កោះកុងៈ ការសាងសង់​ផ្លូវជាតិ​លេខ​៤៨ ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​១០ និង​ត​ភ្ជាប់​ទៅ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន មកកាន់​តំបន់ឆ្នេរ​កម្ពុជា ដែល​ភ្ជាប់​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ថៃ​ត្រូវបាន​ចាត់ទុកថា ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា​។​

​មាន​សក្តានុពល​ដោយសារតែ​ផ្លូវ​នេះ​បាន​ជួយ​សម្រួល​ដល់​ការតភ្ជាប់ ទំនាក់ទំនង​គមនាគមន៍ និង​ការធ្វើសមាហរណកម្ម​ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស ជាពិសេស​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ក្រុងព្រះសីហនុ សំដៅ​រួមចំណែក​ក្នុងការ​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម វិនិយោគ និង​ការដឹកជញ្ជូន​ដំណាំ​កសិផល និង​កសិឧស្សាហកម្ម ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ឆាប់រហ័ស និង​ចំណាយ​តិច​។​

​ផ្លូវ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ផ្លូវ​អាស៊ាន​ហាយវ៉េ​១២៣ (ASEAN Highway 123) និង​ជា​របៀង​មាត់សមុទ្រ​ខាងត្បូង​របស់​មហា​អនុតំបន់​មេគង្គ GMS (R10)​ផងដែរ​។ នេះ​បើ​យោងតាម​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

​បន្ថែម​ពីលើ​នេះ ផ្លូវ​នេះ​នឹង​ជួយ​ជំរុញ​បន្ថែម​សក្តានុពល តំបន់​ទេសចរណ៍​នៅក្នុង ខេត្តកោះកុង ក៏ដូចជា តំបន់​ទេសចរណ៍​គិរីសាគរ ដែលជា​គោលដៅ​ទេសចរណ៍ ដ៏​សំខាន់​មួយ​នៅ​ភាគ​និរតី​កម្ពុជា និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់ ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេសជិតខាង​។​

​បើតាម​ក្រសួង​សាធារណការ ផ្លូវជាតិ​លេខ​៤៨ មាន​ប្រវែង ១៤៨ គីឡូម៉ែត្រ ចាប់ផ្ដើម​ពី ចំណុចប្រសព្វ​ជាមួយ​ផ្លូវជាតិ​លេខ​៤ ទៅ​បញ្ចប់​នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

​ផ្លូវ​នេះ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​២០២៤ ដោយ​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ ៦៥,១៤ លាន​ដុល្លារ​អាមេរិក​៕