ភ្នំពេញៈ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​លើកឡើងថា ជោគជ័យ​ធំៗ​ ៣ ក្នុង​ឆាកជីវិត​លោក​ គឺ​បានធ្វើឱ្យ​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ​ បន្ទាប់ពី​ខកខាន​អស់​ជាង ​៥០០ ​ឆ្នាំ ការ​​ធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច​ទីផ្សារសេរី​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ជោគជ័យ​​លើ​ការគ្រប់គ្រង​ជំងឺ​កូ​វីដ ​១៩ កន្លងទៅ ដែល​បង្ហាញ​ពី​សមត្ថភាព​លោក​ក្នុងនាម​ជា​មេដឹកនាំ​ប្រទេសមួយ​។​

​ការលើកឡើង​របស់លោក​បែប​​នេះ ធ្វើឡើង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ចិន Phoenix ដែល​ចាក់ផ្សាយ​ជា​សា​ធា​​រណៈ​នៅ​ថ្ងៃទី ​២០ ខែកក្កដា ឆ្នាំ ​២០២៣​។ លោក​បញ្ជាក់ថា លោក​បានសម្រេច​លទ្ធផល​ជោគជ័យ​ជាច្រើន​ក្នុង​ឆាកជីវិត​លោក​ក្នុងនាម​ជា​មេដឹកនាំ​ប្រ​​ទេស​កម្ពុជា ប៉ុន្តែ​លោក​សង្ខេប​ជា ​៣ ​ចំណុច​ធំៗ​។​

​លោក​បានឱ្យដឹងថា ជោគ​​ជ័យ​ទី​១ លោក​បាន​នាំ​ប្រទេស​​កម្ពុជា ​ដែល​ពោរពេញ​ទៅដោយ​សង្គ្រាម និង​ការបែកបាក់ ប្រែ​​ក្លាយ​មកជា​ទឹកដី​ដែល​គ្មាន​ការ​​បែកបាក់ មានការ​បង្រួបបង្រួម​ជាតិ បន្ទាប់​ប្រទេស​នេះ​លែងមាន​ឯកភាព​ជាតិ​រយៈពេល​ជាង​ ៥០០​ ឆ្នាំ​មកហើយ ដោយ​ការ​​ប្រើប្រាស់​វប្បធម៌​សន្ទនា និង​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​លោក​​បានដាក់​ចេញ កែប្រែ​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ​។​

លោក​បាន​សង្កត់ធ្ងន់ថា​៖ «​មិន​ដែលមាន​រដ្ឋាភិបាល​ណា​ដែលមាន​លទ្ធភាព​គ្រប់គ្រង​ទឹកដី​បាន​ទាំងអស់​ទេ គឺ​មានតែ​រដ្ឋា​ភិ​បាល​ខ្ញុំ​មួយគត់​ដែលមាន​លទ្ធភាព​ត្រួតត្រា​ទឹកដី​ទាំងអស់​ដែល​នេះ​ជា​ជោគជ័យ​ធំ​។ យើង​ពន្លត់​សង្គ្រាម​ដោយ​មិន​ប្រើ​​គ្រាប់កាំភ្លើង​សូម្បី ​១​ គ្រាប់ ដែល​មិនទាន់មាន​នៅលើ​ពិភពលោក​នេះ​នៅឡើយ​ទេ​។​

​ជោគជ័យ​ទី​២ លោក​សំដៅ​ដល់​កំណែទម្រង់​វិស័យ​សេដ្ឋ​​កិច្ច​ដែល​ក្នុង​រដ្ឋាភិបាល​លោក​ផ្ទាល់​បាន​ផ្លាស់ប្តូរ​ពី​សេដ្ឋកិច្ច​ផែនការ​មក​សេដ្ឋកិច្ច​ទីផ្សារសេរី ដែល​បើកដៃ​ឱ្យ​ប្រជាជនមាន​សិទ្ធិ​ចូលរួមចំណែក​អភិវឌ្ឍ​សង្គមជាតិ ដោយ​លោក​បញ្ជាក់​​ថា សេដ្ឋកិច្ចកម្ពុជា​បានចេញ​​ពី​បាត​ដៃទទេ​ក្រោយ​របប​ខ្មែរ​​ក្រហម​ឆ្នាំ​ ១៩៧៩​ ក្នុង​ទម្រង់​សេដ្ឋ​​កិច្ច​ផែនការ​មក​ទីផ្សារសេរី​។​

