លោកស្រី Martha A. Mavrommatis ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ស៊ីប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន នៅ​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែង​អំណរគុណ​ចំពោះ​កម្ពុជា ដែល​បាន​បញ្ជូន​កង​កម្លាំង​ទៅ​រក្សា​សន្តិសុខ​នៅ​ប្រទេស ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ។

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ស៊ីប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​បែបនេះ នៅ​អំឡុង​ពេល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក​ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី។

លោកស្រី Martha A. Mavrommatis លោកស្រី បានថ្លែងថា ៖«ស៊ីប ពិតជា​អរគុណ​យ៉ាង​ខ្លាំង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលបាន​បញ្ចូន​កងកម្លាំង​រក្សា​សន្តិភាព​ចូលរួម​រក្សា​សុខ​សុវត្ថិភាព​ក្នុង​ប្រទេស​ស៊ីប ហើយ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ពីរ កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង»។ នេះ​បើ​តាម​អាជ្ញាធរមីន។

ជាមួយគ្នានេះ លោកស្រី​ឯកអគ្គរដ្ឋទូត បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ស្វែងរក​សុខ​សន្តិភាព​ជូន​ដល់​ប្រជាជន​កម្ពុជា និង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​ជោគជ័យ​នៃ​ដំណើរការរៀប​ចំ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​នីតិកាល​ទី៧ កន្លង​ទៅនេះ ប្រកប​ដោយ​សេរី និងយុត្តិធម៌។

ក្នុងឱកាសនោះ លោក​ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន​លើក​ឡើង​ដែរ​ថា កម្ពុជា​មាន​បទ​ពិសោធន៍ និង​ជំនាញ​ដ៏ច្រើន​ខាងផែ្នក​បោស​សម្អាត​មីន ដោយ​ក្នុង​រយៈពេល​ជាង ៣០ ឆ្នាំ​នេះ ហើយ​កម្ពុជា សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ប្រវតិ្តសាស្រ្ត​ក្នុង​ការងារ​បោស​សម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​លើ​ផ្ទៃដី​រាប់ម៉ឺន​ហិកតា។ ក្នុង​នោះ​បាន​ចូលរួម​ដល់​ការ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់ និង​ផ្តល់​ដី​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ការ​តាំង​លំនៅឋាន កសិកម្ម និង​ការ​ស្តារ​ឡើង​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវ័ន្ត ជាដើម។

លោកបានបន្ថែមថា៖ «ក្នុង​នាម​ជា​ប្រទេស​ធ្លាប់​រងគ្រោះ ដោយសារ​សង្រ្គាម រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​បាន​សម្រេច​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ប្រមាណ​ជាង ៨០០០​នាក់ ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ចូលរួម​ធានា​ដល់​សុខ​សុវត្ថិភាព​ដល់​ប្រជាជន​ក្នុង​ប្រទេស​ចំនួន ៩ នៅ​លើ​ពិភពលោក ក្នុង​នោះ​រួម​មាន​សាធារណរដ្ឋស៊ីប ផងដែរ»។

លោក​បាន​លើក​ឡើង​បន្ថែម​ថា ក្រោម​នយោបាយ ឈ្នះ ឈ្នះ ប្រទេស​កម្ពុជា​ទាំងមូល បាន​ឯកភាព​ជាតិ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​បានរួមរស់​ជា​ជាតិខ្មែរ​តែ​មួយ​ប្រកប​ដោយ​សុខដុមរមនា ក្រោយ​បញ្ចប់​សង្រ្គាម ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ និង​យក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​ការ​ស្តារឡើង​នូវ​សេដ្ឋកិច្ច​សង្គម រហូត​ដល់​មាន​ការ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃនេះ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​កាន់តែ​មាន​ភាព​ល្អប្រសើរ និង​ធូរធារ​ជាងមុន។

លោក លី ធុជ បាន​បញ្ជាក់​បន្ថែម​ថា៖ «ទន្ទឹម​នឹង​នោះ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ឱ្យ​មាន​នូវ​ច្បាប់​វិនិយោគ និង​គោលនយោបាយជាតិ​សំខាន់ៗ​ដទៃ​ទៀត ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស និង​សម្រួល​ដល់​ដំណើរ​ការ​ធុរកិច្ច​នៅ​កម្ពុជា ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគិន​ទទួល​បាន​នូវ​ភាព​កក់ក្តៅ និង​ឱកាស​ដ៏​ច្រើន​លើស​លប់​សម្រាប់​ការ​រក​ស៊ី​នៅ​កម្ពុជា ព្រម​ទាំង​បាន​ប្រែ​ក្លាយ​កម្ពុជា ជា​ផ្ទះ​ទីពីរ​របស់​ខ្លួង ផងដែរ»៕