កម្ពុជា-កូរ៉េ តាម​រយៈការ​អនុវត្ត​គម្រោង​បោស​សម្អាត​មីន ភាគី​ទាំង ២ បាន​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដែល​ទទួល​បាន​សមិទ្ធផល​ជោគជ័យ ជាមួយ​នឹង​វឌ្ឍនភាព​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​កាត់​បន្ថយ​ការ​គំរាម​កំហែង​ដោយសារ​គ្រាប់មីន​នៅ​កម្ពុជា។

ការ​លើក​ឡើង​នេះ ធ្វើឡើង​នា​ឱកាស លោក លី ធុជ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី១ អាជ្ញាធរ​មីន បានរៀបចំ​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​លា​គ្នា​ជូន លោក នោ ហ្យន់ជូន (Mr. Rho Hyunjun) ប្រធាន​តំណាង​ទីភ្នាក់ងារ កយកា ប្រចាំកម្ពុជា ដែល​ចប់​អាណត្តិ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ ២០២៣។ នេះ​បើ​តាម​អាជ្ញាធរមីន។

នាពិធីនោះ លោក នោ ហ្យន់ជូន បាន​ឆ្លៀត​ឱកាស​បង្ហាញ​ពី​ការ​យល់ឃើញ និង​ចំណាប់​អារម្មណ៍​ចំពោះការ​កាន់​តំណែង​រយៈពេល ៤ឆ្នាំរបស់​លោក​នៅ​កម្ពុជា។ ជាពិសេស លោក​បាន​កោត​សរសើរ​ដល់​អាជ្ញាធរមីន ចំពោះ​ជោគជ័យ​ក្នុង​ការ​អនុវត្ត​គម្រោង​បោស​សម្អាត​មីន ដើម្បី​លទ្ធផល ជាមួយ​នឹង​វឌ្ឍនភាព​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​កាត់​បន្ថយ​ការ​គំរាម​កំហែង​ដោយសារ​គ្រាប់​មីន​នៅ​កម្ពុជា។

លោក​ក៏​បាន​អបអរសាទរ​ដល់​អាជ្ញាធរ​មីន អំពី​ផែនការ ធ្វើជា​ម្ចាស់ផ្ទះ "សន្និសីទ​ពិភពលោក​ជំនួយ​ជន​រងគ្រោះ​លើក​ទី៣" ក្នុង​ខែ​តុលា ឆ្នាំ២០២៣ ខាង​មុខ​នេះ។

ចំណែកលោក លី ធុជ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃ​បេសកកម្ម​រយៈពេល ៤ ឆ្នាំ​របស់​លោក នោ ហ្យន់ជូន នៅ​កម្ពុជា និងបាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង ទីភ្នាក់ងារ កយកា និង អាជ្ញាធរមីន។

បន្ថែមពីនេះ លោកក៏​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​កូរ៉េ តាម​រយៈ​ទីភ្នាក់ងារ កយកា ចំពោះ​ការ​គាំទ្រ​ទាំង​ផ្នែក​ហិរញ្ញ​វត្ថុ និង​បច្ចេកទេស សម្រាប់​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រជាតិ​សកម្មភាព​មីន ២០១៨-២០២៥ និង​សម្រាប់​ភាព​ជោគជ័យនៃ “គម្រោង​បោស​សម្អាត​មីន ដើម្បី​លទ្ធផល​ដំណាក់​កាល​ទី ៤ (CFR-IV)-សកម្មភាព​មីន សម្រាប់​គម្រោង​អភិវឌ្ឍន៍​មនុស្ស”។

ជារួម ភាគី​ពាក់ព័ន្ធ​ទាំង ២ បាន​ទទួល​ស្គាល់​អំពី​សក្តានុពល​ដ៏​សំខាន់ សម្រាប់​កិច្ច​សហប្រតិបត្តិការ ដើម្បី​បង្កើត​លទ្ធផល​ជាក់ស្តែង ដែលនឹង​ធានា​នូវ​ភាព​ជោគជ័យ​នៃ​គម្រោង​បោស​សម្អាត​មីន ដើម្បី​លទ្ធផល​ដំណាក់​កាលទី​៤ ដែល​បាន​ចូលរួម​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ពី​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​គ្រាប់​មីន និង​សំណល់ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក៏​ដូចជា ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តាមសហគមន៍ តាម​រយៈការ​ប្រើប្រាស់​ដី​ប្រកប​ដោយ​សុវត្ថិភាព៕