ភ្នំពេញៈ ក្រសួងការបរទេស​ក​ម្ពុ​ជា​លើកឡើងថា ការបោះឆ្នោត​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា បាន​ឆ្លុះ​​បញ្ចាំង ​«​យ៉ាងពិត​ប្រាកដ​» ពី​ភាពចាស់ទុំ​ខាង​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ដែល​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ការប្តេជ្ញាចិត្ត «​ឥត​​ងាករេ​»​ ចំពោះ​ពហុបក្ស​នយោបាយ និង​ប្រជាធិបតេយ្យ​ប្រកបដោយ​សន្តិ​ភាព ខណៈ​ប្រ​ធានា​ធិ​ប​តិ​ចិន​អបអរ​គណបក្ស​ប្រជាជន​កម្ពុជា ​(CPP)​ ដែល​ទទួលបាន​ជ័យជម្នះ​។​

​ក្រសួង​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍ ​កាលពី​ថ្ងៃទី ​២៤ ខែកក្កដាថា​៖ «​ការ​បោះឆ្នោត​សកល​ឆ្នាំ ២០២៣ ឆ្លុះ​​បញ្ចាំង​យ៉ាងពិត​ប្រាកដ​ពី​ភាពចាស់ទុំ​ខាង​ប្រជាធិបតេយ្យ​របស់​កម្ពុជា​តាមរយៈ​ចំនួន​អ្នកចូលរួម​បោះឆ្នោត​ដ៏​ច្រើន​លើសលប់ និង​ធម្មានុរូប​នៃ​ការបោះ​​ឆ្នោត​ដូចដែល​បាន​ត្រូវ​បញ្ជាក់​ដោយ​ភាព​ចម្រុះ​នៃ​ក្រុម​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​»​។

​ក្រសួង​បន្ថែមថា​៖ «​ក្នុងនាម​ជា​ប្រទេស​អធិប​តេ​យ្យ​និង​ឯករាជ្យ កម្ពុជា​នៅតែ​ប្រកាន់​ខ្ជាប់​នូវ​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់ខ្លួន​ចំពោះ​ពហុបក្ស​នយោបាយ និង​ប្រជា​ធិ​ប​តេ​យ្យ​ប្រកបដោយ​សន្តិភាព ដោយ​គិត​គូរ​ពី​លក្ខណពិសេស​ដោយឡែក ប្រវត្តិ​​សាស្ត្រ​ដ៏​សោកនាដកម្ម និង​វប្បធម៌​របស់​ប្រទេស​»​។​

​ការចេញ​សេចក្តីថ្លែងការណ៍​នេះ​ធ្វើឡើង​ក្រោយពី​ក្រសួង​បានកត់សម្គាល់​លើ​មតិ​ជាច្រើន​ជុំវិញ​ការបោះឆ្នោត​សកល​នៅ​កម្ពុជា កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា ដោយ​ក្រសួង​បាន​គូសបញ្ជាក់​ពី​ការ​​សង្កេត​ដោយផ្ទាល់​និង​ផ្អែកលើ​ការពិត​នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​។​

​ក្រសួង​បានលើកឡើង​ពី​ប្រជា​ធិ​ប​តេ​យ្យ​ដ៏​រស់​រវើក​តាមរយៈ​អត្រា​អ្នក​ចូល​រួម​បោះឆ្នោត​ជាង ៨,២​ លាន​នាក់​ដែល​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ពួកគេ​ស្របតាម​រដ្ឋធម្មនុញ្ញ​ក្នុងការ​ជ្រើសរើស​គណបក្ស​នយោបាយ​និង​អ្នកដឹកនាំ​នាពេល​អនាគត​ដែល​ពួកគេ​ជឿថា​អាចដឹកនាំ​ប្រទេសជាតិ​បាន​ប្រសើរ​បំផុត​នៅលើ​មាគ៌ា​សន្តិ​ភាព ស្ថិរភាព និង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​។

​ក្រសួង​បញ្ជាក់ថា អត្រា​អ្នកចូលរួម​បោះឆ្នោត​ ៨៤,៥៨ ​ភាគរយ​ដែល​លើស​ការបោះឆ្នោតជាតិ​ចំនួន​ ៤ ​លើក​កន្លង​ទៅ ចាប់តាំងពី​ឆ្នាំ​ ២០០៣ គឺជា​ការ​បង្ហាញ​យ៉ាងច្បាស់​ពី​ភាពរស់រវើក​នៃ​ប្រជាធិបតេយ្យ​របស់​កម្ពុជា និង​ឆ្លុះ​បញ្ចាំង​ពី​ការជឿទុកចិត្ត​របស់​ប្រជា​ពល​​រដ្ឋ​ក្នុង​ដំណើរការ​បោះឆ្នោត​។​

