
ព្រះវិហារៈ មន្ទីរសុខាភិបាលខេត្តព្រះវិហារសហការជាមួយអាជ្ញាធរមូលដ្ឋានបានបន្តចុះបាញ់ថ្នាំសម្លាប់មូស និងបានណែនាំឱ្យប្រជាពលរដ្ឋសម្អាតលំនៅឋានរបស់ខ្លួន ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាមនៅក្នុងរដូវវស្សានេះ។
លោកគួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ រួមជាមួយសហការី ដោយមានការចូលរួមពីមន្ត្រីអាជ្ញាធរស្រុកជាំក្សាន្ត និងអ្នកស្ម័គ្រចិត្តសុខភាពភូមិបានចុះអង្កេតតាមដានករណីសង្ស័យជំងឺគ្រុនឈាមនៅមណ្ឌលសុខភាពស្រអែម។ នេះបើយោងតាមមន្ទីរសុខាភិបាលខេត្តព្រះវិហារនាថ្ងៃទី ២០ ខែកក្កដា។
លោកគួង ឡូក៏បានធ្វើការណែនាំដល់មន្ត្រីមណ្ឌលសុខភាពពីការស្រាវជ្រាវ រោគសញ្ញាសំខាន់ៗនៃជំងឺគ្រុនឈាម និងការធ្វើរោគវិនិច្ឆ័យ ហើយក្នុងករណីសង្ស័យករណីគ្រុនឈាមត្រូវបញ្ជូនទៅមន្ទីរពេទ្យជាំក្សាន្តឬមន្ទីរពេទ្យខេត្តឱ្យបានទាន់ពេលវេលា។
ក្រៅពីនោះលោកក៏បានណែនាំដល់អាជ្ញាធរ ក្រុមប្រឹក្សាឃុំ ប្រធានភូមិ និងអ្នកទ្រទ្រង់សុខភាពភូមិឱ្យចូលរួមសហការនិងណែនាំដល់ប្រជាពលរដ្ឋសម្អាតលំនៅឋាន ស្របនឹងពាក្យស្លោក «ខ្ញុំនិងក្រុមគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំនិងលំនៅឋានរបស់ខ្ញុំ គ្មានដង្កូវទឹកនិងវត្ថុដែលអាចដក់ទឹកបាន»។
ក្រោយមក លោកនិងសហការីបានបន្តដំណើរទៅមន្ទីរពេទ្យបង្អែកជាំក្សាន្ត ដើម្បីជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន តំណាងមកពីកងពលធំលេខ ៣ មន្ត្រីមន្ទីរពេទ្យបង្អែកជាំក្សាន្ត និងមណ្ឌលសុខភាពឈើទាលគង សែនតេជ: សែនជ័យ មរកត រុងរឿង ៥ ស្តីពីការទប់ស្កាត់និងការព្យាបាលជំងឺគ្រុនឈាម និងពិនិត្យស្ថានភាពជំងឺសម្រាកពេទ្យនៅមន្ទីរពេទ្យជាំក្សាន្តផងដែរ។
មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារក៏បានចុះបាញ់ថ្នាំសម្លាប់មូស ក្នុងភូមិដែលកំពង់រាតត្បាតជំងឺគ្រុនឈាម ស្ថិតក្នុងស្រុកជាំក្សាន្ត ដែលរួមមានភូមិជាំក្សាន្ត ទឹកក្រហម ចាត់តាំង អូរក្សាន្ត និងត្រពាំងធំ៕