ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានឱ្យដឹងថា ក្រសួង​ប្រៃសណីយ៍​បាននិងកំពុង​ផ្តោត​ខ្លាំង​លើ​សកម្មភាព​អាទិភាព​ចំនួន ​៣ ដើម្បី​កសាង​ធនធានមនុស្ស​ក្នុង​វិស័យ​ឌីជីថល សំដៅ​ឈានទៅ​ពង្រឹងសមត្ថភាព​សិស្ស​-​និស្សិត ចាប់​​តាំងពី​ថ្នាក់បឋមសិក្សា​ដល់​ឧ​ត្ត​មសិ​ក្សា​។

​ការលើកឡើង​នេះ ត្រូវបាន​បង្ហាញ​នៅក្នុង​ពិធី​បិទ​វគ្គប​ណ្ដុះ​​បណ្ដាល​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​កម្រិត​មូលដ្ឋាន​របស់​និស្សិត​នៃ​មូលនិធិ​សូ​ហ្វ​វែ​រ​កូរ៉េ​សម្រាប់​ជំនួយ​ជាស​កល​ (KSGA) កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​

​នៅក្នុង​ឱកាស​នោះ លោក សូ វិ​សុ​ទ្ធី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ថ្លែងថា ក្នុងនាម​ជា​សេនា​ធិ​ការ​របស់​រាជរដ្ឋាភិបាល​ទទួលបន្ទុក​វិស័យ​ឌីជីថល ក្រសួង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការជំរុញ​បរិវត្ត​កម្ម​រដ្ឋាភិបាល​ឌីជីថល និង​ការចាប់យក​ឌីជីថល​ក្នុង​ក្រសួង​ស្ថាប័ន វិស័យ​ឯក​​ជន និង​សង្គមជាតិ​ទាំងមូល​។

​លោក​បាន​បន្តថា ក្រសួង​បាន​ផ្ដោត​ការយកចិត្តទុកដាក់​ជា​អាទិភាព​លើ​ការកសាង​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ឌីជីថល​ដើម្បី​ពង្រឹងសមត្ថភាព​សិស្ស​-​និស្សិត ចាប់តាំងពី​ថ្នាក់​បឋម​សិក្សា​ដល់​ឧ​ត្ត​ម​សិក្សា​ឱ្យ​ចាប់​​អារម្មណ៍ និង​ជ្រើសរើស​ជំនាញ​ឌីជីថល​ជា​យាន​ឆ្ពោះទៅ​អាជីព​ការងារ​នាពេល​អនាគត និង​ដើម្បី​បំពេញតម្រូវការ​អ្នកជំនាញ​បច្ចេកវិទ្យា​ឥតឈប់ឈរ​។​

​លោក​ សូ វិ​សុ​ទ្ធី បាន​បញ្ជាក់ថា​៖ «​ក្រសួង បាននិងកំពុង​ផ្តោត​ខ្លាំង​លើ​សកម្មភាព​អាទិភាព​ចំនួន​ ៣ ដើម្បី​កសាង​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ឌីជីថល រួមមាន​៖ ១.​ នៅ​កម្រិត​បឋម​សិក្សា និង​អនុវិទ្យាល័យ ក្រសួង​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ជា​ច្រើន​ដូចជា កម្មវិធី​អនាគត​បញ្ញវន្ត​ឌីជីថល និង​កម្មវិធី ​Technovation ដើម្បី​លើកកម្ពស់​ចំណេះដឹង​ឌីជីថល ជំរុញ​ការ​​ចាប់យក​ឌីជីថល និង​ប្រកួត​ប្រជែង​នានា​»​។​

