
កំពង់ស្ពឺៈ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនពីការផ្អាកការនាំភ្ញៀវឡើងកម្សាន្តនៅលើភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ភូមិសាស្ត្រខេត្តកំពង់ស្ពឺរយៈពេល ៣ ថ្ងៃក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ នេះ។
សេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានកំពង់ស្ពឺចុះថ្ងៃទី ២០ ខែកក្កដាបានដំណឹងដល់ពលរដ្ឋដែលមានបំណងចង់ឡើងកម្សាន្តនៅលើភ្នំខ្នងផ្សារថា ចាប់ពីថ្ងៃទី ២១ ខែកក្កដា ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងសហគមន៍តំបន់ការពារធម្មជាតិ ផ្អាកការនាំភ្ញៀវឡើងកម្សាន្តនៅលើភ្នំខ្នងផ្សារ។ ក្នុងអំឡុងពេលនេះក៏មិនអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ និងសាធារណជនឡើងទៅលេងកម្សាន្តឡើយ ដោយសារនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧។
មន្ទីរបរិស្ថានកំពង់ស្ពឺបានសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ។ ក្នុងករណីប្រជាពលរដ្ឋ និងសាធារណជនពុំព្រមអនុវត្តន៍តាមសេចក្ដីប្រកាសជូនដំណឹងនេះ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់ ចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
ទាក់ទងនឹងការតំណាងរាស្ត្រអាណត្តិទី ៧ នេះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺក៏បានត្រៀមរថយន្តក្រុងចំនួន ២៥ គ្រឿង ដើម្បីបម្រើសេវាសាធារណៈ ដោយមិនមានការបង់ប្រាក់ និងប្រកាន់និន្នាការនយោបាយសម្រាប់ដឹកជូនបងប្អូនប្រជាពលរដ្ឋក្នុងថ្ងៃបោះឆ្នោតជាតិនេះ៕