ស្ទឹងត្រែងៈ ប្រធាន​អង្គភាព​អភិវឌ្ឍន៍​សហគមន៍​នៅ​ក្រុមហ៊ុន Rising Phoenix លោក ម៉ក់ សុភាព បានឱ្យដឹងថា បច្ចុប្បន្ន​មាន​កសិករ​ប្រហែល ១០០​ គ្រួសារ កំពុង​ធ្វើស្រែ​នៅក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង ប៉ុន្តែ​ប្រមាណ ៩០% ​ប៉ុណ្ណោះ​នៃ​ចំនួន​កសិករ​សរុប ដាំ​ស្រូវ​សរីរាង្គ និង​ចូលរួម​ក្នុង​កម្មវិធី​ស្រូវ​ត្រយង​។​ឆ្នាំនេះ ក្រុមហ៊ុន Rising Phoenix កំពុង​ផ្តោតលើ​ការជ្រើសរើស​កសិករ​ផ្សេងទៀត​ដែល​មិនទាន់បាន​ចូលរួម​។

​លោក​បញ្ជាក់ថា​៖«​យើង​ក៏​កំពុងធ្វើការ​ដើម្បី​បង្កើន​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​អត្ថប្រយោជន៍​របស់​កម្ម​វិធី ហើយ​យើង​កំពុង​ទន្ទឹងរង់ចាំ​ការចូលរួម​បន្ថែម​ពី​កសិករ​ផ្សេងៗ​ទៀត​ក្នុង​កម្មវិធី​ស្រូវ​ត្រយង​នៅក្នុង​ដែន​ជម្រក​ផងដែរ​»​។​

​លោក​បន្តថា ប្រជាជន​នៅទីនេះ​មាន​ទំនោរ​ជឿថា ពួកគេ​មិនមាន​ដី​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់ ហើយ​ពួកគេ​អាច​កាប់ឆ្ការ​ដីព្រៃ​បាន​។ ដើម្បី​អាច​ចូលរួម​ក្នុង​គម្រោង​ស្រូវ​ត្រយង​បាន កសិករ​ទាំងអស់​ត្រូវ​ផ្តល់ព័ត៌មាន​អំពី​ការប្រើប្រាស់​ដី​របស់​ពួកគេ​មកឱ្យ​យើង ហើយ​ពួកគេ​ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អភិរក្ស​ដោយ​ប្តេជ្ញា​ថា​នឹងមិន​ធ្វើការ​ទន្ទ្រាន​ដី មិន​បរបាញ់ មិន​កាប់​ឈើ ឬ​ប្រើប្រាស់​សារធាតុ​គីមី​នៅក្នុង​ស្រែ​របស់​ពួកគេ​ឡើយ​។

​លោក​ថ្លែងថា​៖«​ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយនេះ យើង​បាន​គូស​ផែនទី​ដើម្បី​កំណត់​ផ្ទៃដី​ស្រែ​កសិករ​បាន​ចំនួន ១៤០០ កន្លែង​នៅក្នុង និង​ជុំវិញ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​។ នៅក្នុង​ដែនជម្រកសត្វព្រៃ ក្រុមការងារ​របស់​យើង​ក៏​កំពុង​តាមដាន​ការអនុលោម​តាម​ការអភិរក្ស ដោយ​ធ្វើការ​សិក្សា និង​ចងក្រង​ជា​ឯកសារ​នូវ​ដីស្រែ​របស់​កសិករ​ដើម្បី​ទប់ស្កាត់​ការពង្រីក​ដីស្រែ​បន្ថែម​នៅក្នុង​ដែនជម្រកសត្វព្រៃ​»​។​

