​ភ្នំពេញៈ​​ លោក វង្ស ពិ​សេន អគ្គ​មេប​ញ្ជាការ​​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​លើក​ឡើងថា​កម្ពុជា​-​អង់​គ្លេស មាន​ទំនាក់​ទំនង​ការទូត​ជាមួយ​គ្នា​ជាង ​៧០​ ឆ្នាំ​ មក​ហើយ​ ហើយ​លោក​សង្ឃឹមថា ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នឹង​បន្ត​ឱ្យ​កាន់​តែ​ល្អប្រ​សើរ​ថែម​ទៀត​។​

​លោក​បាន​លើក​ឡើង​ដូច​នេះក្នុង​ជំនួប​ជា​មួយ​នឹង​នាយ​ការិ​យាល័​យ​សេនានុ​ព័ន្ធ​អង់​គ្លេស​ ប្រចាំ​កម្ពុជា ​មាន​និវេសន​ដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី លោក​វរសេនីយ៍​ជេម​មី មូ​រ៉េ​ចូល​ជួប​ជម្រាប​លា និង​បង្ហាញ​មុខ​នាយកា​រិយាល័​យ​សេនានុ​ព័ន្ធ​​ថ្មី នា​ថ្ងៃទី​ ២៧ ខែ​កក្កដា នៅ​អគ្គ​បញ្ជា​ការ​ដ្ឋាន​។​

​តាម​រយៈ​គេហទំ​ព័រ​កង​ទ័ព​ជើងគោ​ក​នៃ​កងយោ​ធព​ល​ខេមរ​ភូមិន្ទ​ លោក វ​ង្ស ពិ​សេន បាន​លើក​ឡើង​ថា ទំនាក់​ទំនង​ការ​ទូត​នៃ​ប្រទេស​ទាំង ​២​ កម្ពុជា​-​អង់​គ្លេស មាន​ជាង ​៧០​ ឆ្នាំ​ មក​ហើយ ដែល​កន្ល​ងម​កនេះ ​អង់​គ្លេស បាន​ផ្តល់​ជំនួយ​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​ដល់​កម្ពុជា​ ផ្ដល់​ហិរញ្ញ​ប្បទា​ន​ ដើម្បី​ចូល​រួម​អភិរក្ស​ព្រៃ ​និង​ធន​ធាន​ធម្ម​ជាតិ ​និង​បន្ត​ផ្តល់​អាហា​រូប​ករណ៍ ​ដល់​ការ​ដោះមីន​ មនុស្ស​ធម៌​រហូត​គ្រាប់​មីន​ចុង​ក្រោយ​ត្រូវបាន​សម្អាត​ពី​ប្រទេស​កម្ពុជា​ផង​ដែរ​»​។​

​លោក​បាន​ថ្លែង​ថា៖«​លើ​កិច្ចស​ហប្រ​តិបត្តិ​ការ​លើ​វិស័យ​យោធា អង់គ្លេស​បាន​ផ្តល់​អាហារូ​បករណ៍​ដល់​កង​យោធ​ពលខេ​មរ​ភូមិន្ទបាន​ទៅ​ហ្វឹក​ហ្វឺន​នៅ​សាលា​រាជ​បណ្ឌិត្យ​សភា​យោធា​អង់គ្លេ​ស បាន​ដាក់​ស្ថាន​សេនានុ​ព័ន្ធ​អង់​គ្លេស​ប្រចាំ​កម្ពុជា​នៅ​សិង្ហ​បុរីព្រម​ទាំង​បង្កើន​កិច្ច​ទំនា​ក់ទំនង​ នៅក្នុង​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​សន្តិសុ​ខ និង​ការ​បង្ក្រាប​បទ​ល្មើស​ឆ្លង​ដែន​ជាដើម​»​។​

​នា​ឱកា​ស​នោះ ​លោក វង្ស ពិ​សេន ក៏បាន​រំលេច​ឡើង​ផងដែ​រ​ ពី​សភាព​ការណ៍​នៅ​កម្ពុជា ក្រោម​ការដឹ​កនាំ​​របស់​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កម្ពុជា​រក្សា​បាន​រឹងមាំ​នូវ​សន្តិ​ភាព ​ស្ថិរភាព​នយោបា​យ ​ការគ្រប់​គ្រង​បាន​ជំងឺ​កូ​វីដ​១៩​។

