សៀមរាបៈ គ្រូបង្រៀន​ចំនួន ៤០ រូប នៃ​សាលា​បឋមសិក្សា​វត្តបូព៌ ខេត្ដ​សៀមរាប បាន​ទទួល​វគ្គ​បណ្ដុះបណ្ដាល​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ពី​គ្រូ​ជនជាតិ​កូរ៉េ ស្ដីពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការបង្រៀន និង​រៀន។​

បើ​យោងតាម​ក្រសួង​អប់រំ យុវជន​និង​កីឡា វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន ជាពិសេស​ការប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត (Artificial Intelligent) ដើម្បី​ជំនួយ​ដល់ការ​បង្រៀន-រៀន នៅតាម​សាលារៀន​ដោយ​ផ្អែកលើ​ផែនការ​សកម្មភាព ស្របតាម​បរិបទ​នៃ​បរិវត្តកម្ម​ឌីជីថល ដោយ​បាន​ចូលរួម​ចំណែក​ក្នុងការ​លើកកម្ពស់​ការអប់រំ​បែប​ឌីជីថល​នៅ​កម្រិត​បឋមសិក្សា​ឱ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង។

វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើឡើង​រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ១៩ ខែ​កក្កដា ឆ្នាំ ២០២៣ ដោយបាន​សិក្សា​ជាមួយ​គ្រូ​ជនជាតិ​កូរ៉េ។

ជាមួយគ្នា​នោះដែរ នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើការ​កោតសរសើរ និង​ថ្លែង​អំណរគុណ ដល់​ក្រសួង​អប់រំ​នៃ​សាធារណរដ្ឋ​កូរ៉េ​ក្រោម​ការអនុវត្ត​គម្រោង​ដោយ​វិទ្យាស្ថាន APEC for Collaborative Education (IACE) ដែល​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង​នឹង​ផ្ដល់ឱកាស​ឱ្យ​លោកគ្រូ​អ្នកគ្រូ​នៅ​កម្ពុជា​បាន​ចូលរួម ក៏ដូចជា​ការខិតខំ​និង​ព្យាយាម​សិក្សា​របស់​សិក្ខាកាម​កម្ពុជា​ទាំង ៤០ រូប។

បន្ទាប់ពី​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​លោកគ្រូ អ្នកគ្រូ​នៅតែ​ទទួលបាន​ការគាំទ្រ និង​ការចែករំលែក​ពី​ភាគី​កូរ៉េ អំពី​ផែនការ​សកម្មភាព​ក្នុងការ​បង្រៀន​នៅតាម​សាលារៀន​ជាក់ស្តែង​ផងដែរ។​

សូមបញ្ជាក់​ផងដែរ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រសួង​អប់រំ​នៃ​សាធារណរដ្ឋ​កូរ៉េ មាន​រយៈពេល ៤ ឆ្នាំ ២០២០–២០២៤ ហើយ​ត្រូវបាន​អនុវត្ត​នៅ​សាលា​បឋមសិក្សា​វត្តបូព៌ ខេត្ត​សៀមរាប ក្នុង​គោលបំណង​ផ្ដល់​ឱកាស​សិក្សា​រៀនសូត្រ​ប្រកបដោយ​គុណភាព និង​សមធម៌ តាមរយៈ​ការបញ្ជ្រាប​និង​ប្រើប្រាស់ ICT សម្រាប់​ការអប់រំ ដែល​អាច​ជួយ​ឱ្យ​គ្រូបង្រៀន និង​សិស្សានុសិស្ស​ពង្រឹង​សមត្ថភាព​ឱ្យទាន់​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ពិភពលោក៕