ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា (CPP) បានកំណត់​ក្នុង​កម្មវិធី​នយោបាយ​ ៥​ ឆ្នាំ ​(២០២៣-២៨) លើ​នយោបាយ​ការបរទេស​ថា កម្ពុជា​នឹង​ផ្តោតលើ​ការរួម​ចំណែក​កាន់តែ​សកម្ម ក្នុង​កិច្ចប្រឹងប្រែង​តំបន់ និង​សកលលោក ដើម្បី​ថែរក្សា និង​ពង្រឹង​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។​

​ក្នុង​រយៈពេល​ ៤-៥​ ឆ្នាំ​ទៅមុខ ឬក៏​ច្រើនជាង​នេះ ទំនាក់ទំនង​អន្តរជាតិ​នឹង​វិ​វ​ឌ្ឍ​ទៅតាម​ការបត់បែន​នៃ​ស្ថានការណ៍​តំបន់ និង​ពិភពលោក ដែល​នឹង​ទទួល​ឥទ្ធិពល​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ពី​ការ​​ប្រកួតប្រជែង​រវាង​មហាអំណាច​ធំៗ និង​ពី​ការប្រែប្រួល​ខាង​ភូមិសាស្ត្រ​នយោបាយ​តាម​តំបន់​នានា​។ ក្នុង​នយោបាយ​ការ​បរ​ទេស​របស់ខ្លួន CPP បង្ហាញថា កម្ពុជា​នឹង​បន្ត​ដើរតួនាទី​ជា​អ្នក​សម្រួល​ការចរចា ការ​​ស្វែងរក​ច្រក​សន្ទនា និង​ដោះស្រាយ​បញ្ហា​នានា តាមផ្លូវ​នយោបាយ ក្នុងឋានៈ​ជា​ប្រទេស​ដែល​មិន​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​អ្វី​ក្រៅពី​សន្តិភាព ស្ថិរភាព និង​ការផ្សះផ្សា​។

​នយោបាយ​ការបរទេស CPP ក៏បាន​បង្ហាញ​ពី​ការបន្ត​ការពារ​ផលប្រយោជន៍​ស្នូល​របស់​កម្ពុជា ដោយ​គោរព និង​ការ​ពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ និង​បន្ត​អនុវត្ត​ការងារ​ការទូត​បុ​រេ​សកម្ម​ដើម្បី​ទទួល​​បាន​នូវ​ការគោរព​ដល់​អធិបតេយ្យ បូ​រណ​​ភាព​ទឹកដី ឯករាជ្យ និង​ការទទួលស្គាល់​បំណងប្រាថ្នា និង​ភាពចាំបាច់​ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​។ CPP លើកឡើងថា​៖ «​ប្រមូល និង​ប្រើប្រាស់​កិច្ចប្រឹងប្រែង​រួម​របស់​បក្ស រាជរដ្ឋាភិបាល​ស្ថា​ប័ន​នីតិបញ្ញត្តិ និង​ស្ថាប័ន អង្គការ​មហាជន ដើម្បី​ប្រឆាំងនឹង​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង ការពារ​ផលប្រយោជន៍​ពលរដ្ឋ​កម្ពុជា​នៅក្រៅ​ប្រទេស ការពារ​កិត្តិយស និង​កិត្តិ​នាម​ប្រទេសជាតិ​»​។​

​កម្មវិធី​នយោបាយ​នេះ​ក៏បាន​បង្ហាញ​ពី​ការ​​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ ឧក្រិដ្ឋកម្ម​ឆ្លង​​ដែន​គ្រប់​ប្រភេទ អំពើ​ភេរវកម្ម ជំងឺឆ្លង​នានា ព្រមទាំង​បន្ត​រួមចំណែក​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ (​អ​.​ស​.​ប​) និង​ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​រួមចំណែក​ក្នុងការ​ពង្រឹង​ពហុភាគី​និយម ចូលរួម​យ៉ាងសកម្ម​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​។

ក្រៅពីនេះ CPP ក៏បាន​លើកឡើង​ពី​ការប្រើប្រាស់​សម្ទុះ​វិជ្ជមាន ដែល​បានមកពី «​ជោគជ័យ​» ​នៃ​ការ​​ធ្វើ​ប្រធាន​អាស៊ាន​ដើម្បី​ពង្រឹង​តួនាទី​របស់​កម្ពុជា ក្នុង​សហគមន៍​នេះ​ផង និង​ក្នុង​ឆាក​អន្តរជាតិ​ផង​តាមរយៈ​តួនាទី​កាន់តែ​សំខាន់​របស់​អាស៊ាន ក្នុង​កិច្ចសន្ទនា ការពិគ្រោះ​យោបល់ និង​ការសម្របសម្រួល​។

​គោលនយោបាយ CPP ថែមទាំង​បង្ហាញ​ពី​ការ​រឹតចំណង​ខាង​សេដ្ឋកិច្ច ជាមួយ​ដៃគូ​ចាស់ និង​ថ្មី ដោយ​លើកឡើងថា​៖ «​ទំនាក់ទំនង​ល្អ​ខាង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ មិន​ត្រឹមតែ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ក្នុងស្រុក​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ខិត​ប្រទេស​យើង​ជាមួយ​ប្រទេស​ដៃគូ​ឱ្យ​កាន់តែ​ជិតស្និទ្ធ ខាង​ផ្នែក​នយោបាយ​ទៀតផង​»​។

