ភ្នំពេញៈ គណបក្សនយោបាយ​មួយ​​ចំនួន ដែល​មិន​ទទួលបាន​អាសនៈ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៧ កាលពី​ថ្ងៃទី​ ២៣ ​ខែកក្កដា បានប្រកាស​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល លទ្ធផល ក្រៅផ្លូវការ​គណបក្ស​ប្រជាជន​​កម្ពុជា​ទទួលបាន ​១២០ អាសនៈ និង​គណបក្ស​ហ្វុ​ន​ស៊ិនប៉ិច​ទទួលបាន​ ៥ ​អាសនៈ បើទោះបីជា​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គ​.​ជ​.​ប​)​ មិនទាន់​ប្រកាស​លទ្ធផល​ផ្លូវការ​ក៏ដោយ​។​

​លោក​ ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ថ្លែង​នៅ​ថ្ងៃទី​ ២៥ កក្កដា​ថា លោក​ទទួលស្គាល់​និង​ពេញចិត្ត​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​កាល​ពីថ្ងៃ​ទី ​២៣​ កក្កដា បើទោះបី​លោក​មិន​ទទួល​អាសនៈ​នៅក្នុង​រដ្ឋសភា​ក៏ដោយ​ព្រោះ​សំឡេងគាំទ្រ​គណបក្ស​លោក​ក៏មាន​ការ​កើន​ឡើងជា​លំដាប់​ដែរ​ចាប់តាំងពី​ចូលរួម​ការបោះឆ្នោត​កាលពី​ឆ្នាំ ​២០១៧​ មក​។

លោក​បន្តថា គណបក្ស​របស់លោក ចាប់ផ្តើម​ពី​ចំណុចសូន្យ ប៉ុន្តែ​ដោយសារ​កិច្ច​ខំប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ដែលមាន​លោក​ជា​ប្រមុខ​នោះ បានទទួល​សំឡេងគាំទ្រ​កើន​ឡើងជា​លំដាប់​។ ជាក់​ស្តែង​ក្នុងការ​បោះឆ្នោត​ជ្រើស​តាំង​ក្រុមប្រឹក្សាឃុំ សង្កាត់​ឆ្នាំ​ ២០១៧ គណបក្ស​លោក ទទួល​​បានតែ​ជាង ​១ ៥០០​ សំឡេង​, ការបោះឆ្នោត​ជ្រើសរើស​ក្រុម​​ប្រឹក្សា​ឃុំ សង្កាត់​ឆ្នាំ​ ២០២២ ទទួលបាន​ជាង​ ១៣ ០០០ ខណៈ​ការ​​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ឆ្នាំ​ ២០១៨​ ទទួលបាន​ជិត ​៤ ​ម៉ឺន​សំឡេង និង​ការបោះឆ្នោត​ឆ្នាំ​ ២០២៣​ នេះ ទ​ទទួលបាន​ជិត ១០​ ម៉ឺន​សំឡេង​។

​លោក ពេជ្រ ស្រស់ បញ្ជាក់ថា​៖ «​ខ្ញុំ​ចាត់ទុកថា ការទទួលបាន​សំឡេង​កើន​ឡើងជា​បន្តបន្ទាប់​នៅពេលនេះ​បានធ្វើឱ្យ​គណបក្ស​របស់​យើង​ទទួលបាន​ជ័យជម្នះ បើទោះបី​មាន​មនុស្ស​មួយចំនួន​បាន​លើកឡើងថា គណបក្ស​នេះ មិន​ទទួលបាន​ជ័យជម្នះ​ក្តី​»​។

​ចំណែក លោក ​យ៉េ​ង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​.​ប​.​ម​)​ នៅ​ថ្ងៃទី​ ២៤ ខែកក្កដា ក៏បាន​ប្រកាស​ទទួលស្គាល់​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើស​​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៧ ​នេះដែរ និង​ប្រកាស​ផ្ទេរ​ការតស៊ូ​មតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ជូន​អ្នកជំនាន់ក្រោយ​។

ជាមួយគ្នានេះ​លោក​ក៏បាន​សម្តែង​ការ​អរ​គុណ​ដល់​អ្នក​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស គ​.​ប​.​ម ហើយ​ក៏បាន​ចូលរួម​សោកស្តាយ​ដែល​មិនអាច​ទទួលបាន​សំឡេង​គ្រប់​គ្រាន់​ដើម្បី​ទទួលបាន​អាសនៈ​នៅ​រដ្ឋសភា​នីតិកាល​ទី​៧​ នេះ​។

​លោក យ៉េ​ង វីរៈ បាន​ថ្លែងថា​៖ «​លទ្ធផល​បោះឆ្នោត​បឋម បានចេញ​ហើយ ខ្ញុំ​បានឃើញ និង​គោរព​ទទួលស្គាល់​ការសម្រេច​ចិត្ត​របស់​បងប្អូន​ម្ចាស់ឆ្នោត​។ ដូច​បាន​ជម្រាបជូន​កន្លងមក គ​.​ប​.​ម គ្រាន់តែ​បង្កើតជា​ជម្រើស​ជូន​បងប្អូន​ប៉ុណ្ណោះ ព្រោះ​វា​ជា​ផ្លូវ​តែមួយគត់​ដែល​ឱ្យ​យើង​អាច​ដោះ​ស្រាយ​បញ្ហា និង​ស្រោចស្រង់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។

