ភ្នំពេញៈ ស្ថាប័ន​ជំនាញ​កំពុង​បង្កើន​យន្តការ​ផ្សព្វផ្សាយ​ពី​កម្ម​វិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់ក​ម្ម​ការិនី ចាប់ពី​ពេល​មាន​ផ្ទៃពោះ​រហូត​កូន​អាយុ ២​ ឆាំ្ន ខណៈ​ការ​ចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្ម​វិធី​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ​១ ខែសីហា តទៅ​។

​លោក​ ឈួ​រ សុ​បញ្ញា រដ្ឋលេខា​​ធិ​ការ​ក្រសួង​សង្គមកិច្ច និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​មូលនិធិ​ជាតិ​ជំនួយ​សង្គម បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ​កក្កដា​ថា រហូតមកដល់​ពេលនេះ​ក្រុមការងារ​បាន​ត្រៀម​រួចរាល់​ហើយ ដើម្បី​ដំណើរ​ការ​កម្មវិធី​បង្កើន​ប្រាក់ឧបត្ថម្ភ​ជូន​កម្មករនិយោជិត មន្ត្រីរាជការ​ជា​ស្ត្រី និង​ស្ត្រី​នៃ​គ្រួសារ​ដែលមាន​បណ្ណសម​ធម៌​ក្នុងពេល​មាន​ផ្ទៃពោះ​រហូតដល់​កូន​អាយុ​ ២​ ឆ្នាំ ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែសីហា តទៅ​ដោយ​មិនមាន​ការខកខាន​ឡើយ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កម្មវិធី​ឧបត្ថម្ភ​នេះ សំដៅលើ​ការឧបត្ថម្ភ​ថវិកា​ចំនួន​ ៤​ ដង មុន​សម្រាល និង​១០​ដង​ក្រោយ​សម្រាល​មានន័យថា យើង​ធ្វើ​ទៅតាម​យន្តការ និង​អនុក្រឹត្យ​ថ្មី​គឺ​បាន​កំណត់ថា មុន​សម្រាល​ ៤ ​ដង គឺ​ម្តង​បាន​ប្រាក់​ ៨ ​ម៉ឺន​រៀល ទី ​២ ពេល​សម្រាល គឺ​សម្រាប់​កម្មការិនី​ទទួលបាន ៤០ ​ម៉ឺន​រៀល ដោយ​អាស្រ័យ​លើ​ចំនួន​កូន​ ១ ឬ​ ២​ ជាដើម​»​។​

​លោក ឈួ​រ សុ​បញ្ញា បន្តថា បច្ចុប្បន្ន​ក្រុមការងារ​មូលនិធិ​ជាតិ​ជំនួយ​សង្គម​បាន​បណ្តុះបណ្តាល​មន្ត្រី​មកពី​ ១៦៥២​ ឃុំ​/​សង្កាត់ ជាង​ ១៤ ០០០​ ភូមិ និង​១ ៧០០ មូលដ្ឋាន​សុខាភិបាល​រាប់​ចាប់ពី​មន្ទីរពេទ្យ​រហូត​មូលដ្ឋាន​មណ្ឌល​សុខភាព ដើម្បីឱ្យ​ពួកគាត់​បានដឹង​ពី​នីតិវិធី​ថ្មី​នៃ​ការអនុវត្ត​កម្មវិធី​នេះ​។ លើសពីនេះ លោក​សុ​បញ្ញា​ថា ក្រុមការងារ​ក៏បាន​បង្កើន​យុទ្ធនាការ​ផ្សព្វផ្សាយ​តាមរយៈ​ខិត្តប័ណ្ណ ផ្ទាំង​វីដេអូ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​បណ្តាញសារព័ត៌មាន​នានា​ដើម្បី​បង្កើន​ការយល់ដឹង​ទៅកាន់​សា​ធារ​ណ​ជន​។​

​ជុំវិញ​ចំណុច​នេះ​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង បាន​ថ្លែង​គាំទ្រ​ចំពោះ​កម្មវិធី​នេះ ដោយ​លោក​ថា វា​មិន​ត្រឹមតែ​ផ្តល់​សាច់ប្រាក់​នោះទេ ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​ក្នុងការ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​អ្នកទទួលផល​ឱ្យទទួល​យក​សេវា​សុខភាព​របស់​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ជា​ជម្រើស​ដំបូង​។ ពិសេស​ទៀត​នោះ វា​ក៏​កំពុង​ជំរុញ​សុខភាព មាតា ទារក និង​អាហារូបត្ថម្ភ​តាម​សហ​គ​មន៍​ផងដែរ​។

