គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានបង្ហាញ​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់ជំនួយ​បន្ថែមទៀត ដើម្បីឱ្យ គ​.​ជ​.​ប រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត​ឡើងវិញ នៅ​ឆ្នាំ ២០២៦ ដោយហេតុថា សម្ភារ​ចុះឈ្មោះ​បោះឆ្នោត​ដែល​បាន​ប្រើ​មាន​រយៈពេល ១០ ឆ្នាំ​មកហើយ។

ការរំពឹងទុក​របស់​ភាគី​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​ជំនួប​នារ​វាង​លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប និង​ជា​ប្រធាន​ក្រុម​អ្នក​នាំពាក្យ គ​.ជ.ប បាន​ទទួល​ជួប​លោក ណាអូតូ សាកាហ្គុជិ ( Naoto Sakaguchi) ប្រធាន​ក្រុមអ្នក​សង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ មកពី​ប្រទេស​ជប៉ុន​រួមទាំង​សហការី​ចំនួន ៧ រូប ដើម្បី​សម្ដែង​ការគួរសម និង​ស្វែងយល់​ពីការ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី ៧ កាលពី​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣។ ជំនួប​ពិភាក្សា​នេះ បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​ជាង ២ ម៉ោង។​

សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ស្តីពី​ជំនួប​នោះ បានឱ្យដឹងថា លោក ណាអូតូ សាកាហ្គុជិ បាន​រំឭក​អំពី​ការងារ​របស់​លោក​ធ្លាប់ធ្វើ​នៅ​ប្រទេស​កម្ពុជា​ក្នុងនាម​ជា​អ្នកស្ម័គ្រចិត្ត​កាលពី ៣១ ឆ្នាំ កន្លងមក នា​សម័យកាល​អ៊ុនតាក់ និង​លោក​ធ្លាប់ជា​សមាជិក​រដ្ឋសភា​ជប៉ុន​ចំនួន ២ អាណត្តិ។​

លោក​បាន​បញ្ជាក់ថា​៖ «​ការចូលរួម​របស់​គ​ណៈ​ប្រតិភូ​សង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ​មក​ពី​ប្រទេស ជប៉ុន​នៅពេល​នេះ មិនមែន​ចូលរួម​ក្នុងនាម​រដ្ឋាភិបាល​ជប៉ុន​ទេ គឺ​ក្រុម​របស់​លោក​មក​តាម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែលមាន​ទីស្នាក់ការ​នៅ​ប្រទេស​ជប៉ុន ហើយ​ជំនួប​នៅពេល​នេះ លោក​ចង់​ស្វែងយល់ និង​មាន​សំណួរ​មួយចំនួន​ពាក់ព័ន្ធ​នឹងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ ២០២៣ នេះ»។​

ជាការ​ឆ្លើយតប​លោក ហង្ស ពុទ្ធ បាន​ជម្រាបជូន​គណៈប្រតិភូ អំពី​ប្រវត្តិ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ថា នៅ​ឆ្នាំ ១៩៩៣ គឺជា​ការបោះឆ្នោត​ជ្រើសរើស​សភាធម្មនុញ្ញ ដែល​ការបោះឆ្នោត​នោះ បានរៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅកាត់​ថា “UNTAC”។

លោក​បន្តថា ហើយ​នៅ​ឆ្នាំ ១៩៩៨ ប្រទេស​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ដោយ​ខ្លួនឯង និង​បាន​រៀបចំ​ការបោះឆ្នោត​ជាបន្ត​បន្ទាប់​មកទៀតរ​ហូត​មកដល់​បច្ចុប្បន្ន។ រហូតមកទល់​ពេលនេះ គ.ជ.ប បានរៀបចំ​ការបោះឆ្នោត​ដោយ​ខ្លួនឯង​យ៉ាង​ទៀងទាត់ ទាំង​សកល និង​អសកល ចំនួន ១៦ លើក​រួច មកហើយ។​

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​បាន​បញ្ជាក់ថា​៖ «​ឯកឧត្តម ហង្ស ពុទ្ធា បាន​សង្ឃឹមថា តាមរយៈ​អ្នក​សង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ​មកពី​ប្រទេស​ជប៉ុន ដែលមាន​លោក ណាអូតូ សាកាហ្គូជិ នឹង​ជួយ​ជម្រាប​អំពី​តម្រូវការ​របស់ គ.ជ.ប ជូន​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ផ្តល់ជំនួយ​បន្ថែមទៀត ដើម្បីឱ្យ គ.ជ.ប រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត​ឡើងវិញ នៅ​ឆ្នាំ ២០២៦។ ដោយហេតុថា សម្ភារ​ចុះឈ្មោះ​បោះឆ្នោត​ដែល​បាន​ប្រើ​មាន​រយៈពេល ១០ ឆ្នាំ​មកហើយ»។

គ​.​ជ​.​ប ឱ្យដឹងទៀតថា ក្រុម​អ្នកសង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ​បាន​លើកឡើង​នូវ​សំណួរ​មួយចំនួន​ដូចជា ចំនួន​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ការចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ដែល គ.ជ.ប បាន​សម្រេច​បដិសេធ​ចំនួន ២ គណបក្ស សកម្មភាព​ឃោសនា​បោះឆ្នោត ជាដើម។​

ក្នុងនោះដែរ​ក្រុម​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ឆ្លើយតប​ម្ដង​មួយ​សំណួរៗ ដោយបាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ គ.ជ.ប បានទទួល​អ្នក​សង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ​ជាង ៦០០ នាក់ បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​សកល​កន្លងមក​មាន​ចំនួន​ជាង ៥០០ នាក់​តែប៉ុណ្ណោះ។

ចំពោះ​ហេតុផល​ដែល​គណបក្សនយោបាយ​ចំនួន ២ ដែល​ត្រូវបាន គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បដិសេធ ដោយសារ​គណបក្ស​មិនបាន​បំពេញ​លក្ខខណ្ឌ​តាមច្បាប់ និង​តាម​នីតិវីធី។

​រីឯ​ការឃោសនាបោះឆ្នោត គណបក្សនយោបាយ​នីមួយៗ កំពុង​ធ្វើ​សកម្មភាព​តាម​លទ្ធភាព​របស់ខ្លួន​ស្របតាម​នីតិវិធី​ឃោសនា​បោះឆ្នោត ដែល​គិត​មកដល់​ថ្ងៃទី ២០ កក្កដា មាន​រយៈពេល ២១ ថ្ងៃហើយ។​

បន្ថែម​ពីនេះ​ប្រធាន​ក្រុម​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​ថ្លែង​អរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្តល់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នាពេល​កន្លងមក៕​