​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី ​២៤ កក្កដា បានប្រកាស​ឱ្យដឹងពី​ចំនួន​សន្លឹកឆ្នោត​មិនបានការ​ដែលមាន​ជាង ​៤៤​ ម៉ឺន​សន្លឹក ប៉ុន្តែ​មិនបាន​ឱ្យដឹងពី​ចំនួន​សន្លឹកឆ្នោត​ដែល​គូស​ខ្វែង និង​ក៏​ពុំទាន់​បានប្រកាស​ឱ្យដឹងពី​លទ្ធ​​ផល​បោះឆ្នោត​បណ្តោះអាសន្ន​នោះដែរ ខណៈដែល​មានការ​ផ្សព្វផ្សាយ​ក្រៅផ្លូវការ​ថា គណ​បក្ស​ប្រជាជន​កម្ពុជា ​(CPP)​ ឈ្នះ​បាន ​១២០ ​អាសនៈ និង​គណបក្ស​ហ្វុិន​​ស៊ិនប៉ិច​ឈ្នះ​បាន ​៥ ​អាសនៈ​។​

​លោក សោម សូ​រី​ដា អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ប្រាប់ឱ្យដឹង​នា​រសៀល​ថ្ងៃទី ​២៤ ខែកក្កដា​ថា សន្លឹកឆ្នោត​ក្នុង​ហិប​សរុប​មាន​ចំនួន ៨ ២១២ ៤១១ សន្លឹក ក្នុងនោះ​សន្លឹកឆ្នោត​បានការ​សរុប​ចំនួន ៧ ៧៧២ ៦១៥ សន្លឹក និង​សន្លឹកឆ្នោត​មិនបាន​ការសរុប​ជាង​ ៤៤ ​ម៉ឺន​សន្លឹក​។​

​លោក​បញ្ជាក់ថា​៖ «​សន្លឹកឆ្នោត​មិនបាន​​ការ​នេះ មាន​ចំនួន​ជាង ៤៤ ម៉ឺន​សន្លឹក ស្មើនឹង​ប្រមាណ​ជា ​៤% ប៉ុណ្ណោះ​ដែល​ចំនួន​នេះ​តិចជាង បើ​ធៀប​ទៅនឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ​ឆ្នាំ​ ២០១៨»​។ លោក សោម សូ​រី​ដា ថ្លែង​ទៀតថា ចំពោះ​សន្លឹកឆ្នោត​ដែល​ពលរដ្ឋ​គូស​ខ្វែង​ចោល គ​.​ជ​.​ប មិនដឹង​ចំនួន​ទេ គឺមាន​តែ​នៅ​កន្លែង​គណៈកម្មការ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​ប៉ុណ្ណោះ​ដែល​បានដឹង ពីព្រោះ​សន្លឹក​​ឆ្នោត​ខ្វែង​នេះ ត្រូវបាន​វេច​ខ្ចប់ ដាក់បញ្ចូល​ក្នុង​កញ្ចប់​ពិសេស ​(​កញ្ចប់​សុវត្ថិភាព ​«​ក​»)​ ដែល​មិនអាច​ធ្វើការ​បើក​បាន​នោះទេ និងមិនមាន​បញ្ជាក់​នៅក្នុង​កំណត់ហេតុ​នៃការរាប់​សន្លឹកឆ្នោត​ផងដែរ​។​

​លោក​និយាយថា​៖ «​អ៊ីចឹង​! សន្លឹកឆ្នោត​មិនបានការ គឺជា​សន្លឹកឆ្នោត​មាន​គំនូស​ច្រើន​លើសពី​ ១ សន្លឹកឆ្នោត​មិនមាន​គំនូស សន្លឹកឆ្នោត​គូស​ខ្វែង ឬ​ប្រឡាក់ ធ្វើឱ្យ​បាត់​ផ្នែក​មួយ​នៃ​សន្លឹកឆ្នោត​តាម​កំណត់​របស់ គ​.​ជ​.​ប​។ យ៉ាងណាក៏ដោយ នៅក្នុង​កំណត់ហេតុ យើង​អត់​បានធ្វើ​ចំណាត់​ថា្នក់​សន្លឹកឆ្នោត​មិនបានការ​នេះ​ទេ​»​។​

