​ភ្នំពេញៈ សមាសភាព​រាជរដ្ឋាភិបាល​កម្ពុ​ជាថ្មី នឹង​ទៅ​ចូលរួម​មហា​ស​ន្និ​បាត​អង្គការសហប្រជាជាតិ​លើក​ទី៧៨ (UNGA 78) នៅ​ទីក្រុង​ញូវយ៉ក នា​ខែកញ្ញា ខាងមុខ ដោយ​កម្ពុជា​បាន​ត្រៀមខ្លួន​ប្រើប្រាស់​វេទិកា​ដ៏​ធំ​នេះ ដើម្បី​បង្ហាញ​ទស្សនៈ​កម្ពុជា លើ​បញ្ហា​អន្តរជាតិ និង​ដើម្បី​ជួប​តួអង្គ​ពិភព​លោក​សំខាន់ៗ​ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ខណៈ​ឆ្នាំនេះ UNGA 78 ផ្តោត​សំខាន់​លើ​ការកសាង​ទំនុកចិត្ត​និង​ពង្រឹង​សាមគ្គីភាព​សកល​ឡើងវិញ​។​

​លោក​ អាន សុខ​ខឿន អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៣១ ខែកក្កដា​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​មហាសន្និបាត​អង្គការ​សហ​​ប្រជាជាតិ លើក​ទី៧៨ នៅ​ឆ្នាំ​ ២០២៣ ​នេះ​។ លោក​បាន​បន្តថា តំណាង​កម្ពុជា​លើ​វេទិកា​សកល​ដ៏​ធំ​នេះ នឹងត្រូវ​សម្រេច​ដោយ​រដ្ឋាភិបាល​ប​ន្ទា​ប់ ពោលគឺ​រដ្ឋា​ភិ​បាល​នីតិកាល​ទី​៧ ដែល​នឹង​ដឹកនាំ​ដោយ​លោក​ ហ៊ុន ម៉ា​ណែ​ត ដែល​កម្ពុជា​ធានា​ភាពជា​តំណាង​កម្រិត​ខ្ពស់បំផុត​នៃ​គណៈប្រតិភូ​ដែល​ត្រូវ​ចូលរួម​។​

​លោក​ អាន សុខ​ខឿន បានថ្លែងថា​៖ «​មហាសន្និបាត​នេះ ជា​វេទិកា​សកល​ដ៏​ធំ ដែលមាន​ការ​​ជួបជុំ​ប្រចាំឆ្នាំ​នូវ​វត្តមាន​មេ​ដឹក​​នាំ​ពិភពលោក​នៃ​សមាជិក​អង្គ​ការ​សហប្រជាជាតិ រួមមាន​កម្ពុជា​ផង ដើម្បី​ពិភាក្សា ដេញ​ដោល បង្ហាញ​ទស្សនៈ​ផ្ទាល់​នៃ​ប្រទេស​រៀងៗ​ខ្លួន​ក្នុងការ​ដោះស្រាយ​វិបត្តិ​អន្តរជាតិ​»​។​

​លោក​បន្តថា​៖ «​ការបង្ហាញ​ការប្តេជ្ញាចិត្ត កិច្ចខិតខំ​ប្រឹងប្រែង បទពិសោធន៍​ជោគជ័យ គំនិត​ផ្តួចផ្តើម​ជា​អន្តរជាតិ លើ​កិច្ច​សហប្រតិបត្តិការ សន្តិភាព និង​សន្តិសុខ ហើយ​ជាពិសេស​ដើម្បី​ជជែក​ពី​របៀបវារៈ​ឆ្នាំ​ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​បញ្ជាក់​ទៀតថា តាមរយៈ​ការចូលរួម​កិច្ចពិភាក្សា​ទូ​​ទៅ​របស់ UNGA កម្ពុជា​ទទួលបាន​ឱកាស​ដ៏​ល្អ​ក្នុងការ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​ប្រទេស និង​អង្គការ​អន្តរជាតិ​ផ្សេងៗ​។​

​លោក​បន្ថែមថា កិច្ចសន្ទនា​ទាំងនេះ​មាន​សក្ដានុពល​ក្នុងការ​ពង្រឹង​ផ្នែក​ដែលមាន​អត្ថប្រយោជន៍ ទៅវិញទៅមក​នៃ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ បង្កើត​ភាពជា​ដៃគូ​ថ្មី សហការ​លើ​បញ្ហា​រួម និង​ទទួលបាន​ការគាំទ្រ សម្រាប់​គំនិត​ផ្តួច​ផ្តើម​ផ្សេងៗ​។​

​សូមបញ្ជាក់ថា តាមរយៈ​លិខិត​ចេញផ្សាយ​ដោយ​លោក Dennis Francis ប្រធាន​ជាប់ឆ្នោត​នៃ​អង្គ​មហាសន្និបាត UNGA លើក​ទី​៧៨ នៅ​ថ្ងៃទី​ ២៩ ខែមិថុនា ឆ្នាំ​ ២០២៣ កន្លងទៅ បញ្ជាក់ថា សម័យប្រជុំ​លើក​ទី​៧៨ នេះ មាន​ប្រធានបទ​សំខាន់​គឺ «​ការ​​កសាង​ទំនុកចិត្ត​ឡើងវិញ​និង​ការ​គ្រប់គ្រង​សាមគ្គីភាព​សកល​៖ ការ​ព​ន្លឿ​ន​សកម្មភាព​លើ​របៀប​​វារៈ​ឆ្នាំ ​២០៣០ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្ពោះទៅរក​សន្តិភាព វិបុលភាព វឌ្ឍនភាព​និង​និរន្តរភាព​សម្រាប់​ទាំងអស់គ្នា​»​។