​លោក​ថា ៖ «​កត្តា​ទាំងនេះ​បាន​ធ្វើឱ្យ​​កម្ពុជា​ទទួល​ជោគជ័​យ​ជា​បន្តប​ន្ទាប់ ជា​ពិសេស​ ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់​ក្នុងការ​ធ្វើជា​ប្រធាន​អា​ស៊ាន​ប្តូរ​វេន​នា​ឆ្នាំ​២០២២ ​ការធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេម ​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ និង​ការ​បោះឆ្នោត​​ថ្នាក់​ជាតិ ប្រកប​ដោយ​សេរី ​យុត្តិធ​ម៌ ផង​ដែរ​»​។​

​ក្នុង​ជំនួប​ជម្រាប​លា និង​បង្ហាញ​មុខ​នាយ​ការិ​យាល័យ​សេនានុ​ព័ន្ធ​អង់គ្លេ​ស​ថ្មី​នោះដែរ​ លោក វង្ស ​ពិ​សេន ក៏​បង្ហាញ​ពី​សង្ឃឹម​ផងដែ​រ​ថា តា​មរយៈ​​នាយកា​រិយា​ល័យ​សេនានុ​ព័ន្ធ​អង់គ្លេ​ស​ថ្មី​ប្រចាំ​កម្ពុជា លោ​ក អេ​ឌី ម៉ាស់​ខែល ភី​ត​ដឺ​សិន នឹង​បន្ត​កិច្ច​សហ​ប្រតិប​ត្តិការ​រ​វាង​កងទ័ព​ប្រទេស​ទាំង ​២​ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។​

​ជា​ការ​ឆ្លើយត​ប ​លោក ជេ​មមី មូ​រ៉េ ក៏បាន​ថ្លែងអំ​ណរ​គុណ​ចំពោះ​នាយ​ឧ​ត្ត​ម​សេនី​យ៍​អគ្គមេ​បញ្ជា​ការ ដែល​បាន​អនុ​ញ្ញាត​ឱ្យ​រូបលោក​ទាំង ​២​ បាន​ចូលជួប​សម្តែង​ការគួរ​សម និង​បាន​គាំទ្រ​ចំពោះ​ការលើកឡើ​ង​របស់​នាយ​ឧ​ត្ត​ម​​សេនី​យ៍ពី​ទំនាក់​ទំនង និង​កិ​ច្ច​សហ​ប្រតិប​ត្តិការ​រ​វាង​ប្រទេស​ទាំង ​​២​ កម្ពុជា​-​អង់គ្លេស​ នាពេល​កន្លងម​ក​។​

​តាម​រយៈ​ក​ងទ័ព​ជើងគោ​ក​នៃ​កង​យោ​ធ​ពល​ខេម​រភូមិ​ន្ទ លោក ជេ​មមី មូ​រ៉េ បា​នលើក​ឡើង​ដែរ​ថា៖ «​ដើម្បី​បង្កើត​នូវ​ទំនាក់​ទំនង​រវាង​កង​ទ័ព​ប្រទេស​ទាំង ​២ ​លោក​ស្នើសុំ​ការអ​ញ្ជើញ​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គមេ​បញ្ជា​ការ ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ចក្រភព​អង់គ្លេ​ស និង​ចូល​រួម​ក្នុង​ពិធី​បិទ​វគ្គ​សិក្សា ​ដែល​មាន​​និស្សិត​កង​យោធ​ពល​​ខេមរ​ភូមិន្ទ​នៅ​ទី​នោះ​ផង​ដែរ​ នៅ​ក្នុង​ខែធ្នូ ឆ្នាំ​ ២០២៣ ​ខាង​មុខ​»​។​

​ក្នុង​ឱកា​ស​នោះ លោ​ក ជេ​មមី មូ​រ៉េ ក៏បាន​ថ្លែងអំ​ណរគុ​ណ​ចំពោះ​កម្ពុជា ដែល​បាន​គាំទ្រ​អង់គ្លេ​ស​ឱ្យ​ចូល​រួម​​ក្នុងនា​ម​ជា​អ្នក​សង្កេត​ការណ៍​​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​និង​បាន​សន្យា​បន្ត​កិច្ច​សហ​ប្រតិ​បត្តិការ​នៅក្នុ​ង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិ​ក ក៏​ដូច​ជា​សហ​ប្រតិ​បត្តិ​ការ​នៅ​តំបន់​អាស៊ី​៕