​ភ្នំពេញ​: ​នៅ​តំបន់​ជនបទ ការ​​ត​ភ្ជាប់​អ៊ីនធឺ​ណិ​ត​មាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ក​សិ​​កម្ម​ដែល​ប្រជាកសិករ​អាច​ប្រើ​​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ដូចជា​ឧបករណ៍ IoT កា​របញ្ជាដ្រូន និង​ឧបករណ៍​កសិកម្ម​ជាច្រើន​ទៀត ដើម្បី​បង្កើន​ផលិតភាព​។​

​នៅក្នុង​សកម្មភាព​ត្រួសត្រាយ​ផ្លូវ​ដែល​អាច​ផ្លាស់ប្តូរ​វិស័យ​ក​សិ​​កម្ម និង​បច្ចេកវិទ្យា​នៅ​ជនបទ​នៃ​ប្រទេស​កម្ពុជា សហគ្រិន​ ចាន់ តារា បាន​ក្លាយជា​អ្នក​ដំបូង​គេ​ដែល​នាំយក​ប្រព័ន្ធ​អ៊ីន​ធឺ​ណិ​ត​ល្បឿន​លឿន​របស់ Starlink ​ទៅកាន់​តំបន់​។​

​លោក​ តារា បានឱ្យដឹងថា​៖ «​អ៊ីន​ធឺ​ណិ​ត​ល្បឿន​លឿន​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កសិករ​តាម​​រយៈ​ការបើក​ការចូល​ប្រើ​ឧបករណ៍ IOT ទាំងមូល​ប្រព័ន្ធ​បញ្ជាដ្រូន​ និង​កិច្ចការ​កសិកម្ម​ជួ​យស​ម្រួ​ល​ដំណើរការ​ជាច្រើន​ក៏ដូចជា​កាត់​​បន្ថយ​នីតិវិធី​ធ្លាប់​ត្រូវការ​ពីមុន​»​។​

​លោក​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​គោលបំណង​របស់ខ្ញុំ​ គឺ​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​បច្ចេកវិទ្យា និង​ការច្នៃប្រឌិត​កសិកម្ម​ដែល​សហ​​គ្រិន និង​និស្សិត​អាច​ទទួលបាន​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត និង​ការគាំទ្រ​ដើម្បី​បើក​ដំណើរការ​អា​​ជីវ​កម្ម​ផ្ទាល់ខ្លួន​របស់​ពួកគេ​»​។​

​លោក តា​រា ជា​អតីត​អ្នកជំនាញ​ខាង​ឧស្សាហកម្ម​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​ពី Silicon Valley ថ្មីៗ​នេះ​បាន​ផ្លាស់​ទីលំនៅ​ទៅ​ខេត្ត​ព្រះសីហនុ​ដែល​លោក​មាន​កសិដ្ឋាន​ក​សិ​ទេសចរណ៍​នៅ​វាល​​រេញ​មាន​ទំហំ​ ៦០​ ហិកតា និង​ផ្តោត​សំខាន់​លើ​ការដាំដុះ​ទុរេន និង​សាវម៉ាវ​ហើយ​ថ្មីៗ​នេះ​លោក​បាន​ពង្រីក​ដំណាំ​មួយចំនួនទៀត​រួមមាន​វ៉ា​នី​ឡា កា​កាវ ចេក ស្រកានាគ និង​ដូង​។

លោ​កថា ​គោលបំណង​ចុងក្រោយ​ គឺ​បង្កើត​កសិដ្ឋាន​ឆ្លាត​​វៃ ដែល​ដំណើរការ​ដោយ​ស្វ័យ​​ប្រវត្តិ​ដែល​លែង​ពឹង​ផ្អែកលើ​កម្លាំង​​ពលកម្ម ដូចជា​ប្រព័ន្ធ​ធា​រា​សា​​ស្ត្រ​តាមរយៈ​ការប្រើប្រាស់​ឧ​បក​​រណ៍​ចាប់​សញ្ញា​សំណើម និង​ការ​​ព្យាករ​ទឹកភ្លៀង​។ ឧទាហរណ៍ ប្រសិនបើ​ដង្កូវ​ត្រូវបាន​រកឃើញ​ស៊ី​ស្លឹក​វ៉ា​នី​ឡា កាមេរ៉ា​ចាប់​សញ្ញា​ចលនា​នឹង​ជូនដំណឹង​ភ្លាមៗ​ដល់​កម្មករ​ឱ្យ​ចាត់ការ​សត្វ​ចង្រៃ​ទាំង​​នោះ​ភ្លាម​។ លើសពីនេះ រុក្ខជាតិ​នីមួយៗ​នឹង​ត្រូវបាន​បំពាក់​ដោយ​លេខ​កូដ QR ដែល​ផ្តល់ព័ត៌មាន​អំពី​ប្រភេទ​បច្ចេកទេស​សាក​វប្ប​​កម្ម និង​ការតាមដាន​ទិន្នន័យ​រួមទាំង​កាលបរិច្ឆេទ​នៃ​ការបង្ក​កំណើត​ចុងក្រោយ​ផងដែរ​។​

