
សិស្សានុសិស្ស កំពុងស្តាប់អ្នកជំនាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរពន្យល់ពីបេតិកភណ្ឌ កាលពីថ្ងៃទី២០ ខែកក្កដា។ រូបថត អាជ្ញាធរជាតិអប្សរា
សៀមរាបៈ លោកគ្រូ និងសិស្សានុសិស្ស ចំនួន ២០ នាក់ ពីវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង បានចូលទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។
ការចូលទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នេះត្រូវបានធ្វើឡើងក្រោមការជួយសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា បន្ទាប់ពីសិស្សានុស្សទាំងនេះ បានសិក្សាអំពីមូលដ្ឋានគ្រឹះស្តីពីការអប់រំបេតិកភណ្ឌរួចមក។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា។
លោក ប្រន ប្រេន នាយកវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង បានថ្លែងក្នុងឱកាសដឹកនាំសិស្សានុសិស្សចូលមកទស្សនកិច្ចសិក្សានេះថា លោកគ្រូពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយអាជ្ញាធរជាតិអប្សរា បានបណ្តុះបណ្តាលសិស្ស នៅសាលារៀនលោក អំពីកម្មវិធីអប់រំបេតិកភណ្ឌ។
ក្រោយពេលបានឃើញការរក្សាទុកបុរាណវត្ថុមានតម្លៃមិនអាចកាត់ថ្លៃបានជាច្រើនរាប់រយប្រភេទ លោកគ្រូ ប្រេន បានកោតសសើរអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងថែរក្សាមរតកទាំងនេះ ទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយបានឃើញ បានស្គាល់ និងសិក្សាស្វែងយល់ អំពីមរតកវប្បធម៌របស់ជាតិខ្លួន។
យុវតី យាន យ៉ាន់ សិស្សថ្នាក់ទី១០ Bនៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង បានឱ្យដឹងថា ការសិក្សាកម្មវិធីអប់រំបេតិកភណ្ឌដែលអាជ្ញាធរជាតិអប្សរាបានរៀបចំនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រោះថា នាងគឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌផ្ទាល់តែម្តង។
កញ្ញា យាន យ៉ាន់ និយាយថា ក្រោយពេលសិក្សាចប់ កញ្ញាទទួលបានចំណេះដឹងអំពី ការចូលរួមថែរក្សា អភិរក្សបេតិកភណ្ឌ ជាពិសេសក្រោយបានចូលមកទស្សនា នៅសារមន្ទីរ ធ្វើឱ្យនាងបានដឹងកាន់តែច្បាស់ អំពីជីវភាពរស់នៅរបស់បុព្វបុរស នាសម័យបុរាណ។
សូមបញ្ជាក់ថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយដៃគូអន្តរជាតិ មន្ទីរអប់រំយុវជន និងកីឡា បានបង្កើតឱ្យមានកម្មវិធីអប់រំបេតិកភណ្ឌ ជូនដល់សិស្សានុសិស្សនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួន ដែលមានទីតាំងក្នុងតំបន់បេតិកភណ្ឌ ចាប់តាំងពីអំឡុងឆ្នាំ២០០៧ មក មាននៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ធំ និងខេត្តសៀមរាប៕