
ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ៦ នាក់ ក្នុងចំណោម ១១ នាក់ដែលត្រូវបាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនទៅតុលាការ។ រូបថត នគរបាល
បន្ទាយមានជ័យៈ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២០ ខែកក្កដា បានរៀបចំសំណុំរឿងនិងជនសង្ស័យចំនួន ១១ នាក់ (ស្រី ១ នាក់) រួមនឹងវត្ថុតាង បញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
បើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា នៅថ្ងៃទី ១៨-១៩ ខែកក្កដា ឆ្នាំ ២០២៣ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានបង្ក្រាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ចំនួន ៣ ករណីដោយឡែកពីគ្នា។
ការចុះបង្ក្រាបនេះបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ១១ នាក់ (ស្រី ១ នាក់) ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ហើយបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងអនុវត្តនីតិវិធីបន្ត។
លោកឧត្តមសេនីយ៍ ស្នងការរង បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាង មាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ៤៩ កូនថង់ ច្រកចូលថង់តែ ១ ទម្ងន់ស្មើ ១១,២៥ ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ។
ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ២ ថង់ ច្រកចូលថង់ តែ ១ ទម្ងន់ស្មើ ៤៧,៦៨ ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ។
ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ ( WY ) ចំនួន ៩៩ គ្រាប់ និងពណ៌បៃតង ១ គ្រាប់ សរុបចំនួន ១០០ គ្រាប់ ស្មើទម្ងន់ ៩ ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ជញ្ជីងសម្រាប់ ថ្លឹង ១ កាំបិតវែងចំនួន ៤ ដើម និងទូរស័ព្ទ ១ គ្រឿង៕