ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា គិត​មកទល់​ពេល​​នេះ អ្នកប្រើប្រាស់​កម្មវិធី​ម៉ូ​បាល​អ៊ែ​ប «​សុខភាព​យុវជន​» ​បាន​កើនឡើង​រហូតដល់​ជិត ​៥០ ០០០ ​នាក់ ខណៈ​អត្រា​អ្នក​ប្រើ​ភាគច្រើន​មកពី​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្តកំពង់ចាម​។​

​លោក​ រស់ សុ​វាចា អ្នកនាំពាក្យ​ក្រ​​សួង​អប់រំ យុវជន និង​កីឡា បានឱ្យ​​ដឹង​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា​ថា គិត​មកទល់ពេលនេះ អ្នកប្រើប្រាស់​ដែល​បាន​ចុះឈ្មោះ​ក្នុង​កម្មវិធី​ម៉ូ​បាល​អ៊ែ​ប ​«​សុខ​​ភាព​យុវជន​ (Youth Health Mobile App)» ​មាន​សរុប ​៤៦ ០០០​ នាក់ មកពី​ ២៥​ រាជធានី​/​ខេត្ត​។​

​លោក​បាន​ប្រាប់​ដែរ​ថា ក្នុងនោះ​មាន​អ្នកប្រើប្រាស់​ចំនួន ២៧ ២១៧​ នាក់​ មកពី​វិទ្យាល័យ​គោលដៅ​នៃ​ការ​ផ្សព្វ​​ផ្សាយ​កម្មវិធី​អ៊ែ​ប​នេះ ​ដែលមាន​ចំនួន​ ១១៧ ​វិទ្យាល័យ ស្ថិតនៅ​រាជធានី​/​ខេត្ត​គោលដៅ​ចំនួន​ ៩ ​រួមមាន ភ្នំពេញ ខេត្ត​សៀមរាប កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ឧ​ត្ត​រ​មានជ័យ មណ្ឌលគិរី និង​ខេត្តរតនគិរី​។​

​លោក ​រស់ សុ​វាចា បាន​បញ្ជាក់ថា​៖ «​ភាគច្រើន​អ្នកប្រើប្រាស់​ដែល​បាន​ចុះឈ្មោះ​ក្នុង​កម្មវិធី​ម៉ូ​បាល​អ៊ែ​ប សុខ​​ភាព​យុវជន គឺ​មកពី​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​កំពង់ចាម ខណៈដែល​នៅក្នុង​កម្មវិធី​ម៉ូ​បាល​អ៊ែ​ប​នេះ មាន​មាតិកា​ចំនួន ​១៦ ដែល​បាន​ដក​​ស្រង់​ពី​ឯកសារ​មេរៀន​អប់រំ​សុខភាព​ពី​ថ្នាក់​ទី​៥ ដល់ទី​១២ របស់​នាយក​​ដ្ឋា​ន​សុខភាព​សិក្សា នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា​»​។​

​បើតាម​លោក​ រស់ សុ​វាចា មូល​​ហេតុដែល​ក្រសួង​អប់រំ​បង្កើត​ម៉ូ​បាល​​អ៊ែ​ប​នេះ​ឡើង ដោយសារ​ក្រសួង និង​អង្គការ​ដៃគូ​មើលឃើញថា យុវជន​ក្នុង​វ័យ​ទំនាក់ទំនង​ផ្លូវភេទ​ដំបូង​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​មាន​ផ្ទៃពោះ​​ដោយ​មិនបាន​គ្រោងទុក និង​ការ​រំលូតកូន​ដោយ​មិនមាន​សុវត្ថិភាព​ដោយសារ​ការ​​ទទួលបាន​ព័ត៌មាន​នៅមានកម្រិត​។​

​លោក​ រស់ សុ​វាចា បាន​បន្ដថា មួយវិញទៀត ក្នុងសម័យ​ឌីជីថល​នេះ ក្មេងប្រុស​ជំទង់​អាច​មើល​វីដេអូ​មិន​សម​​រម្យ​លើ​ទូរស័ព្ទដៃ​។ ដូច្នេះ​ចំណេះដឹង​អំពី​ការ​រួមភេទ​ប្រកបដោយ​សុវត្ថិ​​ភាព​ ឬ​ពី​ការចម្លង​ជំងឺ​កាមរោគ​អេដស៍​នៅមានកម្រិត ខណៈ​ពួកគាត់​ពុំទាន់​ទទួល​​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​អំពី​សុខ​​ភាព​ផ្លូវភេទ និង​សុខភាព​បន្ត​។​

