កណ្តាលៈ កាកបាទក្រហម​កម្ពុជា​ជំរុញ​សាខា​របស់ខ្លួន​ក្នុង​ខេត្ត​គោលដៅ​ចំនួន ​៤ រួមមាន ខេត្តកណ្តាល ត្បូងឃ្មុំ បន្ទាយមានជ័យ និង​ប៉ៃលិន​បន្ត​អនុវត្ត​ឱ្យមាន​និរន្តរភាព​កម្មវិធី​លើកកម្ពស់​សកម្មភាព​ម​នុស្ស​ធម៌ និង​សុខភាព​សហគមន៍​បន្ទា​ប់​ពី​សហគមន៍​អឺរ៉ុប​បានបញ្ចប់​ប្រតិបត្តិការ​កម្មវិធី​នេះ​។​

​លោកស្រី ​ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា ថ្លែងថា​៖ «​បន្ទាប់ពី​ការបញ្ចប់​ប្រតិបត្តិការ​កម្មវិធី​លើកកម្ពស់​សកម្មភាព​ម​នុស្ស​ធម៌ និង​សុខ​ភាព​សហគមន៍ ដោយសារ​សហគមន៍​អឺរ៉ុប​ផ្លាស់ប្ដូរ​ទិស​​ដៅ​អាទិភាព​ប្រតិបត្តិការ និង​ការងារ​កាត់បន្ថយ​ហានិភ័យ ដូច្នេះ​ខេត្ត​គោលដៅ​នីមួយៗ​ត្រូវ​បង្ហាញ​ពី​ភាពម្ចាស់ការ និង​ភាព​ទទួលខុសត្រូវ​របស់​ខ្លួន ក្នុងការ​បន្តសកម្មភាព​មនុស្ស​ធម៌ និង​សុខភាព​សហគមន៍​ឱ្យមាន​និរន្តរភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​»​។​

​លោកស្រី​ថ្លែង​បែបនេះ ក្នុង​ពិធី​បិទ និង​ប្រគល់​កម្មវិធី​លើក​កម្ពស់​សកម្មភាព​មនុ​ស្ស​ធម៌ និង​សុខភាព​សហគមន៍ ដល់​សាខា​កាកបាទក្រហម​ខេត្ត​គោលដៅ​ទាំង​ ៤​ នេះ​នៅ​ថ្ងៃទី​ ៣១ កក្កដា​។​

​លោកស្រី​បន្តថា កម្មវិធី​នេះ​មានការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​សហ​គម​ន៍​អឺរ៉ុប​តាមរយៈ​សហព័ន្ធ​​អន្តរជាតិ​កាកបាទក្រហម អឌ្ឍ​ចន្ទ​ក្រហម កាកបាទក្រហម​ហ្វាំ​ង​ឡង់ និង​កាកបាទក្រហម​​កម្ពុជា​។ កម្មវិធី​នេះ​បាន និង​កំពុង​អនុវត្ត​នៅក្នុង​ ១៩៤ ​ភូមិ​ ២០ ​ឃុំ ១០​ ក្រុង​-​ស្រុក ក្នុង​ខេត្ត​ទាំង ​៤ ​នេះ ៣ ​ឆ្នាំ​មកហើយ​។

​កម្មវិធី​នេះ​មាន​គោលដៅ​រួម​​ចំណែក​ក្នុងការ​លើកកម្ពស់​សុ​ខុ​មាល​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ដោយ​អនុវត្ត​ការងារ​សំខាន់ៗ​ចំនួន​ ៣ គឺ​ការត្រៀម​បង្ការ​ជំងឺ​រាតត្បាត​,​ការគ្រប់គ្រង​គ្រោះមហន្តរាយ​និង​ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​ស្ថាប័ន​។​