​ក្រសួង​បាន​បន្ដថា​៖ «​អត្រា​អ្នកបោះឆ្នោត​ដ៏​ខ្ពស់បំផុត​នេះ​បង្ហាញ​ពី​កា​រប​ដិ​សេធ​យ៉ាងច្បាស់​ចំពោះ​ការអំពាវនាវ​ឱ្យធ្វើ​ពហិការ​ការបោះឆ្នោត និង​យុទ្ធនាការ​លាប​ពណ៌​ដែល​រៀបចំឡើង​ដោយ​ក្រុមប្រឆាំង​ជ្រុលនិយម​ក្នុង​គោលបំណង​ឱ្យមាន​ការផ្លាស់ប្តូរ​រប​ប​តាមរយៈ​វិធីសាស្ត្រ​មិនមែន​ប្រជាធិបតេយ្យ​។​សិទ្ធិ​អធិបតេយ្យ និង​ស្វ័យ​សម្រេច​របស់​កម្ពុជា ត្រូវតែ​ទទួលបាន​ការគោរព​ដោយ​តួអង្គ​ខាងក្រៅ​ទាំងអស់​»​។​

​ក្រសួង​បាន​បន្ថែមថា ដំណើរ​ការបោះ​​ឆ្នោត​នេះ​ត្រូវបាន​ចូលរួម​ធ្វើជា​សាក្សី «​មិន​លម្អៀង​»​ ដោយ​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន​ ៤២២ ​នាក់ តំណាងឱ្យ​ ៦៥ ​សញ្ជាតិ មកពី​ ៦១​ ស្ថាប័ន រួមមាន អង្គការ​អន្តរជាតិ រដ្ឋាភិបាល​បរទេស អង្គទូត និង​សហគមន៍​អាណិកជន​កម្ពុជា​នៅ​បរទេស​។ ដំណើរការ​បោះឆ្នោត​នេះ​ក៏ត្រូវ​បាន​តាមដាន ដោយ​ភ្នាក់ងារ​គណ​បក្សនយោបាយ​ជិត​ ៦ ​ម៉ឺន​នាក់ និង​អ្នកសង្កេតការណ៍​ជាតិ​ឯករាជ្យ​ចំនួន ៩ ​ម៉ឺន​នាក់​ដែល​បានបញ្ជាក់​អំពី​ភាពត្រឹមត្រូវ និង​តម្លាភាព នៃ​ការបោះឆ្នោត​។

​ក្រសួង​បន្តថា​៖ «​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​អ្នកសង្កេតការណ៍​ខាងលើ​បង្ហាញ​យ៉ាងច្បាស់​ថា ការបោះឆ្នោត​សកល​នៅ​កម្ពុជា​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី យុ​ត្តិ​ធម៌ មាន​តម្លាភាព សន្តិភាព និង​ប្រកប​ដោយ​បរិ​យា​ប័ន្ន ព្រមទាំង​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​តាមច្បាប់​ជា​ធរមាន​»​។​

​ក្រសួង​បាន​បន្តថា ដំណើរការ​បោះឆ្នោត​នេះ​គឺជា​ឧទាហរណ៍​ជាក់ស្តែង​នៃ​ពហុបក្ស​នយោបាយ​ពិតប្រាកដ​ដោយ​ផ្តល់ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​និង​គណ​បក្សនយោបាយ​រៀងៗ​ខ្លួន​នូវ​ឱកាស​ស្មើភាព និង​យុត្តិធម៌​ក្នុង​ការចូលរួម​ប្រកួតប្រជែង​នយោបាយ​នៅក្នុង​ដែន​កំណត់​នៃ​ច្បាប់​។​

​ទាក់ទិន​នឹង​ការបោះឆ្នោត​នេះ ប្រ​ធានា​ធិបតី​ចិន លោក Xi Jinping នៅ​ថ្ងៃទី​ ២៥ ខែកក្កដា បាន​អបអរសាទរ​ដល់​លោក​ ហ៊ុន សែន ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា ​(CPP) និង​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល​ CPP ក្រោយពី​លោក​បានដឹងថា CPP បានឈ្នះ​ការបោះឆ្នោត​នេះ​។​

