​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រូវ​ប្រុង​ប្រ​យ័​ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ខណៈ​ត្រឹម​រយៈ​​ពេល ​៦ ​ខែ​ដើម​ឆ្នាំនេះ មាន​មនុស្ស​ជាង​ ៥០ ​បាន​ស្លាប់​និង​ជាង​ ១៥០ នាក់​ផ្សេងទៀត​រងរបួស ដោយ​​សារ​បាតុភូត​គ្រោះធម្មជាតិ​នេះ​។​

​អ្នកនាំពាក្យ​នៃ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​លោក សុទ្ធ គឹម​កុល​មុន្នី បានឱ្យដឹង​នៅ​ថ្ងៃទី ​២៥ ខែកក្កដា​ថា ក្នុង​រយៈពេល​ ៦ ​ខែ ក្នុង​ឆ្នាំ​ ២០២៣ គ្រោះ​មហន្ត​រាយ​នៃ​ធម្មជាតិ​មានការ​កើនឡើង​ច្រើន បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២២​។​

​លោក​បន្តថា គ្រោះថ្នាក់​នេះ កើតឡើង​ដោយសារ​អាកាសធាតុ​មានការ​ប្រែប្រួល​ខ្លាំង បន្ទាប់ពី​មាន​បាតុភូត​ភ្លៀង​ធ្លាក់​កក់ខែ​ដែល​លាយឡំ​ជាមួយនឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​បក់បោក​ដែល​បណ្ដាលឱ្យមាន​ការខូចខាត​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ផងដែរ​។​

​បើតាម​លោក សុទ្ធ គឹម​កុល​មុន្នី ខ្យល់​កន្ត្រាក់​ក្នុង​ឆមាស​ទី​១ ចាប់ពី​ខែមករា ដល់​ខែមិថុនា បានធ្វើឱ្យ​មានការ​ខូចខាត និង​បាក់​រលំ​ផ្ទះសំបែង​របស់​ប្រជា​ពលរដ្ឋ​ចំនួន​ ១ ៧៤៤​ ខ្នង និង​ខូចខាត​មធ្យម​មាន​ចំនួន​ ១០ ៧៥៤​ ខ្នង​,​ខូចខាត​ដំបូល​សាលារៀន​ចំនួន​ ៧៨ ​អគារ​, សាលាឃុំ មន្ទីរពេទ្យ វត្ត​អារាម និង​ប៉ុស្តិ៍​រដ្ឋបាល ​២២ ​កន្លែង​។​

​លោក​បានឱ្យដឹងថា​៖ «​ក្រៅពីនេះទៀត បាតុភូត​ខ្យល់​កន្ត្រាក់​នេះ ក៏បាន​ធ្វើឱ្យប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ចំនួន​ ៦​ នាក់​និង​មាន​អ្នករងរបួស​ចំនួន ១២០ នាក់​។ សម្រាប់​រយៈពេល​ ៦ ​ខែ​ដើម​ឆ្នាំនេះ បញ្ហា​ខ្យល់​​កន្ត្រាក់​បានកើត​ឡើង​ច្រើន ជាពិសេស​ក្នុង​ខែមេសា និង​ខែឧសភា​»​។​

​អ្នកនាំពាក្យ​ដដែល​បាន​បន្តថា ចំណែក​ករណី​រន្ទះបាញ់​ក្នុង​រយៈពេល​ ៦ ​ខែ ឆ្នាំ​ ២០២៣ ​នេះ កើតឡើង​នៅ​រាជធានី​-​ខេត្ត​ចំនួន​ ២១ ​ដែល​បានធ្វើឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ៤៦ ​នាក់​ក្នុងនោះ​មាន​ស្ដ្រី​ចំនួន ​៥ នាក់ និង​កុមារ​ចំនួន​ ៥​ នាក់​ផងដែរ ខណៈ​អ្នករងរបួស​មាន​ចំនួន​ ៣៩​ នាក់ រីឯ​ផ្ទះសំបែង​ខូចខាត​ចំនួន​ ៥​ ខ្នង និង​ស្លាប់​គោក្របី​ចំនួន​ ៧៩ ​ក្បាល​។​

