កំពង់ធំៈ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចល​នវ​ត្តុ​ ៦២៣​ បណ្ណ ​ត្រូវបាន​ចែកជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្តី​តា​ចិន ឃុំ​ទ្រៀល ស្រុក​តាំងគោក​ចំនួន​ ៣៣២ ​គ្រួសារ ​នា​ថ្ងៃទី ​២០​ខែកក្កដា ឆ្នាំ​ ២០២៣ ​នេះ ដើម្បីឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​កាន់កាប់ និង​ប្រើប្រាស់​។

​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចល​នវ​ត្តុ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តកំពង់ធំ​។ ក្នុងចំណោម​៦២៣​បណ្ណ​នោះ​រួមមាន​ដី​លំនៅឋាន ដី​កសិកម្ម និង​ទ្រព្យ​វត្ត​ជាដើម​។ នេះ​បើ​យោងតាម​ក្រសួង​ព័ត៌មាន​នា​ថ្ងៃទី​២១​ខែកក្កដា​។

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ការផ្តល់​បណ្ណ​កម្មសិទ្ធិ​នេះ​គឺ​កើតចេញពី​ការគិតគូរ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​មកលើ​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​មូលដ្ឋាន ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មាន​ឯកសារ​គតិយុត្ត និង​សិទ្ធិ​ស្របច្បាប់​ក្នុងការ​កាន់កាប់ និង​ប្រើប្រាស់​ដីធ្លី​របស់គាត់​ពិត​ប្រាកដ​។ បណ្ណ​កម្មសិទ្ធិ​នេះ​គឺជា​ឯកសារ​គតិយុត្តិ​ត្រូវបាន​ការពារ​ដោយ​ច្បាប់ ធានា​ខុសត្រូវ​ដោយ​រដ្ឋ និង​មិន​អាចមាន​ជនណាម្នាក់​មក​លួច​បន្លំ រំលោភបំពាន​បានឡើយ​។ មិនតែប៉ុណ្ណោះ​វា​ជា​វត្ថុ​មានតម្លៃ​ដែល​អាច​យកទៅ​ប្រើប្រាស់​ដើម្បី​ទាញយក​ប្រយោជន៍​ដូចជា ធានា​សម្រាប់​ការខ្ចីប្រាក់​ពី​ធនាគារ ផ្ទេរ​លក់​-​ទិញ​ឬ​ធ្វើ​អំណោយ​ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ស្របតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​។​

​លោក​ថោង ខុន​ក៏បាន​លើកឡើង​ផងដែរ​ថា ដី​ជា​ជីវិត ដែល​ត្រូវការពារ និង​ប្រើប្រាស់​ឱ្យមាន​និរន្តរភាព​យូរអង្វែង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​។ គ្រប់​ភូមិ​ដែលមាន​ការចុះបញ្ជី គឺជា​ឱកាសល្អ​សម្រាប់​ការរៀបចំ​ភូមិ​របស់ខ្លួន​។ ក្នុងន័យនេះ គណ​:​កម្ម​ការ​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ​ពិនិត្យមើល​ទំហំ​ផ្លូវ​ដែល​គ្រោង​នឹង​ពង្រីក​ទៅ​អនាគត ត្រូវ​រក្សាទុក និង​ចុះបញ្ជី​ជា​ដី​សាធារណៈ​របស់​រដ្ឋ ដូចជា ដី​បឹងបួរ ត្រពាំង ប្រឡាយទឹក​ជាដើម​។ ដី​ដែលជា​ទ្រព្យ​របស់​រដ្ឋ ដូចជា​៖ សាលារៀន មណ្ឌល​សុខភាព វត្ត​អារាម ត្រូវ​ចុះបញ្ជី ឬ​ត្រូវ​ដោះស្រាយ​ករណី​មានការ​រំលោភ​ឱ្យបាន​ច្បាស់លាស់ ចៀសវាង​មានការ​រំលោភ​បន្ថែម​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​មន្ត្រី​ជំនាញ​សុរិយោដី ក្នុងការ​ចូលរួម​វាស់វែង​ដីធ្លី​ឱ្យបាន​យ៉ាងសកម្ម​ថែមទៀត ដើម្បី​ទទួលបាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​នៅ​គ្រប់​ភូមិ​ដែលមាន​ការចុះវាស់វែង​ជា​ប្រព័ន្ធ​។ គ្រប់​ក្បាលដី​ត្រូវ​បោះបង្គោល​ព្រំ​ឱ្យបាន​មុន​ការចុះវាស់វែង​របស់​ក្រុមការងារ​មកដល់​។

​លោក​ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ត្រូវ​ចូលរួម និង​ចលនា​ប្រជាពលរដ្ឋ​ឱ្យ​សហការ​ជាមួយ​ក្រុមការងារ​ចុះបញ្ជី​ឱ្យបាន​ទាន់ពេលវេលា ចៀសវាង​ការមិន​បាន​ចូលរួម ដែល​ធ្វើឱ្យ​ក្បាលដី​ហ្នឹង​ជា​ក្បាលដី​គ្មាន​ទិន្នន័យ​។ លើសពីនោះ ត្រូវ​ដោះស្រាយ​សម្របសម្រួល​វិវាទ​ដែល​ពាក់ព័ន្ធ​នឹង​ព្រំប្រទល់​ឱ្យបាន​ចប់​មុន​ការវាស់វែង​មកដល់​។ នេះ​បើ​យោងតាម​ក្រសួង​ព័ត៌មាន​ដដែល​នេះ​៕