុព្វ​ការពារ​សន្តិសុខ​ជាតិ​ប៉ុណ្ណោះ ទោះបី​ដំណឹង​លេចឮ​ណាមួយ​អាច​ពិត ឬ​មិន​ពិត​ក្តី ប៉ុន្តែ​កងទ័ព​ត្រូវតែមាន​ការត្រៀមខ្លួន​ជានិច្ច​។​

​គួរ​បញ្ជាក់ថា កាលពីដើម​ខែកក្កដា លោក ​ទៀ បាញ់ បញ្ជាក់​ផងដែរ​ថា តាមរយៈ​ការដាក់​ពង្រាយ​កងកម្លាំង​ជិត ១​សប្តាហ៍​មិនបាន​ប្រទះឃើញ​ដ្រូ​ន​ស៊ើបការណ៍​ណាមួយ​ឡើយ ដោយ​កងទ័ព​កម្ពុជា​បាន​បំពាក់​ប្រព័ន្ធ​រ៉ា​ដា និង​ឧបករណ៍​ទំនើប​ដើម្បី​ឃ្លាំមើល​សភាពការណ៍​ក្តី ហើយ​នៅ​ថ្ងៃទី​៣ ខែកក្កដា បញ្ជាការដ្ឋាន​កង​អង្គរក្ស​ក៏បាន​ដក​កង​ម្លាំ​ង​របស់ខ្លួន​ខ្លះ​វិល​ចូល​បន្ទាយ​វិញ​ដែរ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា គាំទ្រ​ការបន្ត​ដាក់ពង្រាយ​កងកម្លាំង​ក​ម្ពុ​ជា ​និង​សព្វាវុធ​នៅតាម​បណ្តោយ​ព្រំដែន​នោះ ដើម្បី​ឃ្លាំមើល​បន្ត និង​អាច​ឆ្លើយតបបាន​ភ្លាមៗ​បើ​មាន​បញ្ហា​កើតឡើង ខណៈ​កម្ពុជា​មិនទាន់​បានកំណត់​ព័ត៌មាន​ជាក់លាក់​ពី​ការលេចឮ​ដំណឹង​ដ្រូ​ន​គ្មាន​ប្រភព​កន្លងទៅ​នោះទេ​។

​លោក​ថា​៖«​កម្ពុជា​ ចាំបាច់​ត្រូវតែមាន​ការរៀបចំ​ខ្លួន​បាន​ត្រឹមត្រូវ ​សម្រាប់​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យ របស់ខ្លួន​។ យើង​មិនទាន់បាន​បាញ់​ទម្លាក់​ដ្រូ​ន​ណាមួយ មិនដឹង​ប្រភព ហើយ​យើង​មិនដឹង​ទេ​ថា ក្រុមប្រឆាំង​នៅ​វៀតណាម​អាចមក​សម្ងំ​លាក់ខ្លួន​នៅ​ទឹកដី​កម្ពុជា​ដែរ​ឬ​យ៉ាងណា​នោះដែរ​»​។​ទោះជា​យ៉ាងណា លោក​សង្កេតឃើញថា ទាំង​ភាគី​កម្ពុជា​និង​វៀតណាម​បានបង្ហាញ​សុ​ឆន្ទៈ​រវាង​គ្នា​ និង​គ្នា​ជុំវិញ​ការសហការ​ពង្រឹង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំង​២​។

​គួរ​ជម្រាបជូន​ថា កាលពី​ថ្ងៃទី​២៧ ខែមិថុនា លោកនាយក​រដ្ឋមន្ត្រី បាន​ដាក់ចេញ​បទបញ្ជា​ឱ្យ​កងកម្លាំង និង​ស្ថាប័ន​សន្តិសុខ​ជាតិ​កំពូលៗ ពិសេស​បាន​បញ្ជា​ឱ្យ​អង្គភាព​បញ្ជាការដ្ឋាន​កង​អង្គរក្ស​ក្រោមបង្គាប់​លោក​មេបញ្ជាការ ហ៊ីង ប៊ុន​ហៀ​ង ដឹកនាំ​កងកម្លាំង និង​អាវុធ​សម្រាប់​ប្រតិបត្តិ​ការបាញ់​ទម្លាក់ ដ្រូ​ន ដែល​ត្រូវបាន​គេ​បង្ហោះ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ជាពិសេស​នៅ​មូលដ្ឋាន​ខេត្តមណ្ឌលគិរី រតនគិរី និង​ក្រចេះ ក្រោយ​លេច​ឮថា មាន​ដ្រូ​ន​មួយចំនួន​ហោះចូល​ដែនអាកាស​កម្ពុជា​ដោយ​គ្មាន​ប្រភព ខណៈ​ភាគី​វៀតណាម​បញ្ជាក់ថា មិនមែនជា​របស់ខ្លួន ស្របពេល​មាន​ដំណឹង​ពី​ការ​​បង្ក្រាប​ក្រុម​អ្នកបះបោរ​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម​នៅជាប់​ជាយដែន​កម្ពុជា​៕