មហាសន្និបាត​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ៥ ដល់​ថ្ងៃទី ១៩ ​ខែកញ្ញា នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​ហើយ​ការពិភាក្សា​កម្រិត​ខ្ពស់​នឹងធ្វើ​​ឡើង​ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែកញ្ញា។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ​លោក​ សេង វណ្ណ​លី សាស្ត្រាចារ្យ​ទំនាក់ទំនង​អន្តរជាតិ និង​ជា​អ្នក​តាម​ដាន​នយោបាយ​តំបន់លើកឡើងថា មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ខែកញ្ញា ជា​កិច្ចប្រជុំ​ប្រចាំឆ្នាំ ដែលមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ពី​ប្រទេស​ជា​សមាជិក​។ លោក​ថា កិច្ចប្រជុំ​នេះ​មិន​ថ្មី​ឡើយ ប៉ុន្តែ​អ្វីដែល​ថ្មី​នោះ គឺ​សមាសភាព​តំណាង​កម្ពុជា ដែល​ត្រូវ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី តាមរយៈ​គណៈ​រដ្ឋា​ភិ​បាល​ថ្មី​នៅ​អាណត្តិ​ទី៧ ដែល​នឹង​ដឹកនាំ​ដោយ​លោក​ហ៊ុន ម៉ា​ណែ​ត ជាមួយ​អ្នកការទូត​ជំនាន់​ថ្មី​។​

​លោក​ សេង វណ្ណ​លី​ សង្កត់ធ្ងន់ថា​៖ «​កិច្ចប្រជុំ​នេះ មាន​សារៈ​សំខាន់ វា​បង្ហាញ​ពី​ការចូលរួម​របស់​រដ្ឋ​ជា​សមាជិក​អង្គការសហ ប្រជាជាតិ​ក្នុង​ដំណោះស្រាយ​វិបត្តិ​សកល ហើយ​ប្រធានបទ​ឆ្នាំនេះ ផ្តោតលើ​ការរួម​គ្នា​ដោះ​​ស្រាយ​បញ្ហា​សកល ​និង​គោល​​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ​(SDG) ដែល​បាន​យឺតយ៉ាវ​ដោយសារ​កូ​វីដ ហើយ​មេដឹកនាំ​នានា​នឹង​ពិភាក្សា​រក​ច្រក​ព​ន្លឿ​ន​ការសម្រេច​»​។

លោក​បាន​បន្តថា មហាសន្និបាត​នេះ​ក៏​អាច​បង្កើតជា​ឱកាស​ក្នុង​ការពង្រឹង​និង​បង្កើត​កិច្ចសហប្រតិបត្តិការ ឬ​គំនិត​ផ្តួចផ្តើម​ថ្មីៗ​នានា តាមរយៈ​ជំនួប​ដាច់ដោយឡែក​រវាង​មេដឹកនាំ ថ្នាក់ដឹកនាំ​រដ្ឋ​និង​រដ្ឋ ឬ​ជាមួយ​អង្គការ​អន្តរជាតិ​នានា​ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី និង​ថ្នាក់​តំបន់​។

​សម្រាប់​លោក ​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លើកឡើង​ដែរ​ថា មហាសន្និបាត​ឆ្នាំនេះ​ផ្តោត​សំខាន់​ទៅលើ​ការកសាង ទំនុកចិត្ត​គ្នា​ឡើងវិញ បន្ទាប់ពី​ប្រព័ន្ធ​ពហុភាគី​និយម​ត្រូវបាន​រង​ការចុះ​ខ្សោយ​ឥទ្ធិពល ព្រោះ​ការប្រណាំង​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច និង​ការបែកបាក់​របស់​ពិភព​​លោក​ជា​ចំណែកៗ​។

លោក​ គិ​ន ភា​ ថា​៖«​យើង​មើលទៅ​គោល​​ដៅ​អភិវឌ្ឍន៍​ក្របខ័ណ្ឌ​អន្តរជាតិ​ទាំង​ប៉ុន្មាន​ត្រូវបាន​រាំងស្ទះ ដោយសារ​ប្រទេស​ធំៗ​ជា​ឆ្អឹងខ្នង​សកល រវល់​ជាប់ដៃ​ធ្វើសង្គ្រាម រវល់​ប្រកួតប្រជែង​ឥទ្ធិពល ភ្លេច​របៀបវារៈ​រួម​របស់​អង្គការ​សហ​ប្រជាជាតិ​»​។

​លោក​ថា វេទិកា​នេះ​ជា​រឿង​សំខាន់​សម្រាប់​គណៈ​​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​ដឹកនាំ​ដោយ​លោក​ ហ៊ុន ម៉ា​ណែ​ត អាច​បង្ហាញខ្លួន​ក្នុង​ក្របខ័ណ្ឌ​អន្តរ​ជាតិ​ដើម្បី​បញ្ជាក់​ពី​ធម្មានុរូប ឬ​ការទទួលស្គាល់​ដោយ​ស្របច្បាប់​នូវ​គណៈ​រដ្ឋាភិបាល​កម្ពុ​ជាថ្មី​នេះ ពី​សហគមន៍​អន្តរជាតិ ដែល​ដូច​ទៅនឹង​ស្ថានការណ៍​ឆ្នាំ​ ២០១៣ ដែល​លោក​ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​អង្គការសហ ប្រជាជាតិ ក្រោយ​ការបោះឆ្នោត​ផងដែរ​៕