​លោក​ តារា​ ដែល​ធ្លាប់​ធ្វើការ​ក្នុង​ឧស្សាហកម្ម​រថយន្ត​ស្វ័យ​​ប្រ​វ​ត្ដិ​អស់​រយៈពេល​ ៥​ ឆ្នាំ​បាន​និយាយថា​៖ «​ពេល​គំនិត​ទាំង​​នេះ​មិនទាន់​ត្រូវបាន​អនុវត្ត​កសិករ​ពឹងផ្អែក​លើ​អ៊ីន​ធឺ​ណិ​ត​ល្បឿន​​លឿន​ទូរស័ព្ទ​ ឬ Wi-Fi ដើម្បី​បើក​ដំណើរការ​បច្ចេកវិទ្យា ​(IoT)»​។​

​កាលពី​ឆ្នាំមុន​ ខណៈ​ធ្វើការ​នៅ Silicon Valley លោក​ តារា ជួប​បញ្ហា​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ទូរ​​ស័ព្ទ​ជាមួយ​ក្រុមគ្រួសារ​នៅ​ក​សិ​​ដ្ឋា​ន​វាលរេញ ខេត្ត​ព្រះសីហនុ​។

​លោក​ តារា ​ត្រឡប់​មកលេង​ប្រទេស​កំណើត​កាលពី​ខែធ្នូ ឆ្នាំ​មុន ពេល​ទុរេន​កំពុង​ចេញ​ផ្កា​ហើយ​លោក​បាន​សង្កេតឃើញ​ដំណើរ​​ការ​កសិកម្ម​ជាច្រើន​ដូចជា​ការ​​លម្អង ការស្រោចស្រព និង​ការ​​បង្ក​កំណើត​នៅតែ​ធ្វើឡើង​ដោយ​ដៃ​។ ដូច្នេះហើយ​តម្រូវការ​ក្នុងការ​ប្រែក្លាយ​កសិកម្ម​បែប​ប្រពៃណី​ឱ្យទៅជា​ទំនើប និង​បញ្ហា​ប្រឈម​ដែល​បណ្តាលមកពី​កង្វះ​អ៊ីន​ធឺ​ណិ​ត​ក្នុង​តំបន់​មាន​ជំរុញ​ទឹក​ចិ​ត្ដ​លោក តារា ចាត់វិធានការ​ភ្លាមៗ​ដើម្បី​នាំយក​អ៊ីន​ធឺ​ណិ​ត​ល្បឿន​លឿន Starlink មកកាន់​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា​។​

​លោក​និយាយថា​៖ «​វា​ជួយ​ដល់​មុខងារ​មួយចំនួន​ដូចជា​ការ​​ត្រួតពិនិត្យ​កសិដ្ឋាន​តាម​ពេល​​វេលា​ជាក់ស្តែង​កា​រប​ង្ហ្រោះ​ដូន ឬ​ឧបករណ៍​ដាំ​ដុះ​ដោយ​ស្វ័យ​​ប្រវត្តិ និង​ការប្រមូល​ផល​ដោយ​រ៉ូ​បូត ក៏ដូចជា​ការផ្សព្វផ្សាយ​លក់​ផលិតផល​តាម​អន​ឡាញ​។ យើង​នៅមាន​បញ្ហា​ជាច្រើន​ទៀត​ត្រូវ​ដោះស្រាយ​»​។​

Starlink ជា​ផ្កាយរណបុអ៊ីន​ធឺ​ណិ​ត​ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី Elon Musk ដែលមាន​វិសាលភាព​គ្របដណ្តប់​លើ​សកលលោក​តាមរយៈ​ការប្រើ​បណ្តាញ​ផ្កាយរណប​តូចៗ (LEO)​។ លោក​ តារា ​មាន​បទ​ពិ​សោ​​ធន៍​ការងារ​នៅ Aurora Innovation នៅក្រោម​ការដឹកនាំ​រប​ស់លោក Chris Urmson ​បាន​ជំរុញ​ឱ្យ​លោក​មាន​ចំណង់​ចំណូលចិត្ត​ចំពោះ​បច្ចេកវិទ្យា និង​ការច្នៃប្រឌិត​។​

​បន្ទាប់ពី​រយៈពេល​ ៤​ ឆ្នាំ​លោក តា​រា បាន​លាលែង​ពី​ការងារ​នៅ​ចុងខែ​មេសា ឆ្នាំ​ ២០២៣ ដោយ​បានទទួល​ប្រាក់រង្វាន់​ចុងក្រោយ​ និង​ទទួលបាន​កម្មសិទ្ធិ​ពេញ​​លេញ​នៃ​ជម្រើស​ភាគហ៊ុន​។​