​សម្រាប់​ជោគជ័យ​ធំ​ទី​៣ លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​ថ្លែងថា ជា​ជោគជ័យ​លើ​ការ​គ្រប់គ្រង​ជំងឺឆ្លង​ជាស​កល​កូ​វីដ ១៩ កន្លងទៅ​ថ្មីៗ​នេះ ទោះបី​កម្ពុជា​មិនមែនជា​ប្រទេស​គ្រប់​​គ្រង​បានល្អ​ជាងគេ ប៉ុន្តែ​បើ​ប្រៀប​​ធៀប​ជាមួយ​ប្រទេស​មហា​អំ​​ណា​ច និង​ក្រុម​ប្រទេស​អ្នកមាន​កម្ពុជា​ជា​ប្រទេស​ក្រីក្រ ប៉ុន្តែ​មាន​អ្នក​បាត់​បង់ជីវិត​ក្នុង​សោក​​នាដកម្ម​កូ​វីដ ​១៩ តិចជាង ​ព្រមទាំង​គ្រប់គ្រង​សភាពការណ៍​បានល្អ អាច​បើក​ប្រទេស​វិញ​បាន​ឆាប់រហ័ស​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក​ ពៅ សុខ ទីប្រឹក្សា​ផ្ទាល់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​​ឯកភាព​ចំពោះ​ការលើកឡើង​របស់លោក​ ហ៊ុន សែន ដោយ​លោក​ថ្លែងថា ក្នុងនាម​ជា​អ្នក​​ដឹកនាំ លោក​ ហ៊ុន សែន បានបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​សម្រាប់​ជាតិ ធ្វើឱ្យមាន​ឯក​​ភាព​ជាតិ និង​បូរណភាព​ទឹកដី ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​ជាតិ​តែមួយ ព្រះមហាក្សត្រ​តែមួយ​។​

​លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖ «​គំរូ​វីរភាពរបស់​សម្តេច​ដែល​យុវជន​ជំនាន់​ក្រោយ គួរ​យក​គំរូ​ឬ​យកតម្រាប់​តាម គឺ​កា​រលះ​​បង់​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ជាតិ ប្រ​ជា​ជន​ដោយ​មិន​យក​ខ្មែរ​ណា​ម្នាក់​ធ្វើជា​សត្រូវ​ដោយ​ធ្វើ​យ៉ាង​​ណា​ឈរ​នៅលើ​គោលការណ៍​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ និង​ការអភិវឌ្ឍ​»​។​

​ទីប្រឹក្សានាយករដ្ឋមន្ត្រី​ដដែល​បាន​បន្ថែមថា ក្រៅពី​ភាព​ជោគ​​ជ័យ​ធំៗ​ ៣ ដែល​បាន​រៀបរាប់​​លោក​ ហ៊ុន សែន បានធ្វើឱ្យ​​ពិភពលោក​ស្គាល់​កម្ពុជា​កាន់​​តែ​ច្បាស់​តាមរយៈ​ការអនុញ្ញាតឱ្យ​នាវា​ទេសចរណ៍ Westerdam ចូល​សំចត ការព្យាបាល​ និង​វិធានការ​វ៉ាក់សាំង​ជូន​ជន​​បរទេស និង​ពលរដ្ឋ​ខ្លួន​ឥតគិតថ្លៃ ព្រមទាំង​ភាពជោគជ័យ​លើ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​​ហ្គេម​លើក​ទី​៣២ ជាដើម​។​