​លោក ឈាង វណ្ណា​រិ​ទ្ធិ នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមរយៈ​សំណេរ​ជា​ភាសា​អង់គ្លេស​ដែលមាន​ខ្លឹមសារ​ថា គោលនយោបាយ​ការបរទេស​នេះ ឆ្លុះបញ្ចាំង​ពី​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នូវ​បរិយាកាស និង​ប្រព័ន្ធ​អន្តរជាតិ​។ ក្នុងឋានៈ​ជា​ប្រទេស​តូច និង​បើកចំហ កម្ពុជា​ត្រូវតែ​សម្រប​ខ្លួន​ទៅនឹង​ការប្រែប្រួល​នេះ​មាន​ភាពរឹងមាំ​លើ​គោលនយោបាយ​ស្នូល និង​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ និង​អាច​បត់​បែន​បាន​ទៅលើ​យុទ្ធសាស្ត្រ​។

​លោក​ថ្លែង​នៅ​ថ្ងៃទី​ ២៦ ខែកក្កដា​ថា «​ការទូត​រដ្ឋ ការ​ទូត​សភា ការទូត​បក្ស និង​ការទូត​ប្រជាជន​ចាំបាច់​ត្រូវធ្វើ​សម​កាល​កម្ម​បន្ថែមទៀត​ដើម្បី​ឱ្យមាន​ភាពស៊ីចង្វាក់​គ្នា​ក្នុង​គោលនយោបាយ​ការបរទេស និង​ជំហរ​អាច​ត្រូវបាន​ពង្រឹង​។ ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ រវាង​មហាអំណាច​ធំៗ​នឹង​បន្ត​ក្លាយជា​កត្តា​ចម្បង​ដែល​បង្កើត​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី ដែល​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​»​។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​សំណេរ​ជា​ភាសា​អង់គ្លេស​ដែលមាន​ខ្លឹមសារ​ថា នរណា​ក៏ដោយ​ដែល​នឹង​ដឹកនាំ​ប្រទេស​កម្ពុជា​ត្រូវ​ប្រកាន់ខ្ជាប់​គោលនយោបាយ​អ​ព្យា​​ក្រឹ​ត​អចិ​ន្រៃ្ត​យ៍ និង​មិន​ចូលបក្ស​សម្ព័ន្ធ ហើយ​អនុវត្តតាម​គោលនយោបាយ​រួមរស់​ដោយ​សុខសាន្ត និង​ដោយ​សន្តិ​សហ​វិជ្ជមាន​ជាមួយ​ប្រទេសជិតខាង និង​ប្រទេស​ដទៃទៀត នៅ​ទូទាំង​ពិភពលោក​ដែល​កំណត់ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។

លោក​ថ្លែងថា​៖«​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ជំហរ​ដ៏​ល្អ​មួយ​ក្នុងការ​ធ្វើឱ្យ​អព្យាក្រឹតភាព​នៃ​គោលនយោបាយ​ការបរទេស និង​ការទូត​របស់​កម្ពុជា​។ ការ​​ណែនាំ​របស់លោក​នៅតែ​ផ្តល់​សារៈសំខាន់​សម្រាប់​អ្នកដឹកនាំ​ជំនាន់​ថ្មី​។ ជាការ​ពិត មាន​បញ្ហា​ប្រឈម​នានា ដូចជា បញ្ហា​មី​យ៉ាន់​ម៉ា អ៊ុយ​ក្រែ​ន និង​បញ្ហា​ផ្សេងទៀត​ជុំវិញ​សេដ្ឋកិច្ច និង​សន្តិសុខ​។ ប៉ុន្តែ​យុគសម័យ​ថ្មី​ត្រូវបាន​​ដឹកនាំ​ដោយ​ប្រទេស​ចិន និង​រដ្ឋ​ផ្សេងទៀត នៅ​ទូទាំង​ពិភពលោក​ដែល​កំពុង​ស្វែងរក​ជម្រើស​សម្រាប់​កំណើន និង​សន្តិសុខ ក្រៅពី​សណ្តាប់ធ្នាប់​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​។ សម្តេច​តេ​ជោ​ហ៊ុន សែន ដឹង​ច្បាស់​អំពី​ការពិត​ថ្មី​នោះ​»​។​

​លោក គិ​ន ភា បន្ថែមថា ក្នុង​បរិបទ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ចេញ​គោលការណ៍​សំខាន់ៗ​ចំនួន ​៧ សម្រាប់​វិស័យ​ការទូត​របស់​កម្ពុជា រួមមាន ប្រឆាំង​ការប្រើប្រាស់​កម្លាំង មិន​គាំទ្រ​ការ​​ឈ្លានពាន​ទៅលើ​រដ្ឋ​ឯករាជ្យ ប្រឆាំង​ការ​បំបែក​រដ្ឋ មិន​គាំទ្រ​ការកាន់កាប់​ដោយ​ខុសច្បាប់ ប្រឆាំង​ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​មិន​អនុញ្ញាតឱ្យ​វត្តមាន​យោធា​បរទេស​នៅ​កម្ពុជា និង​ប្រឆាំងនឹង​ការព្រមព្រៀង​នៃ ការឈ្លានពាន​ទៅលើ​​ប្រទេស​ដទៃ​៕