​ជាមួយនឹង​គោលដៅ​យូរអង្វែង​ក្នុងការ​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​​កម្ពុជា និង​ប្រើប្រាស់​បទ​ពិ​សោ​​ធន៍​អន្តរជាតិ និង​បច្ចេកវិទ្យា​របស់លោក​បំ​ណង​ប្រាថ្នា​បង្កើត​អា​ជី​​វ​កម្ម​កសិកម្ម​ទំនើប​ត្រូវ​បានគិត​​គូរ​។ ការផ្លាស់ប្តូរ​លំនៅ​ពី Silicon Valley មក​ប្រទេស​កម្ពុជា ​បាន​នាំ​រូបលោក​ឱ្យខិត​ទៅជិត​កសិដ្ឋាន​ក​សិ​ទេសចរណ៍​របស់​គ្រួសារ​នៅ​វាលរេញ ជា​កន្លែង​ដែល​លោក​ត្រូវ​អភិវឌ្ឍ​អាជីវកម្ម​កសិកម្ម​។

លោក​និយាយថា Starlink ត្រូវ​ដំឡើង​នៅ​ទីកន្លែង​ស្រឡះ​ទូលាយ​ដែល​ងាយស្រួល​ចាប់​សេវា​អ៊ីន​ធឺ​ណិ​ត​កាន់តែខ្លាំង​។

​និស្សិត​ក្នុងស្រុក ១​ ក្រុម ​ដែល​បាន​បង្កើត CAM-Smart Irrigation ជា​ប្រព័ន្ធ​បដិវត្តន៍​វិធី​​សាស្ត្រ​ធ្វើ​កសិកម្ម​បែប​ប្រពៃណី​ទៅជា​ទំនើប​ដោយ​សន្សំសំចៃ​ពេលវេលា ទឹក និង​កាត់បន្ថយ​កម្លាំង​ពលកម្ម​សម្រាប់​កសិករ​ដែល​វា​មាន​សមត្ថភាព​រកឃើញ​កម្រិត​សំណើម​ដី និង​ផ្ញើ​ព័ត៌មាន​ថ្មី​ភ្លាមៗ​ទៅកាន់​ទូរស័ព្ទ​របស់​ពួកគេ​ដោយ​ធានាថា ដំណាំ​ទទួលបាន​ទឹក​តាម​តម្រូវការ​។​

​ដើម្បី​ធ្វើឱ្យ​រឿង​ទាំងនេះ​កើត​​ឡើង​កញ្ញា​ នាក់ សុខ​ឃីម អាយុ ​២០ ​ឆ្នាំ ​ជា​និស្សិត​ផ្នែក​វិស្វកម្ម​ព័​ត៌​​មាន​វិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិ​​ន្ទ​ភ្នំពេញ​ថ្លែងថា វា​ទាមទារ​ការ​​ត​ភ្ជាប់ុអ៊ីន​ធឺ​ណិ​ត​ជាមួយ​ទូរស័ព្ទ ​ដើម្បី​គ្រប់គ្រង​ឧបករណ៍​ឆ្លាត​វៃ​។ កញ្ញា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​បើសិន​តំបន់​គ្មាន​ប្រព័ន្ធ​អ៊ីន​ធឺ​ណិ​ត​ទេ ការប្រើប្រាស់​ប្រាកដជា​ជួប​ការលំបាក ដោយ​វា​មិនអាច​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​បញ្ជា​លើ​ទូរស័ព្ទដៃ​បានឡើយ​»​។

​ឧបករណ៍​ទទួល​ផ្កាយរណប​ និង​រ៉ោ​ត​ទ័​រ Wi-Fi មានតម្លៃ ៦០០​ ដុល្លារ ​រួមជាមួយ​នឹង​ថ្លៃ​សេវា​ប្រចាំខែ​ ២០០​ ដុល្លារ ​សម្រាប់​សេវា​អ៊ីន​ធឺ​ណិ​ត​ជាស​កល​។​

​ប៉ុន្ដែ​វា​មាន​ចំណុចខ្សោយ​ដោយ​ចាញ់​អាកាសធាតុ​ភ្លៀង​ធ្លាក់ និង​មាន​ពពក​ច្រើន​។ លោក​ តារា​ បាន​បន្ដថា​៖ «​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​មួយ​របស់ Starlink គឺ​អ្នក​អាចយ​កវា​ទៅគ្រប់​ទីកន្លែង​មិន​ថា ​អ្នក​ទៅ​បោះតង់​នៅលើ​ភ្នំ​ ឬ​ជិះទូក​ទៅកាន់​កោះដាច់​ស្រយាល​នោះទេ​»​។ គំនិត​ផ្តួចផ្តើម​នេះ​បានបង្ហាញ​ពី​ចំណុច​ស្នូល​នៃ​បច្ចេក​​វិទ្យា និង​កសិកម្ម​ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ការច្នៃប្រឌិត​ដែល​គាំទ្រ​ទាំង​សហ​​គ្រិន និង​និស្សិត​នៅ​កម្ពុជា​៕