ភ្នំពេញៈ កញ្ញា អ៊ឹម រចនា អ្នក​​នាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា មន្ទីរ​កសិកម្ម​ទូទាំង​ ២៥​​​ រាជ​ធានី-ខេត្ត​ បានធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​កសិករ​ដើម្បី​ជួយ​ដល់​កសិករ​ក្នុងការ​ផ្តល់​បច្ចេក​​ទេស​នានា ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​ដំណាំ​នានា ដោយ​សារ​បាតុភូត El Nino (​គ្រោះ​រាំង​​ស្ងួត​អូសបន្លាយ​)។​

​កញ្ញា អ៊ឹម រចនា ថ្លែង​កាលពី​ថ្ងៃទី​ ២៦ ខែកក្កដា​ថា ក្រសួង​បានដឹង​ពី​បាតុភូត El Nino នេះ​តាមរយៈ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដោយ​ធ្លាប់​បានចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាកសិករ ឱ្យបាន​ដឹង​ពី​បាតុភូត​នេះ ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ទប់ទល់ និង​ថែទាំ​ដំណាំ ក្នុងពេលដែល​កម្ពុជា​ត្រូវ​រង​ឥទ្ធិពល​ពី​បាតុភូត El Nino នេះ​។

​កញ្ញា​បញ្ជាក់ថា​៖ «​បាតុភូត El Nino នឹងត្រូវ​ជះឥទ្ធិពល​អាក្រក់​ដល់​ដំណាំ​គ្រប់​ប្រភេទ ដោយ​មិនអាច​ចៀស​បានទេ ប៉ុន្តែ​ទន្ទឹមនឹងនោះ ក្រសួង​ក​សិ​កម្ម​នៅតែ​បន្ត​ធ្វើការ​ជាមួយ​កសិករ ដែល​ត្រូវការ​ជំនួយ​បច្ចេក​​ទេស ដោយ​ក្រសួង​មាន​មន្ត្រី​ជំនាញ​កសិកម្ម សម្រាប់​ផ្តល់យោបល់​លើ​ការបង្ការ និង​ទប់​ស្កាត់​ផលប៉ះពាល់​ទាំងនោះ​»​។​

​ចំពោះ​បាតុភូត El Nino អាច​នឹង​បង្កឱ្យមាន​កត្តា​សត្វល្អិត​ចង្រៃ​បំផ្លាញ​ដំណាំ ដូចជា ចៃ​ស ដង្កូវ​គ្រប់​ប្រភេទ ស្រមើល និង​ពីងពាង​ ក្រហម​ជាដើម​ដែលជា​សត្វល្អិត​បំផ្លាញ​ដំណាំ​របស់​កសិករ​។ អ្នកនាំពាក្យ​ក្រសួងកសិកម្ម​បញ្ជាក់ថា កសិករ​អាច​ទិញ​ថ្នាំ​សម្លាប់​សត្វល្អិត​ណា​ដែល​ស័ក្តិសម​នឹង​ប្រភេទ​សត្វល្អិត ខណៈ​ថ្នាំ​សម្លាប់សត្វ​ល្អិត​ចង្រៃ និង​ជី​ថ្នាំ​កសិកម្ម មានការ​ធ្លាក់​ថ្លៃ​បន្តិច​ហើយ នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​។​

​កញ្ញា អ៊ឹម រចនា បន្ថែមថា​៖ «​នៅពេលដែល​ដំណាំ​របស់​ប្រជា​​កសិករ​យើង រង​ការរំខាន​ដោយ​សមាសធាតុ​ចង្រៃ ការធ្លាក់​ថ្លៃ​នៃ​តម្លៃ​ជី និង​ថ្នាំ​កសិកម្ម អាចជួយ​កាត់បន្ថយ​ការចំណាយ​របស់​កសិក​រ​មួយកម្រិត​ផងដែរ​។ ការ​​ប្រែប្រួល​អាកាសធាតុ​នេះ វា​អាច​ប៉ះពាល់​ទាំង​ដំណាំ និង​ទិន្នផល​របស់​ដំណាំ ប៉ុន្តែ​យើង​មិនទាន់​អាច​សន្និដ្ឋានបានថា វា​អាចធ្វើឱ្យ​ធ្លាក់ចុះ​ទិន្នផល​កសិកម្ម​ក្នុង​កម្រិតណា​ទេ​ខណៈ​បាតុភូត​នេះ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​តំបន់​ណាខ្លះ​ក៏​មិនអាច​ព្យាករ​បានដែរ​»​។​

