ឧត្តរមានជ័យៈកម្លាំង​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា-ថៃ បន្តចុះ​ល្បាត និងត្រួតពិនិត្យ​បង្គោលព្រំដែន​នៅតាម​គោលដៅ ដើម្បី​តាមដាន​សភាពការណ៍ និងទប់ស្កាត់​ការលួច​ឆ្លងដែន​ខុសច្បាប់ ឬបទ​ល្មើស​ផ្សេងៗ។

កងទ័ព​ជើងគោក​នៃកងយោធពល​ខេមរភូមិន្ទ បានឱ្យ​ដឹងតាម​រយៈ​តេឡេក្រាម​ថា នៅថ្ងៃទី ២២ ខែ កក្កដា​នេះ លោក ឃួន ភិរុណ មេបញ្ជាការ​កងការពារ​ព្រំដែនគោក​លេខ ៤០២ បានបន្ត​ចាត់តាំង​កម្លាំង​គ្រប់កង​ល្បាត ដើរ​ល្បាត​ត្រួតពិនិត្យ​ភូមិសាស្ត្រ និងល្បាត​ត្រួតពិនិត្យ​បង្គោល​សីមា តាមខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា-ថៃ នៅភូមិសាស្ត្រ​ដែល​អង្គភាព​ទទួល​ខុសត្រូវ​គ្រប់ចំណុច​គោលដៅ​ដែលបាន​កំណត់ទុក។ ប្រភពដដែល​បន្តថា៖«ការបន្ត​ចុះល្បាតនេះ ដើម្បីតាមដាន​សភាពការណ៍ និងទប់ស្កាត់​ការលួច​ឆ្លងដែន​ខុសច្បាប់​ឬបទ​ល្មើស​ផ្សេងៗ ស្ថិតក្នុង​សង្កាត់ អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ»។

ក្នុងនោះ​ដែរលោក ឃួន ភិរុណ បានជំរុញ​តាមបណ្តា​កងល្បាត​ទាំងអស់​ត្រូវបង្កើន​សកម្មភាព​ដើរល្បាត​ឱ្យបាន​ជាប់ជា​ប្រចាំ និងត្រូវអនុវត្តន៍​តាមបទ​បញ្ជា​របស់​ថ្នាក់​លើ ក៏ដូចជា​យុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាល ក្នុងការកសាង​ព្រំដែន ជាព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​ល្អ និងការអភិវឌ្ឍ។

ដោយឡែក​កាលពី​ថ្ងៃទី ថ្ងៃទី២១ ខែកក្កដា លោក តន់ ញាន មេបញ្ជាការ តំបន់ប្រតិបត្តិការ​សឹករង​ឧត្ដរ​មានជ័យ បានដាក់​ចេញបទ​បញ្ជា​យ៉ាងម៉ឺងម៉ាត់ ទៅគ្រប់​បណ្តា​កងឯកភាព​ចំណុះ​ទាំងអស់​ត្រូវបន្ត​ចាត់តាំង​កម្លាំង​សហការ​ជាមួយ​អង្គភាព​ជាមិត្ត ចេញយាម ល្បាតត្រួតពិនិត្យ​បង្គោល​សីមា និងបណ្ដាចំណុច​គោលដៅ​ផ្សេងៗទៀត ដែលបាន​កំណត់ទុក ដើម្បី​តាមដាន​ក្តាប់ឱ្យ​ជាប់រាល់​សភាពការណ៍​ប្រែប្រួល តាមខ្សែបន្ទាត់​ព្រំដែន ។

លោក តន់ ញាន មានប្រសាសន៍​ថា៖«ការដឹកនាំ​កម្លាំង ចុះពិនិត្យ​តាមខ្សែ​បន្ទាត់ព្រំដែន​កម្ពុជា-ថៃ ជារៀងរាល់​ថ្ងៃ គឺដើម្បី​អនុវត្តតាម​ផែនការ​បទ​បញ្ជា​របស់​ថ្នាក់​លើ ដើម្បី​ពង្រឹង​ដល់កងកម្លាំង​ប្រចាំការ»។

ជាមួយគ្នា​នេះ លោកក៏​បានដាស់តឿន​ដល់​នាយពល​ទាហាន​ទាំងអស់ ត្រូវបង្កើន​ការយកចិត្ត​ទុកដាក់ អនុវត្ត​ការងារ​តាម​តួនាទី​ដែលថ្នាក់​លើប្រគល់​ជូនឱ្យ​ទទួលបាន​ជោគជ័យ និងសំណូមពរ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវចូលរួម​សហការ សាមគ្គីគ្នា​ឱ្យ​បានល្អ​បន្ថែមទៀតជាមួយ​អង្គភាពមិត្ត ពិសេស​ត្រូវធានា​បាននូវ​ការរក្សា​សុខសន្តិភាព ស្ថិរភាព​ជូន​ប្រជាពលរដ្ឋ និងទប់ស្កាត់​រាល់​សកម្មភាព​បទល្មើស​ឆ្លងដែន​ខុសច្បាប់​ផ្សេងៗ​ដែលអាច​កើតមានឱ្យ​បានទាន់​ពេលវេលា៕