​ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៉ារ​ទី​ដូ ដឺ នូ​ណូ ណា​ប៊ី​ម (Partido de Nuno Nabiam) នាយក​រដ្ឋ​មន្ត្រី​ហ្គី​ណេ​ប៊ី​ស្សូ​ (Guinea-Bissau) ដោយបាន​ជជែក​ពី​គោលដៅ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង ​២​ ទាំង​កិច្ចសហការ​វិនិយោគ និង​វិស័យ​នានា​។​

​ជំនួប​ពិភាក្សា​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ល្ងាច​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា បន្ទាប់ពី​កម្ពុជា​បានបញ្ចប់​ការបោះឆ្នោត​ជ្រើស​​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​។ នេះ​បើ​យោងតាម​លោក​ ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​។ លោក ​ស្រ៊ី ថាមរុង្គ ថ្លែងថា ក្នុងជំនួប​នេះ លោក​ហ៊ុន​សែន ថ្លែងអំណរគុណ​លោក ប៉ារ​ទី​ដូ ដឺ នូ​ណូ ណា​ប៊ី​ម ដែល​បាន​ចូលរួម​សង្កេត​ការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ដោយផ្ទាល់​។​

​លោក​បន្តថា​៖​ «​សម្តេចនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា សម្តេច​ចង់​មាន​កិច្ចព្រមព្រៀង​លើ​ឯកសារ​នានា​មួយចំនួន ជាពិសេស​ពាក់ព័ន្ធ​កិច្ច​សហ​ប្រតិបត្តិការ​វិស័យ​ក​សិ​កម្ម វិស័យ​វិ​និ​យោគ​និង​កិច្ចព្រមព្រៀង​ដទៃទៀត​ដែល​អាចធ្វើ​ទៅបាន នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្គី​ណេ​ប៊ី​ស្សូ​នៅ​ថ្ងៃ​ខាងមុខ​»​។

​ក្រៅពីនេះ អំឡុងពេល​ពិសា​អាហារ​ពេល​ល្ងាច​ក្រៅផ្លូវការ​រួមជាមួយ​គ​ណៈ​ប្រតិភូ ដែល​បាន​អញ្ជើញ​មក​ទស្សន​កិច្ចការងារ និង​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​បង្ហើប​ពី​ការរៀបចំ​អ្នក​បន្តវេន​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​ក្រោយ​ការបោះ​​ឆ្នោត​នេះ ខណៈ​នាយករដ្ឋមន្ត្រី​ហ្គី​ណេ​ប៊ី​ស្សូ​សន្យាថា នឹង​ខិតខំ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​ដឹកនាំ​ដោយ​លោក ​ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​លោក​ ហ៊ុន​ សែន​។ នេះ​បើតាម​លោក​ ស្រ៊ី ថាមរុង្គ​។​

​ទន្ទឹមនឹង​នេះដែរ នា​ថ្ងៃទី ​២៤ ខែកក្កដា នាយករដ្ឋមន្ត្រី​ហ្គី​ណេ​ប៊ី​ស្សូ ក៏បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោ​ក ស ខេង ផងដែរ ខណៈ​លោ​កស ខេង ចាត់ទុក​ការអញ្ជើញ​មក​សង្កេត​ការណ៍​បោះឆ្នោត​ដោយផ្ទាល់​របស់លោក ​ប៉ារ​ទី​ដូ ដឺ នូ​ណូ ណា​ប៊ី​ម ថា ជាការ​ផ្តល់​តម្លៃ​ដល់​ការបោះឆ្នោត​សកល​ឆ្នាំ​ ២០២៣ របស់​កម្ពុជា​ស្របតាម​លទ្ធិ​ប្រជាធិបតេយ្យ និង​ការពង្រឹង​បន្ថែមទៀត លើ​ទំនាក់ទំនង​ទ្វេភាគី​ប្រទេស​ទាំង ​២​ ដែលមាន​ថ្មីថ្មោង​។

យោងតាម​ហ្វេ​ស​ប៊ុ​កលោក ស ខេង បានឱ្យដឹងថា ភាគី​ទាំង ​២​ បានបង្ហាញ​ពី​ការគាំទ្រ​គ្នា​លើ​ការតភ្ជាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ ពិសេស​ការចែករំលែក​បទពិសោធន៍​រវាង​ក​ង​កម្លាំង​នៃ​ប្រទេស​ទាំង ​២ លើ​សន្តិសុខ​និង​សុវត្ថិភាព សណ្តាប់​​ធ្នាប់​សង្គម បន្ថែម​លើ​កិច្ច​សហប្រតិបត្តិ​កា​រលើ​វិស័យ​កសិកម្ម​។

​លោ​ក ស ខេង លើកឡើងថា​៖ «​ស្ថាន​ភាពជា​រួមមានភាពល្អប្រសើរ​ចាប់តាំងពី​ដំណាក់កាល​យុទ្ធនាការ​រហូតដល់​ថ្ងៃ​បោះឆ្នោត​ដែល​បិទ​បញ្ចប់​ជា​ស្ថាពរ​កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា ហើយ​ឆ្លងតាម​បទពិសោធន៍​រៀបចំ​ការបោះឆ្នោត​ជាច្រើន​អាណត្តិ​មកនេះ អ្នកនយោបាយ​នៅ​កម្ពុជា​បាន​ចូលរួម​គោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​បាន​យ៉ាង​ល្អប្រសើរ​»​។

