កំ​ពតៈ លោក យ៉ង សាំង​កុមារ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​​មន្ត្រី និង​ជា​រដ្ឋលេខាធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្លែងថា នៅ​ថ្ងៃទី ​២២ ខែសីហា ខាងមុខ នៅពេល​លោក ហ៊ុន ម៉ា​ណែ​ត ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី លោក​នឹង​ដឹកនាំ​អនុវត្ត​កម្មវិធី​គោលនយោបាយ​ស្នូល​ចំនួន ៧ ហើយ​ក្នុងចំណោម​នោះ មាន​កម្មវិធី​គោលនយោបាយ ស្នូល​ចំនួន ​៣ គឺ​ស្ថិតក្នុង​វិស័យ​កសិកម្ម​។​

​លោក យ៉ង សាំង​កុមារ ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រគល់​គ្រាប់ពូជ​បន្លែ និង​ស្រូវ​សម្រាប់​គម្រោង ​«​លើកកម្ពស់​សន្តិសុខ​ស្បៀង​អាហារូបត្ថម្ភ និង​ជីវ​ភាព ដល់​គ្រួសារ​កសិករ​ក្រីក្រ តាមរយៈ​កម្មវិធី​ផលិតកម្ម​ស្បៀង​ជា​លក្ខណៈ​គ្រួសារ​» ​កាលពី​ថ្ងៃទី ​២៨ ​កក្កដា នៅ​ស្រុក​ឈូក ខេត្តកំពត​។

​លោក​ឱ្យដឹងថា​៖ «​កម្មវិធី​ស្នូល​ទាំង​ ៧​ នោះ​រួមមាន​៖ ទាក់ទង​នឹង​វិស័យ​សុខាភិបាល​, ការបណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​ដល់​យុវជន ​១,៥​ លាន​នាក់​,​ទាក់ទង​នឹង​វិស័យ​សង្គមកិច្ច​,​ទាក់ទង​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​,​ការទម្លាក់​ថវិកា​ហិរញ្ញប្បទាន ១០០ លាន​ដុល្លារ ដើម្បី​រក្សា​លំនឹង​តម្លៃ​កសិផល​ពេល​ប្រ​​មូល​ផល​,​ការដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ នៅ​ទូទាំងប្រទេស​ ១ ៦០០​ នាក់ និង​ចុងក្រោយ​ទាក់ទង​នឹង​សហគមន៍​ក​សិ​កម្ម ដែល​កម្មវិធី​ចុងក្រោយ​នេះ​ទើប​បន្ថែម​នៅពេលដែល​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពីពេល​ថ្មីៗ​នេះ​»​។​

​លោក យ៉ង សាំង​កុមារ បន្ថែមថា កម្មវិធី​គោ​លន​យោ​​បាយ​សំខាន់​ទាំង ​៣ ​នេះ​នៅក្នុង​វិស័យ​កសិកម្ម​សុទ្ធសឹងតែ​ជា​កម្មវិធី​គោលនយោបាយ​ល្អៗ សម្រាប់​ជួយ​ដល់​កសិករ​ខណៈដែល​ក្រសួងកសិកម្ម​កំពុងតែ​មមាញឹក​ក្នុងការ​រៀបចំ​គម្រោង​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុងការ​អនុវត្ត​គម្រោង​សំខាន់ៗ​ទាំងនេះ​។​

​ចំពោះ​គម្រោង ​«​លើកកម្ពស់​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​ជីវភាព​ដល់​គ្រួសារ​កសិករ​ក្រីក្រ តាមរយៈ​កម្មវិធី​ផលិត​​កម្ម​ស្បៀង​ជា​លក្ខណៈ​គ្រួសារ​» ដែលមាន​ការគាំទ្រ​មូលនិធិ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ BMZ តាមរយៈ​គម្រោង MUSEFO នៃ​អង្គការ GIZ និង​ការ​សហ​​ការ​ជាមួយ​ក្រុមប្រឹក្សា​ស្តារ​អភិ​វឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ (CARD) ក្រសួងកសិកម្ម (MAFF) ក្រសួងសុខាភិបាល អង្គការ IRRI និង UNI4COOP អង្គការ Helen Keller អន្តរជាតិ (Helen Keller) លោក យ៉ង សាំង​កុមារ បាន​បញ្ជាក់ថា ជា​គម្រោង​មួយ​ដ៏​សំខាន់ ដែល​ពាក់ព័ន្ធ​គោល​​នយោបាយ​សន្តិសុខ​ស្បៀង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​បាន​ស្នើឱ្យ​អង្គការ Helen Keller អន្តរជាតិ ប្រមូល​ទិន្នន័យ​ពី​សហគមន៍​ដែល​ទទួលបាន​គ្រាប់​ពូជស្រូវ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​អាចឱ្យ​មន្ទីរ​កសិកម្ម​ខេត្តកំពត​អាចជួយ​សម្របសម្រួល​ចុះ​កិច្ច​​សន្យា​កសិកម្ម​ជាមួយ​រោង​ម៉ា​ស៊ីន​កិនស្រូវ​។​

