នាឱកាស​ទិវា​ខ្លា​ពិភពលោក អង្គការ​សម្ព័ន្ធ​សត្វព្រៃ (WAC) អំពាវនាវ​ឱ្យមាន​ការយកចិត្តទុកដាក់​ពី​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​អភិរក្ស​សត្វ​ខ្លា ជាពិសេស ការជំរុញឱ្យ​មានការ​ដាក់​សត្វ​ខ្លា​ទៅកាន់​តំបន់​ជួរ​ភ្នំក្រវាញ​ឡើងវិញ ដែល​វា​នឹងមាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​។​

​នៅ​ថ្ងៃទី ២៩ កក្កដា ២០២៣ អង្គការ​សម្ព័ន្ធ​សត្វព្រៃ (WAC) បាន​លើកឡើងថា ខ្លា​គឺជា​សត្វ​មំសាសី (​សត្វ​ស៊ីសាច់​ជា​អាហារ​)​ដោយ​ពួកវា​ជួយ​រក្សា​ចំនួន​សត្វព្រៃ ដោយ​វា​បាន ជួយ​ការពារ ការ​ស៊ី​ស្មៅ​លើស​ចំណុះ និង​បញ្ហា​បរិស្ថាន​ផ្សេងទៀត ខណៈដែល​សត្វ​ខ្លា​ក៏​អាច​បំបែក​គ្រាប់ពូជ​ដែល​ជួយ​បង្កើត​ព្រៃឈើ​ឡើងវិញ​។​

​អង្គការ​សម្ព័ន្ធ​សត្វព្រៃ បាន​បញ្ជាក់ថា​៖"​ក្រៅពី​អត្ថប្រយោជន៍ អេកូឡូស៊ី ការដាក់​សត្វ​ខ្លា​ឡើងវិញ ក៏​នឹងមាន​អត្ថប្រយោជន៍ ខាង​វប្បធម៌​ដែរ​។ ប្រជាជន​ខ្មែរ​មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​ធម្មជាតិ ហើយ​ខ្លា​ត្រូវបាន​គេ​មើលឃើញថា​ជា​និមិត្តរូប​នៃ​កម្លាំង ថាមពល និង​តុល្យភាព​»​។

​តំណាង​អង្គការ​សម្ព័ន្ធ​សត្វព្រៃ (WAC) បាន​បញ្ជាក់ថា​៖«​ពួកយើង​បាន​ចងចាំ​ថា​នៅពេលដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គាំទ្រ​គម្រោងការ​ចិញ្ចឹមសត្វ​ខ្លា​នៅ​កម្ពុជា​ឡើងវិញ​។

​សម្តេច​បាន​និយាយ​កាលពី​ខែសីហា​ឆ្នាំ ២០១៧ ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្តីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ថា ចំនួន​ខ្លា​កាន់តែច្រើន យើង​មាន​មោទនភាព​កាន់តែខ្លាំង​នៅក្នុង​ប្រទេស​របស់​យើង​»​។​

​សូមជម្រាបថា នៅ​ថ្ងៃទី​២៩​ខែកក្កដា ជា​ទិវា​ខ្លា​ពិភពលោក ដោយ​ក្រុម​អ្នក​ស្រលាញ់​ខ្លា និង​សត្វព្រៃ នៅ​ទូទាំង​ពិភពលោក បាន​ប្រារព្ធ​ទិវា​ដ៏​អស្ចារ្យ​ទាំងនេះ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​តម្រូវការ​បន្ទាន់​ដើម្បី​ការពារ​សត្វ​ខ្លា និង​ជម្រក​របស់​ពួកវា​។ ក្រុម​អ្នក​ស្រឡាញ់​ខ្លា បាន​បង្ហោះ​នូវ​រូបភាព​សត្វ​ខ្លា​ជាច្រើន ដោយ​អម​នឹង​ពាក្យពេចន៍​ថា ខ្លា​មិន​ត្រឹមតែ​ជា​រូបតំណាង​នៃ​ភាពស្រស់ស្អាត និង​កម្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏មាន​សារៈសំខាន់​ផងដែរ​ក្នុងការ​រក្សា​តុល្យភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ពួកគេ​។​សូម​ចូល​រួ ម​ទាំងអស់គ្នា ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស ប្រយុទ្ធ​ប្រឆាំងនឹង​ការ​បរបាញ់ និង​អភិរក្ស​សត្វ​ខ្លា​។

​សូមជម្រាបថា កម្ពុជា​និង​ឥណ្ឌា​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ដើម្បី​ចិញ្ចឹមសត្វ​ខ្លា​នៅ​កម្ពុជា​ឡើងវិញ​។ ឥណ្ឌា​គឺជា​ប្រទេស​ដែល​ឈានមុខ​គេ​លើ​ពិភពលោក​ក្នុងការ​អភិរក្ស​សត្វ​ខ្លា ហើយ MoU នឹង​អនុញ្ញាតឱ្យ​កម្ពុជា​បាន​រៀន​ពី​ការហ្វឹកហាត់​ដ៏​ល្អ​ពី​ឥណ្ឌា​ផងដែរ​៕