​លោក ​គង់ សោ​ភ័​ណ្ឌ អភិ​​បាល​កណ្ដាល និង​ជា​ប្រធាន​​គណៈកម្មាធិការ​សាខា​កាកបាទ​​ក្រហម​កម្ពុជា​ប្រចាំខេត្ត​កណ្តាល​បាន​ថ្លែងថា សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល​បាន​អនុវត្ត​កម្មវិធី​នេះ​នៅ​ភូមិ​គោល​​ដៅ​ចំនួន​ ៤១ ក្នុង​ឃុំ​ចំនួន ​៦ នៃ​ស្រុក​គោលដៅ​ចំនួន ៣ ទូទាំង​ខេត្ត រួមមាន ស្រុក​ខ្សាច់កណ្ដាល ស្រុក​លើកដែក និង​ស្រុក​កោះធំ ដោយបាន​អនុវត្ត​លើ​ខ្នង​ផ្ទះ​សរុប​ ១៤ ៦១៧ ​ខ្នង មាន​អ្នកទទួលផល​ ១៥ ៧៥៤ ​គ្រួសារ​។​

​កាលពី​ថ្ងៃទី​ ២០ ខែកក្កដា មន្ត្រី​សាខា​កាកបាទក្រហម​កម្ពុជា​ប្រចាំ​ខេត្តកណ្តាល​បាន​នាំយក​ជំនួយ​មនុស្សធម៌ ទៅ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ការបាក់​ស្រុត​ផ្ទះ​នៅតាម​មាត់ច្រាំង​ព្រែក​ត្នោត​ចំនួន​ ១២ ​គ្រួសារ ដែលមាន​សមាជិក​ចំនួន ២៣​ នាក់ នៅក្នុង​ភូមិ​ព្រែ​កតា​ពៅ និង​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​លោក​ ទៀង សុគន្ធ នាយក​សាខា​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខេត្តកណ្តាល បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការ​ខូច​​ខាត​ផ្ទះសំបែង និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​នេះ​ជា​គ្រោះមហន្តរាយ​បង្កដោយ​សារធម្ម​ជាតិ​។​

​លោក​បាន​ថ្លែងថា​៖ «​ថ្វី​ដ្បិត​តែ​ជំនួយ​មនុស្សធម៌​ដែល​បាន​នាំយកមក​ចែកជូន​បង​ប្អូន​នាពេលនេះ​មាន​ចំនួន​តិចតួច មិន​សម​ទៅនឹង​ទំហំ​នៃ​ការខាតបង់​ក៏ពិតមែន តែ​វា​ក៏​អាចជួយ​សម្រាល​ទុក្ខលំបាក​របស់​បងប្អូន​បាន​មួយកម្រិត​ផងដែរ​»​។​

​នៅ​ថ្ងៃ​ដដែល​នោះ​មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា​ប្រចាំខេត្ត​កណ្តាល ក៏បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​​កាកបាទក្រហមកម្ពុជា​ប្រចាំខេត្ត​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ ចំនួន​ ២ ​គ្រួសារ ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​កោះ​​ទៀវ ​(​ក​) សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្តកណ្ដាល​។​

​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​ខេត្តកណ្តាល​បានឱ្យដឹងថា កាលពី​ចុងខែ​មិថុនា មន្ត្រី​កាកបាទក្រហម​ខេត្តកណ្តាល​បាន​នាំយក​អំណោយ​មនុស្ស​ធម៌​របស់​កាកបាទក្រហម​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ ២ ​នាក់ ដែល​រង​គ្រោះ​ដោយ​ឆក់​ខ្សែភ្លើង​បណ្ដាលឱ្យមាន​ពិការភាព នៅក្នុង​ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម រងគ្រោះ​ដាច់​ដៃ​ទាំងសងខាង និង​ជើង​ទាំង​ ២ ពិការ​មិនអាច​ដើរ​បាន និង​ម្នាក់ទៀត​នៅ​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ដោយបាន​រងគ្រោះ​ដាច់​ដៃ​ទាំងសងខាង​៕