ព្រះវិហារៈ រដ្ឋបាលខេត្ត​ព្រះវិហារ​ប្រកាស​បើក​យុទ្ធនា​ការចុះវាស់វែង​កាត់​ឈ្វៀល​ដី​ទំហំ ៣៣៥ ហិកតា នៅ​ភូមិ​ភារកិច្ច សង្កាត់​ប៉ាលហាល ក្រុង​ព្រះវិហារ​ជូន​ពលរដ្ឋ ក្រោយពី​ទទួលបាន​ការសម្រេច​ពី​រាជរដ្ឋាភិបាល។ នេះបើ​យោងតាម​ក្រសួង​ព័ត៌មាន។

ពិធី​ប្រកាស​បើក​យុទ្ធនាការ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ២០ ខែកក្កដា ដោយ​លោក​គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ។ ក្នុង​ទំហំ​ផ្ទៃដី​សរុប ៣៣៥ ហិកតា​នោះ ត្រូវបាន​ចែកចេញជា​ប្រភេទ​ក្បាលដី សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ និង​ក្បាលដី​បម្រុង​របស់​រដ្ឋ ដែល​ក្នុង​នោះដី​បម្រុង​របស់​រដ្ឋ​មាន​ទំហំ ៨៥ ហិកតា​ផងដែរ។

លោក​អភិបាល​បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា រដ្ឋបាលខេត្ត​បានទទួល​សំណើ​ពីសំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ភារកិច្ច ដើម្បី​សុំឱ្យ​ជួយ​វាស់វែង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅលើ​ដីធ្លី​ដែល​ស្ថិត ក្នុង​តំបន់​នោះ។

ក្រោយពី​ទទួលបាន​ការស្នើសុំ​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ តាមរយៈ​រូបលោក​ផ្ទាល់ ប្រមុខ​រដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាតឱ្យ​រដ្ឋបាល​ខេត្ត​ព្រះវិហារ ចាត់ចែង​ក្រុមការងារ ដើម្បី​វាស់វែង​ដីធ្លី​ដែល​ស្ថិត​នៅក្នុង​ចំនុច​តំបន់​ខាងលើ​ជូន​ដល់​ប្រជាពលរដ្ឋ​ទៅតាម​សំណូមពរ។​

ក្នុងឱកាស​នោះ​ផងដែរ លោក​អភិបាលខេត្ត​ក៏បាន​ចូលរួម​អបអរសាទរ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួល​បានការ​យកចិត្ត​ទុកដាក់​គិតគូរ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​វាស់វែង និង​ផ្តល់ជូន​នូវ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូនដល់​បងប្អូន។​

លើសពីនោះ លោក​ក៏បាន​ស្នើឱ្យ​ពលរដ្ឋ​ចុះ​កំណត់​ព្រំដី​របស់​បងប្អូន​ឱ្យបាន​ច្បាស់លាស់​ផងដែរ ដើម្បី​ងាយស្រួល​ក្នុងការ​វាស់វែង និង​ត្រូវ​ចេះ​អនុគ្រោះ អត់ឱន​រវាងគ្នា​និងគ្នា​ដែល មាន​ព្រំដី​ជាប់​គ្នា​។ នេះ​បើ​យោងតាម​ប្រភព​ដដែល​នេះ៕