ទន្ទឹមគ្នានេះ​លោក ប៉ូ​លី​វ៉ា ក៏បាន​ជំរុញ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បន្ត​ពង្រឹង និង​ពង្រីក​ឱ្យបាន​នូវ​យន្តការ​ផ្សព្វ​ផ្សាយ​កម្មវិធី​ជំនួយ​សង្គម​នេះ ឱ្យ​កាន់តែ​ទូលាយ​ថែមទៀត ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​និង​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដែល​បានចែង​។​

​បើតាម​ទិន្នន័យ​ពី​មូលនិធិ​ជាតិ​ជំនួយ​សង្គម នៃ​ក្រសួង​សង្គម​​កិច្ច បានឱ្យដឹងថា មាន​ស្ត្រី និង​កុមារ​ដែលជា​អ្នកទទួលផល​ពី​កម្មវិធី​ឧបត្ថម្ភ​ប្រាក់​ជូន​ស្ត្រី​ពេល​មាន​ផ្ទៃពោះ រហូត​កូន​អាយុ ២ ​ឆាំ្ន ដោយ​រាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​ ២០២០ រហូត​ត្រឹម​ថ្ងៃទី​ ២៥ ខែកក្កដា ឆ្នាំ​ ២០២៣ គឺមាន​ចំនួន ៣២៨ ២៥៤​ នាក់​ក្នុងនោះ​រាជរដ្ឋាភិបាល បានផ្តល់​ប្រាក់ឧបត្ថម្ភ​សរុប​ប្រមាណ​ជាង ២៥​ លាន​ដុល្លារ​អាមេរិក​។​

​បើ​គិត​ចាប់ពី​ថ្ងៃទី​ ១ ខែសីហា​ឆ្នាំ ​២០២៣ ​តទៅ​នេះ ចំនួន​នេះ នឹងមាន​ការប្រែប្រួល​ទៅតាម​ស្ថានភាព​ជាក់ស្តែង ដោយសារ​ចំនួន​ស្ត្រី និង​កុមារ​បានបញ្ចប់​ពី​កម្មវិធី​នេះ នឹងមាន​ចំនួន​អ្នកថ្មី​ចូល​មកជា​បន្តបន្ទាប់​ទៀត​។​

​សូម​រំឭក​ដែរ​ថា រាជរដ្ឋាភិបាល កាល​ថ្ងៃទី ​៤ ខែកក្កដា ឆ្នាំ ​២០២៣ បានប្រកាស​ពី​ការបង្កើន​ប្រាក់ឧបត្ថម្ភ​ជូន​កម្មការិនី មន្ត្រីរាជការ​ជា​ស្ត្រី និង​ស្ត្រី​នៃ​គ្រួសារ​ដែលមាន​បណ្ណសម​ធម៌​ក្នុងពេល​មាន​ផ្ទៃ​ពោះ​រហូតដល់​កូន​អាយុ​ ២ ​ឆ្នាំ ក្នុង​គោលបំណង​ចូលរួម​លើកកម្ពស់​សុខុមាលភាព​មាតា និង​កុមារ​តូច ព្រមទាំង​រួមចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​ចាប់តាំងពី​កូន​នៅក្នុង​ផ្ទៃ រហូតដល់​អាយុ ២ ​ឆ្នាំ និង​ជំរុញ ការលូតលាស់​ទាំង​កាយសម្បទា ទាំង​បញ្ញា​ស្មារតី ក្នុង​រយៈពេល ១ ០០០​ ថ្ងៃ​ដំបូង​នៃ​ជីវិត​។​

​ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​តូច​គឺ​បានធ្វើ​ឡើង​តាមរយៈ​កម្មវិធី​មួយចំនួន រួមមាន​៖ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ​ឆ្នាំ ដែលជា​កម្មវិធី​ជាតិ ជំនួយ​សង្គម​ដំបូង​គេ​, កម្មវិធី​ផ្ដល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ជូន​កម្មការិនី​នៅពេល​សម្រាលកូន និង​ការផ្ដល់​ប្រាក់ឧបត្ថម្ភ​មាតុភាព​ជូន​មន្ត្រីរាជការ​ជា​ស្ត្រី​ជាដើម​៕