​លោក​ Xi Jinping បញ្ជាក់​ក្នុង​លិខិត​ផ្ញើ​ទៅកាន់​លោក​ហ៊ុន សែន ថា​៖ «​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង​ដែល​ឃើញ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​ប្រធាន​។ កម្ពុជា​សម្រេចបាន​នូវ​ស្ថិរភាព​នយោបាយ ការអភិវឌ្ឍ​សេដ្ឋកិច្ច ការកើនឡើង​នូវ​កម្រិតជីវភាព និង​ការរីកចម្រើន​លើ​ឆាក​អន្តរជាតិ​និង​តំបន់​។ ប្រទេស​ចិន​នឹង​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​ការបន្ត​មាគ៌ា​អភិវឌ្ឍន៍​ដែល​សម​​ស្រប​នឹង​លក្ខខណ្ឌ​ជាតិ​របស់ខ្លួន​»​។​

​លោក​បន្ថែមថា​៖ «​ខ្ញុំ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​សម្តេច​ប្រធាន ដើម្បី​ពង្រឹង​ការណែនាំ​នយោបាយ​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី ពង្រឹង​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំង​ ២ និង​លើ​វិស័យ​ផ្សេងៗ​ដើម្បី​រួមគ្នា​កសាង​សហគមន៍​ចិន​-​កម្ពុជា ប្រកប​ដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដា​ខ្ពស់ ជាមួយនឹង​អនាគត​រួមគ្នា​ក្នុង​យុគសម័យ​ថ្មី​ដើម្បី​ជា​ប្រយោជន៍​កាន់តែ​ធំ​របស់​ប្រទេស និង​ប្រជាជន​ទាំង​ ២»​។​

​ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​ ២៤ កក្កដា អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​ (EU)​ បានចេញ​សេចក្តីថ្លែងការណ៍​ដោយ​លើកឡើងថា ការបោះឆ្នោត​នេះ​ធ្វើឡើង​ក្នុង​លម្ហ​នយោបាយ និង​ពលរដ្ឋ​ដែល​មានការ​រឹតត្បិត​ដោយ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មិនអាច​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​គ្មាន​ឧបសគ្គ​។​

​សេចក្តីថ្លែងការណ៍​នេះ​លើកឡើងថា​៖ «​យើង​សោកស្តាយ​ដែល​ការបោះឆ្នោត​ទាំងនេះ​មិនមាន​ផ្នែក​សំខាន់​របស់​គណបក្សប្រឆាំង​ដោយសារ​ការ​ផ្តន្ទា​ទោស​ព្រហ្មទណ្ឌ​លើ​មេដឹកនាំ​នយោបាយ​និង​ការដក​សិទ្ធិ​ពី​គណបក្ស​ប្រ​ឆាំង​ដ៏​ធំ​គឺ​គណបក្ស​ភ្លើងទៀន ដែល​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ចុះឈ្មោះ​ចូលរួម​បោះឆ្នោត​»​។​

​ដោយឡែក អ្នកនាំពាក្យ​ក្រសួង​ការ​​បរទេស​ចក្រភព​អង់គ្លេស​បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ពីថ្ងៃ​ទី​ ២៤ ខែកក្កដា​ដែរ​ថា ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​គឺ​ផ្អែកលើ​ការប្រកួត​ប្រជែង​ដែល​គួរឱ្យ​ទុកចិត្ត បើកចំហ និង​យុត្តិធម៌​។

​សេចក្តីថ្លែងការណ៍​នោះ​លើកឡើងថា​៖ «​យើង​សោកស្ដាយ​ដែល​ការ​បោះឆ្នោត​ទាំងនេះ​បាន​នាំមុខ​ដោយ​ការរួម​តូច​នៃ​លម្ហ​នយោបាយ រួមទាំង​ការដក​សិទ្ធិ​ពី​គណបក្ស​ភ្លើងទៀន ដែលជា​គណបក្សប្រឆាំង​ដ៏​ធំ​កាលពីដើមឆ្នាំ​នេះដែ​លប​ណ្តា​ល​ឱ្យមាន​ការបោះ​ឆ្នោត​មួយ​ដែល​មិន​សេរី និង​យុត្តិធម៌​។ ចក្រភព​អង់គ្លេស​ចាត់ទុកថា នេះ​ជា​ឱកាស​ខកខាន​ក្នុងការ​ពង្រឹង​លទ្ធិ​ប្រជា​​ធិបតេយ្យ​របស់​កម្ពុជា​»​។​