​ចំណែក លោក គិ​ន ភា ប្រ​ធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរ​ជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកតាមដាន​ន​យោ​​បាយ​ជាតិលើកឡើងថា លោក​ ហ៊ុន សែន បាន​ស្តារ​មុខមាត់​ និង​កិត្យានុភាព​កម្ពុជា​លើ​ឆាក​​អន្តរជាតិ​ដែល​កម្ពុជា​បាន​បាត់​​បង់​មកវិញ​ពី​ប្រទេស​ហ៊ុមព័ទ្ធ​ដោយ​សង្គ្រាម​មកជា​ប្រទេស​សកម្ម​លើ​នយោបាយ​អន្តរជាតិ​។ ក្នុង​កិច្ចការ​អន្តរជាតិ លោក​មាន​ការទូត​ទន់ភ្លន់ និង​បត់បែន​ហើយ​បម្រើ​ប្រយោជន៍​ជា​ប្រវត្តិ​​សាស្ត្រ​សម្រាប់​ជាតិ​។​

​លោក​បញ្ជាក់ថា​៖ «​សម្តេច ​ហ៊ុន សែន ជា​ឥស្សរជន​ម្នាក់​ដែលមាន​ទេពកោសល្យ​ក្នុង​ភាពជា​អ្នកដឹកនាំ ដែល​លោក​ចេះ​ធ្វើឱ្យ​ខ្មែរ​គ្រប់​និន្នាការ​ន​យោ​​បាយ​ចេះ​ធ្វើការ​ជាមួយគ្នា​បាន ទោះបីជា​អ្នក​ធ្លាប់ធ្វើ​ការប្រឆាំង​គ្នា​ក្នុង​សមរភូមិ​ប្រដាប់អាវុធ ក្នុង​សមរភូមិ​យោបាយ មិន​ថា​អង្គការ​សង្គម​ស៊ីវិល​»​។​

​សម្រាប់​ភាពជា​គំរូ​របស់លោក​ ហ៊ុន សែន សម្រាប់​អ្នកដឹកនាំ​ជំនាន់​ក្រោយ លោក គិ​ន ភា សង្កត់ធ្ងន់​លើ​ផលប្រយោជន៍​​ជាតិ និង​ប្រជាជន​ជាសំខាន់ ការចេះ​ប្រើ​ធនធានមនុស្ស​មិន​ថា មាន​និន្នាការ​ស្រប ឬ​ផ្ទុយ ពិសេស​ឥរិយាបថ​ការទូត​ទន់​​ភ្ល​ន់​តែ​មិន​ទន់ជ្រាយ​ឈរលើ​គោលការណ៍​រក្សា​អធិបតេយ្យ បូរណភាព​ទឹកដី និង​ឯករាជ​​ភាព​ជាតិ​។​

​សម្រាប់​លោក រ៉ូ វណ្ណៈ អ្នក​​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយបាន​លើកឡើងថា លោក ​ហ៊ុន​ ​សែន ជា​មេដឹកនាំ​មួយរូប​ជាប់​ឈ្មោះ​ជា ​«​បុរស​ខ្លាំង​» ព្រោះ​លោក​ប៉ិនប្រសប់​ក្នុងការ​ប្រើ​​ប្រាស់​អំណាច​រឹង​ក្នុង​ឆា​កន​យោ​​បាយ ហើយ​អាច​រក្សា​អំណាច​បានយូរ​ជាងគេ និង​មាន​ឥទ្ធិពល​ម្នាក់ បើ​ប្រៀបធៀប​នឹង​មេ​ដឹក​​នាំ​ដទៃ​ក្នុង​សហ​សម័យនេះ​។​

​លោក​បាន​ប្រាប់ថា​៖ «​ក្រៅពី​ឯកភាព​ទឹកដី​នៅក្រោម​ដំបូល​រដ្ឋាភិបាល​តែមួយ ខ្ញុំ​មើលឃើញ​ពី​ភាពជោគជ័យ​លើ​កំណើន​សេដ្ឋកិច្ចជាតិ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ប្រើ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប៉ុន្តែ​ទោះជា​យ៉ាងណា ការរីកចម្រើន​ទាំង​​នេះ​ក៏បាន​ធ្វើឱ្យ​បាត់បង់​តុល្យភាព​នៃ​ធនធានធម្មជាតិ​ផងដែរ​»​។​

​គួរ​ជម្រាប​ថា លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​យូរ​ជាងគេ​ក្នុង​ពិភពលោក ពោល​​គឺ​ចាប់តាំងពី​អំឡុង​ឆ្នាំ ​១៩៨៥ រហូតមកទល់​បច្ចុប្បន្ន​៕