​លោក​បាន​បន្ថែមថា ប្រជាពលរដ្ឋ​វិញ ក៏បាន​បំពេញ​តួនាទី និង​សិទ្ធិ​របស់ខ្លួន​យ៉ាង​ត្រឹមត្រូវ កាន់​តែមាន​ភាពចាស់ទុំ​ពី​ដំណើរការ​បោះឆ្នោត​មួយ​ទៅ​ដំណើរ​ការបោះឆ្នោត​មួយ​ដោយ​លោក​ចាត់ទុក​ភាព​វិជ្ជមាន​និង​រីកចម្រើន​នេះ ថា​ដោយ​​សារ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ខ្លួនឯង​ផ្ទាល់ ព្រមទាំង​ការចូលរួមចំណែក​ពី​បណ្ដា​មិត្តភក្ដិ​បរទេស និង​សហគមន៍​អន្តរជាតិ​ផងដែរ​។​

​ជាការ​ឆ្លើយតប នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ហ្គី​ណេ​ប៊ី​ស្សូ​បានបង្ហាញ​ក្ដី​រីករាយ​ដែល​បានមក​បំពេញ​ទស្សនកិច្ច​កម្ពុជា តប​តាម​ការអញ្ជើញ​របស់លោក ហ៊ុន សែន និង​ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា នា​ឆ្នាំ ​២០២៣​។ បើ​យោង​តាមរយៈ​ហ្វេ​ស​​ប៊ុ​ក លោក ស ខេង លោក ប៉ារ​ទី​ដូ ដឺ នូ​ណូ ណា​ប៊ី​ម បាន​ប្រា​ប់លោក ស ខេង ថា ចាប់តាំងពី​ពេលមកដល់​កម្ពុជា លោក​បាន​ទស្សនកិច្ច​នៅតាម​ការិយាល័យ​បោះឆ្នោត​មួយចំនួន និង​បាន​ពិនិត្យមើល​ពី​ដំណើរការ​បោះឆ្នោត​ដែលមាន​លក្ខ​ណៈ​ប្រហាក់ប្រហែលគ្នា​នឹង​ការបោះ​ឆ្នោត​នៅ​ប្រទេស​គី​ណេ​ប៊ី​ស្សូ​ដែរ​។

​លោក​បាន​បញ្ជាក់ថា លោក​ក៏​ទទួលបាន​បទពិសោធន៍​ថ្មីៗ​ផងដែរ អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា​ពិសេស​ការបោះ​​ឆ្នោត​ដោយ​សន្តិវិធី និង​សន្តិភាព​។​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក យង់​ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​សម្លឹង​មើលឃើញ​ពី​សារៈសំខាន់ ដែល​កម្ពុជា​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​នានាមិន​ថា ប្រទេស​អ្នកមាន​ឬ​ប្រទេស​ក្រីក្រ ជាក់​ស្តែង​ប្រទេស​ហ្គី​ណេ​ប៊ី​ស្សូ​នេះ​ស្រាប់​។​

​លោក​និយាយថា​៖ «​យើង​បានបង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ដែល​មិនមាន​ការ​រើសអើង បើកទូលាយ មិន​ចំពោះ​មាន​ឬ​ក្រ​ទេ យើង​ក៏​ធ្លាប់ជា​ប្រទេស​ក្រ​នោះដែរ​។ កម្ពុជា​យល់​ពី​ចំណុច​នេះ កម្ពុជា​មិនអាច​រើសអើង​នោះទេ​។ នេះ​ជាការ​គាំពារ​គ្នា​ក្នុង​កិច្ចការ​អន្តរជាតិ​ដែល​មិនចាំបាច់​ប្រទេស​មាន ឬ​ក្រ​ឡើយ​»​។​

​លោក ​យង់ ពៅ បញ្ជាក់ថា ការពង្រីក​ទំនាក់ទំនង​ការទូត​ពិតជា​សំខាន់ ដែល​អាចជួយ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​បាន​តួយ៉ាង​ការបោះឆ្នោត​គាំទ្រ​ក្នុង​យន្ត​ការ​អង្គការសហប្រជាជាតិ​។ ទិដ្ឋភាព​នេះ​នឹងធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​បើកទូលាយ​ក្នុង​កិច្ចការ​អន្តរជាតិ ខណៈ​កម្ពុជា​មិនត្រូវ​កំណត់​ខ្លួន​តែ​ក្នុង​តំបន់​អាស៊ាន ឬ​អាស៊ី​នោះទេ​។​

​គួរ​ជម្រាប​ថា លោក ប៉ារ​ទី​ដូ ដឺ នូ​ណូ ណា​ប៊ី​ម បានមក​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​កម្ពុជា​រយៈពេល​ ៤ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ​២១ ដល់​ថ្ងៃទី ​២៤ ខែកក្កដា ឆ្នាំ​ ២០២៣​ ក្នុង​គោលដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា និង​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ដោយផ្ទាល់​នៅ​ថ្ងៃទី ​២៣ ខែកក្កដា ឆ្នាំ ​២០២៣៕