​រីឯ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាល្លឺម៉ង់​ក៏បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ដដែល​នោះដែរ​ថា ការបោះឆ្នោត​នេះ បានធ្វើ​ឡើង​ដោយ​មានកា​រឹតត្បិត​ដែល​ធ្វើឱ្យ​អ្នកបោះឆ្នោត​កម្ពុជា​មាន​ល​ម្ហ​តូច​ក្នុងការ​បញ្ចេញមតិ​ជំទាស់ និង​គ្មាន​ជម្រើស​ពិតប្រាកដ ។​

​ប្រភព​ដដែល​បញ្ជាក់ថា​៖ «​យើង​សោកស្តាយ​ដែល​គណបក្សប្រឆាំង​ដ៏​ធំ​បំផុត​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ចុះឈ្មោះ​បោះឆ្នោត​»​។​

​ក្រៅពី​ប្រទេស​ទាំងនេះ ប្រទេស​អូស្ត្រាលី​ក៏បាន​សម្ដែង​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​បរិយាកាស​នៃ​ការបោះ​ឆ្នោត​នេះ និង​គន្លង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ផងដែរ ខណៈ​ប្រទេស​បារាំង​ក៏បាន​សម្ដែង​ការសោកស្តាយ​ដូចគ្នា​ដែល​ការបោះឆ្នោត​ទាំងនេះ មិនមាន​វត្តមាន​គណ​បក្សប្រឆាំង​ដ៏​ធំ​គឺ​គណបក្ស​ភ្លើងទៀន​ដែល​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ចុះឈ្មោះ​ចូលរួម​ក្នុងការ​​បោះឆ្នោត​នេះ ដែល​ធ្វើឱ្យ​ខូចខាត​លក្ខណៈ​ពហុ​និយមនៃ​សន្លឹកឆ្នោត​។​

​យ៉ាងណាក្ដី អគ្គលេខាធិការដ្ឋាន​អាស៊ាន​បានលើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ២៤ ខែកក្កដា ថា នៅ​ថ្ងៃ​បោះឆ្នោត​លោក​ កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន និង​ក្រុមការងារ​បាន​សង្កេតមើល​ដំណើរ​ការបោះ​ឆ្នោត និង​ការរាប់​សន្លឹកឆ្នោត​នៅតាម​ការិយាល័យ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។

​សេចក្តីប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់ថា នៅក្នុង​ការិយាល័យ​បោះឆ្នោត​ដែល​បាន​សង្កេតឃើញ​មានការ​តម្រង់​ជួរ​វែង​នៃ​អ្នកបោះឆ្នោត​ដែល​បង្ហាញ​ពី​ឆន្ទៈ​និង​ការចូលរួម​យ៉ាងសកម្ម​របស់​ប្រជា​ជនកម្ពុជា​ក្នុង​ដំណើរការ​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ ជាពិសេស​ក្នុងការ​អនុវត្ត​សិទ្ធិ និង​ការប្តេជ្ញាចិត្ត​ក្នុងការ​​ជ្រើសរើស​ថ្នាក់ដឹកនាំ​របស់​ពួកគេ​។ ការបោះឆ្នោត​ជាទូទៅ​មាន​សន្តិភាព​សណ្តាប់ធ្នាប់ និង​គ្មាន​អំពើហិង្សា​។​

​លោក​ កៅ គឹមហួន បាន​ថ្លែង​អំពី​បេសកកម្ម​សង្កេតការណ៍​ថា​៖ «​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឱកាស​ក្នុងការ​សង្កេតមើល​ដោយផ្ទាល់​នូវ​ដំណើរ​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ​ដែល​កំពុង​បន្ត​នា​សម័យ​ទំនើប​នៃ​ប្រទេស​កម្ពុជា និង​រីករាយ​សូម​អបអរសាទរ​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គ​.​ជ​.​ប​)​ សម្រាប់​វិជ្ជាជីវៈ និង​សមត្ថភាព ព្រមទាំង​ប្រជា​​ជនកម្ពុជា​សម្រាប់​ការចូលរួម​យ៉ាង​សកម្ម និង​មាន​ឆន្ទៈ​ក្នុងការ​បោះឆ្នោត​ពហុបក្ស​»៕