បើតាម​លោក​ យ៉េ​ង វីរៈ សម្រាប់​រូបលោក​ផ្ទាល់ ទោះ​ប្រជា​ពលរដ្ឋ មិនបាន​បោះឆ្នោត​គាំទ្រ​ឱ្យ​ជាប់​ជា​តំណាងរាស្ត្រ​នៅ​រដ្ឋ​សភា​ក៏ដោយ ក៏​លោក​មិនមាន​ការខកចិត្ត ខកបំណង​អ្វី​ដែរ​។ លោក​មិនដែល​មានបំណង​ប៉ង​លើ​តំណែង​តួនាទី​អ្វី​ទេ​ព្រោះ​លោក​បាន​បំពេញការងារ​កន្លងមក​ដោយ​មនសិការ​សុចរិត និង​ពេញចិត្ត​បំពេញការងារ​រក្សា​ឧ​ត្ត​ម​គតិ​ពង្រឹងគោលជំហរ​រឹងមាំ​ទោះជា​ឆ្លងកាត់​ឧបសគ្គ​យ៉ាងណាក្តី​។​

​គណបក្ស​ខ្មែរ​តែមួយ​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ប្រកាស​គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ​ក្រោយពី​បាន​សង្កេតឃើញថា បរិយាកាស​នៅក្នុង​អំឡុង​ពេលធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ចាប់ពី​ថ្ងៃទី​១ ដល់ ២១ ខែកក្កដា និង​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៣ បាន​ប្រព្រឹត្តទៅ​មាន​ភាពល្អប្រសើរ ស្របតាម​រដ្ឋ​ធម្ម​នុ​ញ្ញ​ឆ្នាំ​ ១៩៩៣ និង​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុង​បរិ​យា​កាស​អព្យាក្រឹត គ្មាន​ការរំខាន និង​គ្មាន​អំពើហិង្សា​កើតឡើង​នោះទេ​។

សេចក្តីថ្លែងការណ៍​បាន​លើកឡើងថា​៖ «​គណបក្ស​ខ្មែរ​តែមួយ សូម​គាំទ្រ​លទ្ធផល​នៃ​ការ​​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ ឆ្នាំ​ ២០២៣ ដែល​បានរៀបចំ​ដោយ គ​.​ជ​.​ប ដែល​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាម​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស អាច​ទទួលយកបាន​»​។​

​ទន្ទឹមនឹង​នេះដែរ គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ នៅ​ថ្ងៃទី​ ២៥​ ខែកក្កដា ​ក៏បាន​ប្រកាស​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ឆ្នាំ​ ២០២៣​ នេះដែរ ក្រោយពី​បាន​មើលឃើញថា ការបោះ​ឆ្នោត​នាពេលនេះ​បាន​ប្រព្រឹត្ត​ទៅដោយ «​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​ស្មើភាព ដោយ​ចំពោះ តាម​វិធី​ជ្រើសរើស​ឆ្នោត​ជាសម្ងាត់ ប្រកបដោយ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​»​។​

​គណបក្ស​នេះ ក៏បាន​លើកឡើង​ដែរ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​អនុញ្ញាតឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​នឹង​ការបោះ​​ឆ្នោត​ចូលរួម​តាមដាន​សង្កេតមើល​ការបោះឆ្នោត យ៉ាងច្រើន​កុះករ ក្នុងនោះ​រួមមាន​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​អ្នក​សារព័ត៌​មាន​ជាតិ និង​អន្តរជាតិ ក៏ដូចជា​សមាគម​អង្គការក្រៅរដ្ឋាភិបាល រួម​នឹង​អ្នកសង្កេតការណ៍​មកពី​គណបក្សនយោបាយ​ផងដែរ​។​

​លោក​សុខ ឥសាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៥ ខែកក្កដា​ថា ការ​​ប្រកាស​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ពី​គណបក្សនយោបាយ​ផ្សេងៗ​ដែល​មិនបាន​ទទួល​អាសនៈ​នៅក្នុង​រដ្ឋសភា​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ បង្ហាញថា ដំណើរការ​បោះឆ្នោត​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ប្រជា​ធិបតេយ្យ​សេរី និង​យុត្តិធម៌​។​

​លោក​មានប្រសាសន៍ថា ៖ «​ការទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​របស់​គណបក្ស​ទាំង​នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា វា​បញ្ជាក់​ពី​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​រុញ​ជ្រៅ​ទៅក្នុង​សង្គម​កម្ពុជា និង ប្រជាជន​កម្ពុជា​ផងដែរ​»​។​

​យោងតាម​លទ្ធផល​ក្រៅ​ផ្លូវ​ការបាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​ច្រើន​លើសលប់ រហូតដល់​ ១២០​ អាសនៈ នៅក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ នេះ រីឯ​គណបក្ស​ហ្វុ​ន​ស៊ិនប៉ិចទទួលបាន​ ៥ ​អាសនៈ ខណៈ​គណបក្ស​ ១៦ ផ្សេងទៀត មិន​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ឡើយ​៕