ភ្នំពេញៈ ​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​បាន​ត្រៀម​រថ​យន្ត​ក្រុង​ដឹកជ​ញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​​ចំនួន​ ៤៣០ ​គ្រឿង​ និង​បាន​ប្រាប់​ពី​ចំណត​ត្រៀម​ចេញ​ដំណើរ​ចាប់ពី​​ម៉ោង ៥​និង ៣០​ នាទី​ព្រឹក​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​កម្ម​ករ​និយោ​ជិត​ និង​ប្រជា​ពលរ​ដ្ឋនៅ​ភ្នំពេញ​បាន​ជិះ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៣​ ខែកក្កដា ​​ខាង​មុខ ឱ្យ​បាន​គ្រប់​គ្នា​ ​។​

​លោក​ ឃួង ស្រេង អភិ​បាល​រាជ​ធានី​ភ្នំពេញ ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​កាល​ថ្ងៃទី​១៩ ​ខែកក្កដា ​ថា​ ដើម្បី​ជំរុញ​ឱ្យ​ការ​ងារ​ដឹក​ជញ្ជូន​កម្ម​ករ និង​បងប្អូន​ប្រជា​ពលរដ្ឋ​ទៅ​តាម​បណ្តា​ខេត្ត ​អំឡុង​ពេល​បោះ​ឆ្នោត​ ឱ្យ​ទទួល​បាន​ជោគ​ជ័យ​ទៅ​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្តី្រ ហ៊ុន សែន រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀប​ចំ​រថយន្ត​ក្រុង​ចំនួន​៤៣០​គ្រឿង​ក្នុង​នោះ​សម្រាប់​បម្រើ​សេវា​ដឹក​ជញ្ជូន​សា​ធារណៈ​នៅ​រាជ​ធានី​ភ្នំពេញ​ចំនួន​៨០​គ្រឿង​។ ដោយ​ឡែក​សម្រាប់​សេវា​ដឹក​ជញ្ជូន​បងប្អូន​កម្មក​រ​និយោ​ជិត​និង​ប្រជា​ពលរដ្ឋ​ដែល​ធ្វើដំ​ណើរ​ពី​រាជធា​នី​ភ្នំពេញ​ទៅតា​ម​បណ្តា​ខេត្ត និង​ពី​បណ្តា​ខេត្ត​ត្រឡប់​មក​រាជ​ធានី​ភ្នំពេញ​វិញ គឺ​ប្រើ​ប្រាស់​រថយន្ត​ចំនួន​៣៥០​គ្រឿង​។

​លោក​បាន​ប​ន្តថា​៖«ការ​ដឹក​ជញ្ជូន​សា​ធារ​ណៈ​នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ដំណើរ​របស់​បង​ប្អូន​កម្មករ​និយោជិត​និង​ប្រជា​ពលរដ្ឋ​ទៅ​ស្រុកកំ​ណើតនៅ​​ថ្ងៃ​បោះ​ឆ្នោត​​និង​ការ​ផ្តល់​សេវា​ដឹក​ជញ្ជូន​សាធា​រណៈ​ប្រចាំថ្ងៃ​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​នៅ​រាជ​ធានី​ភ្នំពេញ ដោយ​មិន​បង់​ប្រាក់ និង​មិន​ប្រកាន់​និន្នាការ​នយោ​បាយ​ណា​មួយ​ឡើយ​»​។​

​ជា​មួយ​នេះដែរ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ប្រកាស​ប្រាប់​អ្នក​ធ្វើដំណើរ​ពី​ទីតាំង​នៃ​ចំណត​នីមួយៗ​របស់​រថ​យន្ត​ក្រុងទាំ​ង៣៥០​គ្រឿង​នេះ​ផ​ងដែរ​ដែល​នឹង​ចេញ​ដំណើរ​ពី​ម៉ោង​៥:៣០នាទី​ព្រឹក​ពី​ទីតាំង​រាជធានី​ភ្នំពេញ​ ទៅ​បណ្តា​ខេត្ត​ទាំង​២៤នៅ​ថ្ងៃទី​២២ ​ខែក​ក្កដា ឆ្នាំ​២០២៣ គឺ​មាន​គោល​ដៅ​សំខាន់ៗ​ចំនួន​១០​ទីតាំង​។

