កោះកុងៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងរដ្ឋបាលខេត្តនានា បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៅមុនពេលដែលរាជរដ្ឋាភិបាលចាប់ផ្តើមផ្តល់ប្រាក់ឧបត្ថម្ភរហូតដល់ជាង ២ លានរៀលជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំ ចាប់ពីខែសីហាខាងមុខនេះទៅ។
រដ្ឋបាលខេត្តកោះកុង និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ នាថ្ងៃទី ២៨ ខែកក្កដានេះ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោក ឃួន ឡានិច រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងក្នុងឱកាសនោះថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាការរំឭកឡើងវិញនូវមេរៀន ចំណេះដឹង បទពិសោធន៍ និងមានការកែប្រែនូវចំណុចមួយចំនួនក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលបានអនុវត្តកន្លងមក។
តាមរបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកសារបទដ្ឋានគត្តិយុត្ត មួយចំនួន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលជាកម្មវិធីជាតិជំនួយសង្គមដំបូងគេ កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្រ្ដីនៅពេលសម្រាលកូន និងការផ្ដល់ប្រាក់ឧបត្ថម្ភមាតុភាពជូនមន្រ្ដីរាជការ ដែលសម្រាលកូន មានលក្ខណៈមិនទាន់ឆ្លើយតបនៅឡើយ។ ហេតុនេះ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ វិសាលភាពគាំទ្រដល់ក្រុមគោលដៅមានទំហំធំជាងមុន និងកម្រិតអត្រាឧបត្ថម្ភក៏កើនជាទ្វេដង។
លោកស្រីបានលើកឡើងថា ការដំឡើងកម្រិត និងផ្ដល់ការឧបត្ថម្ភបន្ថែម ជូនស្រ្ដីនៃគ្រួសារមានបណ្ណសមធម៌ កម្មករនិយោជិតជាស្រ្ដី ដែលជាសមាជិក ប.ស.ស និងមន្រ្ដីរាជការ មន្រ្ដីកម្មសិក្សា និងមន្រ្ដីជាប់កិច្ចសន្យាជាស្រ្ដី ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលរហូតដល់កូនអាយុ ២ឆ្នាំ កាន់តែសបញ្ជាក់ឃើញកាន់តែច្បាស់ ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្រ្ដីមានផ្ទៃពោះ និងកុមារតូច ស្របតាមអាទិភាពដែលបាន កំណត់យក “ មនុស្យ “ ជាចម្បង និងគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់ “ ដើម្បីជួយសម្រួលជីវភាព របស់ប្រជាពលរដ្ឋកម្ពុជា។ ជាពិសេស ដើម្បីលើកទឹកចិត្តស្រ្ដីមានផ្ទៃពោះ ឱ្យមកទទួលសេវាពិនិត្យផ្ទៃពោះឱ្យបានស្របតាមនិយាមសុខាភិបាល ដែលអាចជួយកាត់បន្ថយអត្រាមរណៈមាតា និង ទារក និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កុមារតាំងពីវ័យតូច ដែលជាមូលដ្ឋានគ្រឹះក្នុងការក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់បន្ដអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់ សមធម៌ និងបរិយាប័ន្ន នាពេលអនាគត។ នេះបើយោងតាមរដ្ឋបាលខេត្តកោះកុង។
វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក៏ត្រូវបានធ្វើឡើងផងដែរ នៅក្នុងខេត្តមណ្ឌលគិរី នាថ្ងៃទី ២៨ ខែកក្កដានេះ។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងដោយមានកិច្ចសហការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី។
ចាប់ពីខែសីហា សប្តាហ៍ក្រោយនេះទៅ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមផ្តល់ប្រាក់ឧបត្ថម្ភពី ១ ៥២០ ០០០រៀល ដល់ ២ ៧២០ ០០០រៀលជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ ដើម្បីលើកកម្ពស់សុខុមាភាពមាតា និងកុមារតូច និងបន្តដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ។ ការផ្តល់ប្រាក់ឧបត្ថម្ភនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់ពីក្នុងផ្ទៃ រហូតអាយុ ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតីក្នុងរយៈពេល ១ ០០០ ថ្ងៃដំបូងនៃជីវិត៕