​ទោះយ៉ាងណា គជប មិនទាន់​ប្រកាស​ឱ្យដឹងពី​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា​នេះ ​នៅឡើយ​ទេ ប៉ុន្តែ បើ​យោងតាម​ការ​ផ្សព្វ​​ផ្សាយ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​របស់​ឯក​សារ​មន្ត្រី​សាធារណៈ នៅ​យប់​ថ្ងៃទី​ ២៣ ខែកក្កដា​ អះអាងថា នៅ​ទូទាំង​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ ១២០ ​អាសនៈ និង​គណបក្ស​ហ្វុិន​ស៊ិនប៉ិច ឈ្នះ ៥​ អាសនៈ​ចំណែក​គណបក្ស​ចំនួន​ ១៦ ​ផ្សេងទៀត​មិន​ទទួលបាន​អាសនៈ​ទេ​។​

​ប្រភព​ដដែល​ថា គណបក្ស​ហ្វុិនស៊ិនប៉ិច ឈ្នះ ៥ ​កៅអី នោះ​មាននៅ​រាជធានី​ភ្នំពេញ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកណ្តាល និង​ខេត្តកំពង់ធំ​។​ជុំវិញ​លទ្ធផល​ក្រៅផ្លូវការ​នេះ លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ថ្លែងថា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នេះ​ប្រជា​​ពលរដ្ឋ​ខ្លះ​មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​ចេញទៅ​បោះឆ្នោត ដោយសារតែ​មិនមាន​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់​។ ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​ដែល​បាន​ចេញទៅ​បោះឆ្នោត ក៏មាន​ការ​ឆ្លាត​វៃ​ក្នុងការ​​ជ្រើសរើស​គណបក្ស​លំដាប់​ទី២ ផងដែរ គឺ​គណបក្ស​ហ្វុិន​ស៊ិនប៉ិច​។

​លោក​ថ្លែងថា​៖ «​ការ​ចេញទៅ​បោះឆ្នោត​របស់​ពលរដ្ឋ ជ្រើសរើស​គណបក្ស​ហ្វុិន​ស៊ិនប៉ិច ជា​គណបក្ស​លំដាប់​ទី ​២ នេះ ក៏​ពួកគាត់​មិន​ចង់ឃើញ​រដ្ឋសភា មានតែ​ ១​ គណបក្ស​នោះទេ​។ ត្រង់ចំណុច​នេះ ពួកគេ ចង់ឱ្យមាន​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​នៅ​កម្ពុជា ប៉ុន្តែ​បើ​គិតពី​សារ​នយោបាយ​របស់​គណបក្ស​នេះ​វិញ​ក៏​មិនមាន​ទម្ងន់​ដែរ​សម្រាប់​ពលរដ្ឋ​»​។​

​លោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធាន​គណ​បក្ស​ខ្មែរ​រួបរួម​ជាតិ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក នា​ថ្ងៃទី​ ២៤ ខែកក្កដាថា យោងតាម​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រនីតិកាល​ទី​៧ ឆ្នាំ ២០២៣ ប្រកាស​ដោយ គ​.​ជ​.​ប គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ពុំទាន់​ទទួលបាន​សំឡេង​គ្រប់គ្រាន់​ក្នុងការ​ទទួលបាន​អាសនៈ​នៅ​រដ្ឋសភា​នៅឡើយ​ទេ​។

លោក​ថា​៖ «​សូម​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៣​ កក្កដា ឆ្នាំ​ ២០២៣​ យ៉ាងច្រើន​កុះករ​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ខិតខំ​ព្យាយាម​តស៊ូ​ក្នុង​វិស័យ​នយោបាយ​បន្តទៀត​ ដើម្បី​បុព្វហេតុ​កម្ពុជា និង​ប្រជាពលរដ្ឋ ជា​ចម្បង​ទី​១»​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ នា​ថ្ងៃទី​ ២៤ ​កក្កដា ប៉ុន្តែ​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​វិទ្យុ​នៅ​បរទេស ​១ នា​យប់​ថ្ងៃទី​ ២៣ ខែកក្កដា លោក​បាន​លើកឡើងថា ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាងច្រើន​លើសលប់​បាននាំគ្នា​ទៅ​បោះឆ្នោត​ដោយមាន​របៀបរៀបរយ និង​មាន​ឆន្ទៈ​មោះមុត​ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​ជាមួយគ្នា​នោះដែរ លោក​ក៏បាន​ថ្លែង​បញ្ជាក់​ផងដែរ​ថា ៖ «​តាម​គោលការណ៍​ច្បាប់​អ្នក​ដែល​ប្រើ​សិទ្ធិ​របស់គាត់​លើ​ការ​​គូស​សន្លឹកឆ្នោត​អត់​ខុស​ទេ ទោះជា​គូសត្រូវ ឬ​គូស​មិនត្រូវ​ក៏ដោយ ប៉ុន្តែ​អ្នក​ដែល​ញុះញង់​ឱ្យគេ​គូស​បំផ្លាញ​សន្លឹកឆ្នោត​គឺជា​អ្នក​មានទោស​។ អ៊ីចឹង​! គឺ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​»​។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បានលើកឡើង​ថា នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ប្រជាពលរដ្ឋ​កម្ពុជា​ប្រុស​ស្រី ដែលមាន​សិទ្ធិ​បោះឆ្នោត បាន​ចេញទៅ​បោះឆ្នោត​រហូតដល់​ទៅជា​ង ៨៤%​។ នេះ​ជា​ភាគរយ​ខ្ពស់បំផុត​ចាប់តាំងពី​ឆ្នាំ​ ២០០៣ មក​។