​បើទោះបីជា ស្វាយចន្ទី ជា​ប្រភេទ​ដំណាំ​ដែល​ធន់​នឹង​អាកាស​ធាតុ​ក្តៅ​យ៉ាងណាក៏ដោយ តែ​សមាគម​ស្វាយចន្ទី​កម្ពុជា នៅតែមាន​ការព្រួយបារម្ភ ពី​ឥទ្ធិ​​ពល​នៃ​បាតុភូត El Nino នេះ ថា នឹង​បង្កឱ្យមាន​ភាព​ក្ដៅ​ស្ងួត​អូសបន្លាយ ខ្វះ​ទឹក ក្នុង​ដី​គ្មាន​សំណើម ដើម្បី​ជួយ​រុក្ខជាតិ​ឱ្យ​លូតលាស់​ល្អ និង​បង្កឱ្យមាន​កត្តាចង្រៃ​បំផ្លាញ​ស្វាយចន្ទី​ដូចជា ចៃ​ស ដង្កូវ​គ្រប់​ប្រភេទ ស្រមើល និង​ពីងពាង​ក្រហម​។​

​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមា​​គម​ស្វាយចន្ទី​កម្ពុជា​ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា សមាគម​បាន​ជូនដំណឹង​រួចហើយ​ដល់​សមាជិក​ជា​កសិករ​ស្វាយចន្ទី​ឱ្យ​ត្រៀម​បង្ការ​ចំពោះ បាតុភូត El Nino ដែលមាន​ឥទ្ធិពល​មកលើ​តំបន់​ចាប់ពី​ខែតុលា ​២០២៣ ដល់​ខែមិថុនា ២០២៤ ខាងមុខ​។​

​សមាគម​ស្វាយចន្ទី​កម្ពុជា បានផ្តល់​ដំណោះស្រាយ​មួយចំនួន​ដូចជា​ត្រូវ​តែង​មែក​ចន្ទី​ឱ្យ​សម​ល្មម ដើម្បីឱ្យ​ដើម​អាច​ចែក​ទឹក​ដល់​គ្រប់​ជ្រុងជ្រោយ​,​ដាក់​ជី​នៅ​គល់​ចន្ទី​ឱ្យ​សមាមាត្រ​នឹង​ដើម ដើម្បី​ផ្ដល់​កម្លាំង និង​សន្សំ​ថាមពល​ដើម​ស្វាយចន្ទី​ឱ្យបាន​យូរ​។​

​លោក​បន្តថា ប្រើ​វិធីសាស្ត្រ​មួយ​ត្រួយ​ចេញ​ផ្កា ដូចជា​ប្រើ​វិធី​ជម្រុះ​ស្លឹក​សម្រាប់​ចន្ទី​អាយុ​លើសពី​ ៧ ​ឆ្នាំ ជាដើម ធ្វើឱ្យបាន​នៅ​ចុងខែ​តុលា ២០២៣ និង​ត្រូវ​រៀន​ស្គាល់ និង​ប្រើ​ថ្នាំ​កសិកម្ម​ឱ្យ​ត្រឹមត្រូវ​តាម​ធាតុ​សកម្ម និង​មុខ​សញ្ញា​សត្វល្អិត បំផ្លាញ ចៀសវាង​ភាពស៊ាំ​ដល់​សត្វល្អិត និង​ការ​ចំណាយ​ច្រើន​ឥតប្រយោជន៍​។​

​លោក អួន ស៊ី​ឡុ​ត បន្ថែមថា ថ្វីដ្បិតតែ​ដំណោះស្រាយ​នេះ​មិន​អាចជួយ​បាន​ ១០០​ ភាគរយ​មែន តែ​យ៉ាងហោច​ក៏​អាចជួយ​ ៥០ ​ភាគរយ​ដែរ​ដល់​អ្នក​ដាំ​ដុះ​ស្វាយ​ចន្ទី​ដែរ​។ បែបនេះ​ក្តី លោក​ថា មិនទាន់​អាចសន្និដ្ឋាន​ពី​ទំហំ​នៃ​ផលប៉ះពាល់​នៅឡើយ​ទេ ប៉ុន្តែ​ការត្រៀមខ្លួន​ទុកជាមុន គឺជា​រឿង​ចាំបាច់​ដែល​កសិករ​ត្រូវធ្វើ​។​

​លោក​ថា​៖ «​យើង​មានតែ​ត្រៀមខ្លួន​ឱ្យ​ហើយ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​បាតុភូត​នេះ​ដែល​ធ្វើយ៉ាងណា​ឱ្យ​ទិន្នផល​ស្វាយចន្ទី​ធ្លាក់ចុះ​តិចតួច​បំផុត​ត្រឹមតែ​ ១០ ​ភាគរយ​។ ហេតុដូច្នេះ​ហើយ​ទើប​នៅ​ខែសីហា​ខាងមុខនេះ យើង​នឹង​អញ្ជើញ​ប្រធាន​សមាគម​ស្វាយ​ចន្ទី​នៅតាម​ខេត្ត​នានា​មក​ពិ​ភា​ក្សា​គ្នា និង​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​»៕