
ភ្នំពេញៈ អ្នកស្ម័គ្រចិត្តអូស្ត្រាលីចំនួន ១៤ នាក់ បាននិងកំពុងតែបំពេញការងារដោយស្ម័គ្រចិត្តនៅកម្ពុជានាបច្ចុប្បន្ននេះតាមរយៈកម្មវិធីអ្នកស្ម័គ្រចិត្តអូស្ត្រាលី (AVP) ដែលបានរួមចំណែកក្នុងការជំរុញទំនាក់ទំនងឱ្យកាន់តែល្អរវាងប្រជាជន និងប្រជាជន។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ២១ ខែកក្កដានេះថា ប្រទេសអូស្ត្រាលីកំពុងជួយដល់ប្រជាជនអូស្ត្រាលីដែលកំពុងរស់នៅ និងធ្វើការស្ម័គ្រចិត្តនៅជុំវិញពិភពលោកតាមរយៈកម្មវិធីអ្នកស្ម័គ្រចិត្តអូស្ត្រាលី Australian Volunteers Program (AVP)។
បច្ចុប្បន្ននេះមានអ្នកស្ម័គ្រចិត្តអូស្ត្រាលីចំនួន ១៤ នាក់ ដែលកំពុងតែបំពេញការងារស្ម័គ្រចិត្តនៅក្នុងខេត្តបាត់ដំបង សៀមរាប និងភ្នំពេញ ដើម្បីគាំទ្រដល់អង្គការដៃគូនានាក្នុងស្រុក។ ក្នុងនោះរួមមានអង្គការវិស្វករគ្មានព្រំដែនអូស្ត្រាលី (Engineers Without Borders Australia) មូលនិធិថែទាំភ្នែក (Eye Care Foundation) ក្រសួងអភិវឌ្ឍន៍ជនបទ (Ministry of Rural Development) និងសាកលវិទ្យាល័យជាតិបាត់ដំបង (National University of Battambang – NUBB)។
ស្ថានទូតបានលើកឡើងថា កម្មវិធី AVP នេះបានកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការកសាងភាពជាដៃគូចម្រុះ ប្រកបដោយបរិយាប័ន្ន និងរួមចំណែកដល់កម្មវិធីអភិវឌ្ឍក្រៅប្រទេសរបស់អូស្ត្រាលី។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោកវ៉ាយអេត នាពេលថ្មីៗនេះបានរៀបចំការជួបជុំពេលរសៀលនៅឯគេហដ្ឋានរបស់លោកសម្រាប់ទទួលអ្នកស្ម័គ្រចិត្តអូស្ត្រាលីនៅកម្ពុជា ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចការ និងចែករំលែកបទពិសោធន៍របស់ពួកគេ៕