​លោក​បាន​ថ្លែងថា​៖ «​ដូច្នេះ​ម៉ូ​បាល​​អ៊ែ​ប សុខភាព​យុវជន បាន​ផ្តោតទៅលើ​សេចក្តីត្រូវការ​សម្រាប់​ការទទួលបាន​ព័ត៌មាន និង​សេវា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ ការអប់រំ​ផ្លូវភេទ​គ្រប់​ជ្រុងជ្រោយ យេនឌ័រ និង​ការគាំទ្រ​សុខភាព​ផ្លូវចិត្ត ដើម្បី​ធ្វើឱ្យ​យុវជន​អាចអនុវត្ត​សិទ្ធិ និង​ជម្រើស​របស់​ពួកគេ​បាន​កាន់តែ​ប្រសើរ​»​។​

​ក្រោម​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​រាជ​រដ្ឋា​​ភិ​បាលជ​ប៉ុន ក្រសួង​អប់រំប្ដេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​សម្រាប់​គម្រោង​រួមគ្នា​នេះ​ដើម្បី​អភិវឌ្ឍ និង​អនុវត្ត​ការអប់រំ​ផ្លូវភេទ​តាមបែប​ឌីជីថល និង​គំនិត​ផ្ដួច​ផ្ដើម​ទំនាក់ទំនង​ដោយ​ភាព​ច្នៃប្រឌិត​។​

យោងតាម​ក្រសួង​អប់រំ​បញ្ជាក់ថា កន្លងមកមូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន ​(UNFPA) ប្រចាំ​កម្ពុជា​បានឱ្យដឹងថា ម៉ូ​បាល​អ៊ែ​ប​នេះ​ ​កំណត់​គោលដៅ​សម្រាប់​យុវជន​ក្នុង ​និង​ក្រៅ​សាលា ដែល​អនុញ្ញាតឱ្យ​ពួក​​គេ​ទទួលបាន​ព័ត៌មាន​ចាំបាច់​ជាច្រើន​អំពី​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​​ពូជ​ដែល​ត្រូវបាន​អនុម័ត​ដោយ​ក្រសួង​​អប់រំ យុវជន និង​កីឡា​។ អ៊ែ​ប​នេះ​ក៏​រួមបញ្ចូល​ស្តីពី​យេនឌ័រ សុខភាព​ផ្លូវ​​ចិត្ត ក៏ដូចជា​ជំនួយ​ផ្លូវចិត្ត​ផងដែរ​​សម្រាប់​យុវជន​កម្ពុជា​ទាំងអស់​។​

​ប្រភព​ដដែល​បញ្ជាក់ថា​៖ «​កម្មវិធី​​ម៉ូ​បាល​អ៊ែ​ប​សុខភាព​យុវជន​ត្រូវបាន​បង្កើតឡើង​ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​យុវជន​ក្នុងការ​ទទួលបាន​ព័ត៌មាន​អំពី​ប្រធានបទ​សុខភាព​បន្ត​ពូជ​ជាច្រើន​​ស្របតាម​កម្មវិធីសិក្សា​អប់រំ​ផ្លូវភេទ​ដ៏​​ទូលំទូលាយ​ដែល​ត្រូវបាន​ដាក់បញ្ចូល​​ទៅក្នុង​កម្មវិធីសិក្សា​ថ្នាក់ជាតិ ហេតុ​​ដូច្នេះ​វា​មានការ​ចាំបាច់​សម្រាប់​សិស្សានុសិស្ស​ដែល​រៀន​ចាប់ពី​ថ្នាក់​ទី​៥ រហូតដល់​ថ្នាក់​ទី​១២»​។​

​កម្មវិធី​ម៉ូ​បាល​អ៊ែ​ប ​«​សុខភាព​យុវ​​ជន​»​ ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ក្រុម​​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​យុវជន​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​គម្រោង​នេះ​អនុវត្ត​ដោយ​បណ្តាញ​ទូរ​​ស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ​(Child Helpline Cambodia) និង​អ៊ែ​ប​វិស្វករ Kawsang Co., Ltd ដែលជា​ផលិត​​ផល​រួមគ្នា​ក្រោម​កម្មវិធី​ដែល​គាំទ្រ​ដោយ​មូលនិធិ UNFPA និង​រាជ​​រដ្ឋាភិបាល​ជប៉ុន​៕