​ទីតាំង​ទាំង​នោះ​រួម​មាន​ចំណត​មុខ​បញ្ជា​ការដ្ឋាន​​កងរា​ជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​មាន​រថយន្ត​ចំនួន​១៨​គ្រឿង​ ចំណត​សួន​ឧស្សាហ​កម្ម​វឌ្ឍនៈចំនួន​៣៧​គ្រឿង​ ចំណត​សួន​ឧស្សា​ហកម្ម​កាណាឌី​យ៉ា​ចំនួន​១០១​គ្រឿង​។ ចំណត​ផែ​ស្ងួត​សូ​ងួន​ចំនួន​៤៩​គ្រឿង​,ចំណត​មុខ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ចំនួន​២៨គ្រឿ​ង,​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤មុខ​រោង​ចក្រ​ហេន​សឺ​វេន​ចំនួន​១៦​គ្រឿង​,ចំណត​ផ្លូវ៦០​ម៉ែត្រ​(​អតីត​ស្តុ​ប​ក្រុមហ៊ុន​មែរសឺ​ដេ​ស​)ចំនួន ២៥​គ្រឿ​, ចំណត​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ​រ៉ូយ៉ាល់​ចំនួន​២៥​គ្រឿង​, ចំណត​រង្វង់​មូល​នាង​មច្ឆា​(ជ្រោយ​ចង្វារ​) ចំនួន​៣៨​គ្រឿង ​និង​ចំណត​រថយន្ត​ក្រុង​សួន​ច្បារ​ឫស្សី​កែវ​ចំនួន​១៣​គ្រឿង​។ ​ដោយ​ឡែក​សម្រាប់​ទីតាំង​ចេញ​ដំណើរ​ត្រឡប់​ពី​បណ្តា​ខេត្ត មក​រាជ​ធានី​ភ្នំពេញ​វិញ គឺ​នៅ​ថ្ងៃទី​២៤ ​ខែកក្កដា ឆ្នាំ​២០២៣ ។​

​ទន្ទឹម​នឹង​នេះ​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញក៏​បាន​អំពាវ​នាវ​ដល់​ម្ចាស់​ក្រុម​ហ៊ុន និ​ង​ម្ចាស់​រថយន្ត​ដឹក​ជញ្ជូនអ្ន​កដំណើរ​ទាំង​អស់​ឱ្យ​រក្សា​តម្លៃ​ដឹក​ជញ្ជូន​នៅ​ដដែល​ដោយ​ពុំ​ដំឡើង​ថ្លៃក្នុង​ឱកាស​បោះ​ឆ្នោត​ខាង​មុខ​ផង​ដែរ​។​

​បើតាម​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ​ដែល​បាន​រៀបចំ​រថ​យន្ត​ក្រុង​ដើម្បី​ដឹកជ​ញ្ជូន​ប្រជា​ពលរដ្ឋ កម្មករ កម្ម​ការិនី​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​កាន់​បណ្តា​ខេត្ត​នានា​ ពោល​គឺ​រាជរ​ដ្ឋាភិ​បាល​តែង​តែ​ឱ្យ​រៀបចំ​ដូច្នេះ​រៀង​រាល់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ​ណី​ខ្មែរ និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ជា​ដើម​។​

ពាក់​ព័ន្ធ​នឹង​រឿ​ងនេះ ​លោកហុ​ង វណ្ណៈ អ្នកជំ​នាញ​សេដ្ឋកិច្ច​នៃ​វិទ្យា​ស្ថាន​ទំនាក់ទំ​នង​អន្តរ​ជាតិ​នៃរា​ជបណ្ឌិត្យស​ភាកម្ពុជា​បាន​គាំទ្រ​ចំពោះ​អាជ្ញា​ធរ​ក្រុង​ដែល​បាន​គិត​គូរ​ដល់​ពលរ​ដ្ឋ​អំឡុង​ពេល​ដ៏​សំខាន់​នេះ ដោ​យ​លោក​បន្ថែ​មថា ការ​សម្រួល​មួយ​នេះ​នឹង​ជួយ​សន្សំ​សំចៃ​ដល់​ថ្លៃ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​។​

លោក​ថា​៖«ការ​ជួយ​សម្រួល​បែប​នេះវា​​មាន​ប្រយោ​ជន៍​ក្នុង​ការជួយ​សន្សំ​ថ្លៃ​ធ្វើដំ​ណើរ​របស់​ប្រជា​ពល​រដ្ឋ ​ហើយ​ប្រសិន​បើ​មិន​មាន​ការ​គាំទ្រ​បែប​នេះ​ទេថ្លៃ​ដឹក​ជញ្ជូន​តាម​រយៈ​រថយន្ត​ឈ្នូ​លអាច​ខ្ពស់​ជាង​ធម្មតា ​ហើយ​កា​រជួយ​នេះ​ក៏​នឹង​ធ្វើ​ឱ្យ​អ្នក​ដែល​ធ្វើ​ចំណាក​ស្រុក​ពី​ខេត្ត​មក​ធ្វើការ ​ឬ​រៀន​នៅ​ភ្នំពេញ​នឹង​សប្បាយ​ចិត្ត​ថែម​ទៀត​»​។​

កាល​ពី​ថ្ងៃទី​១១ ​ខែកក្ក​ដា លោក​នាយក​រដ្ឋម​ន្ត្រី​ហ៊ុន សែន បា​នចេញ​បញ្ជា​ឱ្យ​លោក ​ឃួ​ង ស្រេង​ អភិបា​ល​រាជធានី​ភ្នំពេញ​បញ្ចេញ​រថយន្ត​ក្រុង​សា​ធា​រណៈ​ចន្លោះ​ពី​៣០០​ទៅ​៣៥០​គ្រឿង​ដើម្បី​ត្រៀម​សម្រួល​លើ​ការ​ដឹកជញ្ជូន​កម្មករ​-​កម្មកា​រិនី​ទៅ​បោះ​ឆ្នោត​នៅ​តាម​បណ្តា​ខេត្ត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៣ ​ខែក​ក្កដា ឆ្នាំ​២០២៣ ខាង​មុខ​៕