​លោក ម៉ក់ សុភាព បានឱ្យដឹង​ទៀតថា សកម្មភាព​របស់​មនុស្ស​អាចជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ដែល​អាច​បង្រៀន​កសិក​រ​ឱ្យ​ចេះ​រួមរស់​ជាមួយ​សត្វព្រៃ​។ ប៉ុន្ដែ បញ្ហា​ប្រឈម​ទីមួយ គឺ​សត្វ​ឆ្កែ​របស់​កសិករ​។ កសិករ​ជាធម្មតា​ស្នាក់​នៅក្បែរ​វាលស្រែ​របស់​ពួកគេ​ក្នុង​រដូវ​ដាំ​ដុះ ដែលមាន​រយៈពេល​៦​ខែ ដោយ​ពួកគេ​រស់នៅ​ជាមួយ​សត្វ​ឆ្កែ​របស់​ពួកគេ​ដើម្បី​ជួយ​ការពារ និង​ជួយ​ប្រមាញ់​សត្វព្រៃ​។

​បញ្ហា​ទី​ពីរ គឺ​សត្វ​ស្លាប​ដែល​ជិត​ផុត​ពូជ​ដូចជា​សត្វ​ត្រយង​យក្ស និង​សត្វ​ត្រយង​ចង្កំ​កស​ចូលចិត្ត​មករក​ចំណី​ជុំវិញ​វាលស្រែ និង​ធ្វើ​សម្បុក​នៅក្បែរនោះ​។ នៅត្រង់​នេះហើយ ដែល​សកម្មភាព​របស់​មនុស្ស​គឺជា​អាវុធ​មុខ​ពីរ ដោយសារ​វាលស្រែ​បង្កើតបានជា​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ទាក់ទាញ​សត្វ​ស្លាប​មក​ចាប់​សត្វល្អិត​ជា​ចំណី​នៅ​ទីនោះ ប៉ុន្តែ​វា​ក៏​ធ្វើឱ្យ​សត្វ​ស្លាប​ងាយ​រងគ្រោះ​ដោយសារ​មនុស្ស​ផងដែរ​។​

​លោក​បន្តថា កសិករ​បានរស់នៅ​អាស្រ័យ​ផល​មុនពេល​ដែនជម្រកសត្វព្រៃ​នេះ​ត្រូវបាន​បង្កើតឡើង​ទៅទៀត ដូច្នេះ​រាល់​កិច្ចការ​អភិរក្ស​ដែលមាន​ប្រសិទ្ធភាព ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​សហគមន៍​។ ប្រជាពលរដ្ឋ មាន​សក្ដានុពល​ក្នុងការ​ចូលរួម​ក្នុងការ​អភិរក្ស ក្នុង​ការងារ​នៃ​វិស័យ​កសិកម្ម និង​ការអភិវឌ្ឍ​សហគមន៍​នៅ​សៀម​ប៉ាង​។ នៅពេលដែល​ប្រជាពលរដ្ឋ​មាន​ជម្រើស​ចិញ្ចឹមជីវិត​ផ្សេងទៀត នោះ​ពួកគាត់​ប្រាកដជា​កាត់បន្ថយ​ការចូល​ព្រៃ​សម្រាប់​របរ​ចិញ្ចឹមជីវិត ដែល​នឹង​កាត់បន្ថយ​សម្ពាធ​លើ​ធនធានធម្មជាតិ​ក្នុង​ដែនជម្រកសត្វព្រៃ​ផងដែរ​។

​លោក​បញ្ជាក់ថា​៖«​យើង​ក៏​កំពុង​បង្ហាញ​រដ្ឋាភិបាល​ឱ្យ​បានឃើញ​ផងដែរ​ថា វា​មានការ​លំបាក​ខ្លាំង​ប៉ុនណា និង​ត្រូវមាន​ការខិតខំ ក៏ដូចជា​ការចូលរួម​ខ្លាំង​ប៉ុនណា​ដើម្បី​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ដែលមាន​ប្រជាជន​ធ្វើស្រែ​ចម្ការ និង​ប្រើប្រាស់​ធនធានធម្មជាតិ​សម្រាប់​ចិញ្ចឹមជីវិត​របស់​ពួកគេ​នៅក្នុង​នោះ​»៕​