​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​នេះដែរ លោក ហ៊ូ ក្រើន នាយក​ប្រចាំ​ប្រទេស​អង្គការ ហេឡែន ខេ​ល​ល័​រ បាន​លើកឡើងថា អង្គការ ហេឡែន ខេ​ល​ល័​រ បាននិងកំពុង​ចូលរួម​លើកកម្ពស់​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ នៅ​កម្ពុជា​តាមរយៈ​កម្មវិធី​ធំៗ​ចំនួន​ ២​។

លោ​ថា​៖ «​កម្មវិធី​ចំនួន​ ២​ នោះ​រួមមាន​ការអនុវត្ត​គម្រោង​អា​​ហា​រូប​ត្ថ​ម្ភ​ដល់​វិស័យ​សុខា​ភិ​​បាល និង​ការលើកកម្ពស់​សន្តិ​​សុខ​ស្បៀង​តាមរយៈ​គម្រោង​កសិកម្ម​វ័យឆ្លាត​តាមរយៈ​អាហារូបត្ថម្ភ និង​ប្រាក់ចំណូល​គ្រួសារ ដែល​ផ្តោតលើ​ផលិត​កម្ម​ដំណាំ​បន្លែ ផ្លែឈើ ស្រូវ ត្រី​និង​ការចិញ្ចឹម​សត្វ​ជាដើម​»​។​

​លោក​ ហ៊ូ ក្រើន​ បន្តថា គម្រោង​ទាំងនេះ​បានផ្តល់​អាទិភាព​លើ​មុខ​ដំណាំ ពូជ​សត្វ​ដែល​ផ្តល់​គុណភាព និង​គុណ​តម្លៃ​ផ្នែក​អាហារូបត្ថម្ភ និង​ប្រាក់ចំណូល​គ្រួសារ​។ លោក​មានប្រសាសន៍ថា​៖ «​គម្រោង​ផ្តោត​សំខាន់​លើ​ការផ្តល់​បច្ចេកទេស​ពាក់​ព័ន្ធ​នឹង​ការធ្វើ​កសិកម្ម​ឆ្លាត​វៃ និង​ការផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងសង្គម​លើ​អាហារូបត្ថម្ភ ជាមួយ​ការផ្តល់​ធនធាន​កសិក​ម្ម​មួយចំនួន​ដូចជា​៖ ពូជ​បន្លែ ពូជស្រូវ ជីធម្មជាតិ សួន​បន្លែ​សំណាញ់ ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ព័ត៌មាន​កសិកម្ម និង​ផ្ទាំង​សូ​ឡា ជាដើម​»​។​

​បើតាម​អង្គការ ហេឡែន ខេ​ល​ល័​រ បច្ចុប្បន្ន​គម្រោង​នេះ​បាននិងកំពុង​ធ្វើការ​ជាមួយ​សហគមន៍​កសិក​ម្ម​ចំនួន​ ១០០ និង​អ្នក​​ដាំ​បន្លែ និង​ស្រូវ​ចំនួន​ ៤០ ២០១ ​គ្រួសារ នៅក្នុង​ខេត្តតាកែវ កំពត និង​កំពង់ធំ​។ គម្រោង​ក៏​នឹង​បណ្តុះបណ្តាល​យុវជន ​(​អាយុ​ចន្លោះ​ពី ១៨ ដល់ ៣០​ ឆ្នាំ​) លើ​ចំណេះដឹង និង​ជំនាញការ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​អាហារូបត្ថម្ភ និង​របប​អាហារ​សុខភាព តាមរយៈ​កម្មវិធី​មិត្ត​អប់រំ​មិត្ត​៕