​លោក​ សុទ្ធ គឹម​កុល​មុន្នី បាន​បញ្ជាក់ថា​៖ «​ស្ថានភាព​នេះ ខ្ញុំ​នៅតែ​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​យើង​គ្រប់រូប​មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ចៀសវាង​ពី​ករណី​ខ្យល់​កន្ត្រាក់ និង​ករណី​រន្ទះបាញ់​នេះ ដើម្បី​កាត់បន្ថយ​ករណី​ផលប៉ះពាល់ និង​ការបាត់បង់​អាយុជីវិត​ខណៈពេល​មាន​ភ្លៀង ឬ​ខ្យល់​មក សូម​ស្វែងរក​កន្លែង​ជ្រក​ដែលមាន​សុវត្ថិភាព ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​»​។​

​ទន្ទឹមនឹង​នេះដែរ លោក​ថា អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវតែ​បន្ត​យកចិត្តទុកដាក់​ក្នុងការ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន ស្រប​ពេលដែល​ឆ្នាំនេះ​បញ្ហា​ខ្យល់​កន្ត្រាក់​បានកើត​ច្រើនជាង​រាល់​ឆ្នាំ ដូច្នេះ​វិធានការ​ចម្បង គឺ​ការស្វែងរក​ទីកន្លែង​ដែលមាន​សុវត្ថិភាព​។​

​លោក​ថា​៖ «​យើង​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​ត្រូវ​រួម​គ្នា​ដើម្បី​កាត់បន្ថយ​ភាព​រងគ្រោះ​ដោយសារ​កត្តា​ធម្មជាតិ​»​។​

ជាមួយគ្នានេះ តាម​សេចក្ដី​​ប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៥ ខែកក្កដា​ថា ចាប់ពី​ថ្ងៃទី​ ២៦ កក្កដា ដល់​ថ្ងៃទី​ ១ ខែ​សីហា កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​អូសបន្លាយ​លើ​អាង​ទន្លេមេគង្គ​ភាគ​ខាង​លើ​កាត់​ប្រទេស​ថៃ ឡាវ និង​ភាគ​កណ្តាល​វៀតណាម​ជាមួយ​ខ្យល់មូសុង​និរតី​កម្រិត​មធ្យម​។​

​ក្រសួង​បន្តថា ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ភាគ​ខាងកើត​ហ្វី​លី​ពី​ន​ព្យុះ​ទី​៥ ឈ្មោះ​ដុក​ស៊ូ​រី បាន​បង្កើន​កម្លាំង​ទៅជា ​(TY DOKSURI)​ កំពុង​ឆ្ពោះទៅ​ចិន​ក្នុង​ចន្លោះ​ហ្វីលីពីន និង​កោះ​តៃវ៉ាន់ ដោយ​អាច​ដល់​ចិន​នៅ​ថ្ងៃ​ ២៨ ​កក្កដា​។​

​ប្រភព​ដដែល​បានឱ្យដឹងថា លក្ខណៈ​បែបនេះ​នឹងធ្វើ​ឱ្យ​តំបន់​ទំនាប​កណ្តាល អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម និង​បង្គួរ លើកលែង​ខេត្ត​នៅ​ពាយព្យ អាចមាន​ភ្លៀង​បង្គួរ លាយឡំ​នឹង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ចំពោះ​តំបន់​ខ្ពង់រាប​ក៏​អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម និង​បង្គួរ​ដោយ​លាយឡំ​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផងដែរ​។​

​ក្រសួង​បញ្ជាក់ថា តំបន់​មាត់សមុទ្រ​អាចមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន លាយឡំ​នឹង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ហើយ​នៅលើ​ផ្ទៃសមុទ្រ​នឹងមាន​ខ្យល់​បក់​ខ្លាំង​ព្រមទាំង​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់​៕​