​លោក​បាន​បញ្ជាក់ថា​៖ «​ភាគរយ​នៃ​អ្នក​ចេញទៅ​បោះឆ្នោត​ដ៏​ខ្ពស់​នេះ​បង្ហាញថា ពលរដ្ឋ​កម្ពុជា​ជ្រើស​រើសយក​ការប្រើប្រាស់​សិទ្ធិ​ជាជាង​ការជាន់​ឈ្លី​សិទ្ធិ​របស់ខ្លួន​, យក​ប្រជាធិបតេយ្យ​ជាជាង​អនាធិបតេយ្យ​, យក​ការស្រឡាញ់​សន្លឹកឆ្នោត ជាជាង​ការបំផ្លាញ​សន្លឹក​ឆ្នោត​, យក​សន្តិភាព ជាជាង​ភាពចលាចល​សង្គម និង​ជ្រើស​រើសយក​គណបក្ស​ប្រ​ជា​ជនកម្ពុជា ជាជាង​គណបក្ស​ផ្សេង​»​។

​លោក គិ​ន ភា បន្តថា ៖ «​និយាយ​រួម គឺ​ប្រជាពលរដ្ឋ​បន្ត​ជ្រើស​រើសយក​សម្តេច​តេ​ជោ ហ៊ុន សែន បដិសេធ លោក សម រង្ស៊ី​។ លោក សម រង្ស៊ី រង​ភាព​អា​ម៉ាស់​យ៉ាងដំណំ​ក្នុង​ល្បែងភ្នាល់​ដែល​ខ្លួន​ឯង​បង្កើតឡើង​តាមរយៈ​ការប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ពហិការ​ការបោះឆ្នោត ឬ​បំផ្លាញ​សន្លឹកឆ្នោត​ដោយ​ចាត់ទុកថា ជា​អ្នក​នៅ​ខាង​ខ្លួន​»​។​

​ប្រធាន គ​.​ជ​.​ប លោក ប្រាជ្ញ ចន្ទ នៅ​ល្ងាច​ថ្ងៃទី​ ២៣ ខែកក្កដា បានធ្វើការ​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ និង​គណបក្សនយោបាយ​ទាំងអស់ បន្ត​រក្សា​ភាព​ស្ងៀម​ស្ងាត់ ដើម្បី​បង្ក​បរិយាកាស​ល្អ​ក្រោយពេល​បោះឆ្នោត និង​រង់ចាំ​លទ្ធផល​បោះ​​ឆ្នោត​ជា​ផ្លូវការ​។ លោក​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​ ៧​ ថា ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​ ២០២៣​ នេះ ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ សន្តិសុខ សុវត្ថិភាព និង​មាន​សណ្ដាប់ធ្នាប់​ល្អ គ្មាន​អំពើហិង្សា គ្មាន​ការ​គំរាមកំហែង​។

​លោក ប្រាជ្ញ ចន្ទ បន្តថា ៖«​ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​សូម​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ ដើម្បី​បង្ក​បរិយាកាស​ល្អ​ក្រោយពេល​បោះឆ្នោត និង​រង់ចាំ​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវ​ការដែល​ចេញ​ដោយ គ​.​ជ​.​ប​»​។ បើតាម​លោក ប្រាជ្ញ ចន្ទ លទ្ធផល​នៃ​ការបោះឆ្នោត​ផ្លូវ​​ការ​នឹង​ប្រកាស​នៅ​ចន្លោះ​ពីថ្ងៃ​ទី​៩ ខែសីហា ដល់​ថ្ងៃទី​ ៤ ខែកញ្ញា ឆ្នាំ​ ២០២៣៕