ភ្នំពេញៈ ក្នុងឱកាសនៃការអបអរសាទរទិវាឧទ្យានុរក្សពិភពលោក ក្រសួងបរិស្ថានបានសម្ដែងការអរគុណដល់ក្រុមគ្រួសាររបស់មន្ត្រីឧទ្យានុរក្ស និងមន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានបំពេញតួនាទី និងលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តដើម្បីបុព្វហេតុធម្មជាតិ និងបរិស្ថាន។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងបរិស្ថានបានចូលរួមអបអរសាទរទិវាឧទ្យានុរក្សពិភពលោកថ្ងៃទី ៣១ កក្កដា ដែលជាការរំឭកឡើងវិញពីតួនាទី និងភារកិច្ចដ៏សំខាន់របស់មន្ត្រីឧទ្យានុរក្សក្នុងកិច្ចការងារការពារ និងអភិរក្ស ពិសេសកិច្ចការលះបង់របស់មន្ត្រីឧទ្យានុរក្ស ដើម្បីបុព្វហេតុធម្មជាតិ និងបរិស្ថាន។
លោកបានថ្លែងថា៖ «ប្រជាជនកម្ពុជាសូមអរគុណទៅដល់មន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានបំពេញតួនាទី ភារកិច្ចនៅក្នុងតំបន់ការពារធម្មជាតិនានាដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ក្នុងការបំពេញតួនាទីលើកិច្ចអភិរក្សធនធានធម្មជាតិ»។
លោក នេត្រ ភក្ត្រា បានបន្តថា៖ «ការងារជាឧទ្យានុរក្សនេះ មានការលំបាក និងប្រឈមជាមួយនឹងគ្រោះថ្នាក់ ប៉ុន្តែមន្ត្រីឧទ្យានុរក្សទាំងបុរស និងស្ត្រី មានភាពក្លាហាន និងមិនបោះបង់ការងារល្បាតជាប្រចាំនៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជានោះឡើយ»។
បច្ចុប្បន្ននេះ កម្ពុជាមានមន្ត្រីឧទ្យានុរក្សប្រមាណជាង ១ ២០០ នាក់ ដែលបាននិងកំពុងការពារនិងអភិរក្សធនធានធម្មជាតិក្នុងទំហំផ្ទៃដីប្រមាណ ៧,៣ លានហិកតានៅទូទាំងប្រទេស។
លោក នេត្រ ភក្ត្រា ថ្លែងថា៖ «ក្នុងនាមជាក្រសួងបរិស្ថាន យើងខ្ញុំសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះឪពុកម្ដាយ ប្រពន្ធកូន របស់បងប្អូនជាមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលបានលះបង់កូនចៅដើម្បីឱ្យមកបំពេញការងារជាមន្ត្រីឧទ្យានុរក្សក្នុងការការពារធនធានធម្មជាតិរបស់យើងឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត»។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមរបស់មន្ត្រីឧទ្យានុរក្សក្នុងការការពារធនធានធម្មជាតិឱ្យមានលក្ខណៈល្អប្រសើរយ៉ាងដូច្នេះហើយទើបធ្វើឱ្យកម្ពុជាអាចទាញយកចំណូលពីការអភិរក្សរបស់ខ្លួនដោយការលក់ឥណទានកាបូន និងដោយការផ្ដល់ចំណូលដល់សហគមន៍ និងសេដ្ឋកិច្ចជាតិតាមរយៈទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិផងដែរ។ នេះបើតាមការបន្ថែមពីលោកនេត្រ ភក្ត្រា។
ដោយឡែកលោក អូត ឡាទីន មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) ក៏បាន អរគុណដល់មន្ត្រីឧទ្យានុរក្សផងដែរចំពោះការលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តក្នុងការខិតខំថែរក្សាការពារ ធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ លោកបានសំណូមពរទៅកាន់មន្ត្រីឧទ្យានុរក្សទាំងអស់ដោយស្នើឱ្យធ្វើយ៉ាងណាប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវលើការងាររបស់ខ្លួនហើយត្រូវប្ដេជ្ញាចិត្តឱ្យបានខ្ពស់ក្នុងការអនុវត្តច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដើម្បីបន្តបេសកកម្មការពារធនធានធម្មជាតិ ដូចជាករណីតំបន់ព្រៃឡង់ តំបន់ព្រៃព្រះរកាជាដើម។
លោក អូត ឡាទីន បានថ្លែងថា៖ «ខ្ញុំក៏ស្នើឱ្យក្រសួងបរិស្ថានធ្វើការពិចារណា និងផ្ដល់ឱកាសឡើងវិញទៅដល់សហគមន៍តំបន់ព្រៃឡង់ និងសហគមន៍តំបន់ព្រៃព្រះរកា ដើម្បីឱ្យពួកគាត់អាចចុះល្បាតធនធានធម្មជាតិ និងអាចធ្វើការចាប់ដៃគូជាមួយមន្ត្រីឧទ្យានុរក្សទៅលើការងារអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ទាំងនោះផងដែរ»។
សូមបញ្ជាក់ផងដែរថា ទិវាឧទ្យានុរក្សពិភពលោកបានប្រារព្ធឡើងចាប់តាំងពីឆ្នាំ ២០០៧ មក ដោយកំណត់យកថ្ងៃទី ៣១ ខែកក្កដា ជារៀងរាល់ឆ្នាំ។ ការចាប់ផ្តើមប្រារព្ធទិវាឧទ្យានុរក្សពិភពលោកលើកដំបូងត្រូវបានប្រារព្ធឡើងចំថ្ងៃខួបលើកទី ១៥ នៃការបង្កើតសហព័ន្ធឧទ្យានុរក្សអន្តរជាតិថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៧។
សម្រាប់ប្រទេសកម្ពុជា ក្រសួងបរិស្ថានបានប្រារព្ធទិវានេះឡើងជាលើកដំបូងនៅឆ្នាំ ២០១៧ ដោយមានការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការជាតិនិងអន្តរជាតិ ព្រះសង្ឃ សិស្សា-នុសិស្ស សហគមន៍មូលដ្ឋាន សាធារណជន និងស្ថាប័នឯកជននានាយ៉ាងច្រើន។
ទិវាឧទ្យានុរក្សពិភពលោកប្រារព្ធឡើងក្នុងគោលបំណងផ្តល់គុណតម្លៃ និងលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្ស ដែលបានតស៊ូលះបង់ និងបូជាជីវិតដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ ក៏ដូចជាលើកកម្ពស់ការយល់ដឹងរបស់សាធារណជនពីតួនាទីរបស់មន្ត្រីឧទ្យានុរក្សកម្ពុជា ដើម្បីជំរុញលើកទឹកចិត្តសាធារណជនឱ្យចូលរួមជាមួយមន្ត្រីឧទ្យានុរក្ស ដើម្បីការពារនិងគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានប្រកបដោយនិរន្តរភាព៕