
មន្ត្រីពាក់ព័ន្ធក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ កក្កដា។ រូបថត រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ កក្កដាបានបើកកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង ១៤ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ពីការត្រៀមដឹកជញ្ជូនកម្មករ និយោជិក និងប្រជាពលរដ្ឋ ទៅស្រុកកំណើត ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ តាមរយៈរថយន្តក្រុង ប្រមាណ ៣៥០ គ្រឿងទាំងទៅទាំងមកដោយមិនយកប្រាក់។
បើយោងតាមរដ្ឋបាលរាជធានីភ្នំពេញ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញឱ្យការងារដឹកជញ្ជូនកម្មករ និងប្រជាពលរដ្ឋទៅបោះឆ្នោតនេះ ទទួលបានជោគជ័យ ដោយអនុវត្តន៍តាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អនុវត្តតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងប្រមាណ ៣៥០ គ្រឿង ដើម្បីដឹកជញ្ជូន កម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅស្រុកកំណើត ដើម្បីឱ្យពួកគាត់បានទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។
លោកឃួង ស្រេង បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធ ដែលអនុវត្តការងារនេះ ត្រូវបំពេញការងារនេះឱ្យបានល្អ ជាមួយនឹងការបើកបរដោយការប្រុងប្រយ័ត្ន ដើម្បីធានាសុវត្ថិភាពជូនពួកគាត់ ទាំងទៅ និងមកភ្នំពេញវិញចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ កក្កដា។
លើសពីនេះត្រូវដឹកជញ្ជូនពួកគាត់ដោយមិនមានការរើសអើង ហើយចំពោះអាជ្ញាធរខណ្ឌ ដែលមានចំណតនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចុះពិនិត្យ និងសម្រួលលើការងារនេះ ជាមួយនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ៕