​លោក​បាន​បន្តថា​៖ «​ទី​២ នៅ​កម្រិត​វិទ្យាល័យ ក្រសួង​ក៏បាន​ចាប់ផ្ដើម​រៀបចំ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​ដល់​គ្រប់​វិទ្យាល័យ ព្រមទាំង​ត​ភ្ជាប់​បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក និង​អ៊ីន​ធឺ​ណិ​តទៅ​ដល់​គ្រប់​ឃុំ​-​សង្កាត់ ត្រឹម​ឆ្នាំ​ ២០២៧ ដោយ​ចាប់​ផ្តើមដំបូង​ចេញពី​ខេត្តតាកែវ និង​កម្ម​វិធី​ប្រកួតប្រជែង​បញ្ញវន្ត​ឌីជីថល​»​។​

​ចំណែក​ទី​៣ លោក​ថា នៅ​កម្រិត​ឧ​ត្ត​មសិ​ក្សា ក្រសួង​នឹង​ជួយ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​និង​អ៊ី​ន​ធឺ​ណិ​ត មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ឌីជីថល និង​ប្រព័ន្ធគ្រប់គ្រង​សាកលវិទ្យាល័យ​ដែល​បម្រើ​ដល់​ការងារ​ប្រចាំថ្ងៃ និង​ការសិក្សា​របស់​និស្សិត​ក្នុងករណី​មានការ​ស្នើសុំ​ពី​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នានា​។​

​ទាក់ទង​នឹង​ចំណុច​នេះ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរ​ជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លោក​ គិ​ន ភា នៅ​ថ្ងៃទី​ ២៤ ខែកក្កដា បាន​គាំទ្រ​សកម្មភាព​អភិវឌ្ឍន៍​វិស័យ​ឌីជីថល​នៅ​កម្ពុជា​ដោយ​លោក​ថា ការ​បង្កើន​ការយកចិត្តទុកដាក់​លើ​វិស័យ​ឌីជីថល​ចាប់ពី​ថ្នាក់​បឋម​សិក្សា​ដល់​ឧ​ត្ត​ម​សិក្សា​គឺ​រឿង​សំខាន់​ដើម្បី​កសាង​ធនធានមនុស្ស​ឆ្នើម​លើ​វិស័យនេះ​នាពេល​អនាគត​។​

​លោក​បាន​ថ្លែងថា​៖ «​គុណ​តម្លៃ​នៃ​វិស័យ​ឌីជីថល ពិតជា​ជំ​រុញឱ្យ​យុវជន ពិសេស​សិ​ស្សា​នុ​-​សិស្ស​កម្ពុជា ទទួលបាន​ឱកាស​ការងារ​ល្អ​ថែមទៀត ហេតុនេះ​ខ្ញុំ​យល់ថា ការកសាង​ធនធានមនុស្ស​ គឺជា​រឿង​សំខាន់បំផុត​ក្នុង​ការឈាន​ឆ្ពោះទៅ​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុ​ជាកា​ន់​តែ​ខ្លាំង​»​។​

​បើតាម​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្រៅពី​សកម្ម​​ភាព​អាទិភាព​ទាំង ៣​ នេះ ក្រសួង​ក៏បាន​អះអាង​ទៀតថា បច្ចុប្បន្ន​ក្រសួង​ក៏បាន​គិតគូរ​អំពី​ការ​កសាង​ធនធានមនុស្ស​ឆ្នើម​ក្នុង​យុគសម័យ​ឌីជីថល​តាមរយៈ​កម្មវិធី​ ២​ ទៀតផង​ដែរ​។​

​កម្មវិធី​នោះ គឺ​កម្មវិធី​អាហា​​រូបករណ៍​ទេពកោសល្យ​ឌីជីថល​តេ​ជោ​(Techo Digital Talent Scholarship) ​ដែល​បច្ចុប្បន្ន​មាន​និស្សិត​សរុប​ចំនួន​ ៥០៨​ នាក់ ដែល​កំពុង​សិក្សា​នៅ​គ្រឹះ​ស្ថាន​ជា​ដៃគូ​ចំនួន​ ៥ និង​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ឌីជីថល ​(Digital Skill Development Program)​ ដែល​កំពុង​រៀបចំ​និង​ដាក់ឱ្យ​ដំណើរការ​នាពេល​ឆាប់ៗ​ខាងមុខ​៕