ព្រះសីហនុៈ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​លោក​ ទៀ បាញ់ បានធ្វើការ​គូសបញ្ជាក់​ជាថ្មី​ថា មូល​​ដ្ឋា​ន​ទ័ពជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ជា​កម្មសិទ្ធិ​ផ្តាច់មុខរ​បស់​កម្ពុជា មិនមែនជា​របស់​បរ​ទេស​ណាមួយ​ឡើយ​គ្រាន់​តែ​ការធ្វើ​ទំនើបកម្ម​មូលដ្ឋាន​នេះ ត្រូវបាន​ចិន​ជួយ​ជា​ជំនួយ​បច្ចេកទេស​តែប៉ុណ្ណោះ​។

​លោក​សង្កត់ធ្ងន់​បន្តថា កម្ពុ​ជាមាន​សិទ្ធិ​ក្នុង​ការធ្វើ​ទំនើបកម្ម​យោធា​ខ្លួន ហើយ​មូលដ្ឋានទ័ព​រាម​មិនបាន​គំរាមកំហែង​សន្តិ​សុខ​តំបន់​នោះទេ ដែល​ការធ្វើ​ទំនើបកម្ម​នេះ​ក្នុងន័យ​ពង្រឹងសមត្ថភាព​ការពារជាតិ និង​ដើម្បី​បុព្វហេតុ​សន្តិភាព​។​

​ការបញ្ជាក់​របស់​ប្រមុខ​ការ​ពារ​ជាតិ​កម្ពុជា​នេះ ធ្វើឡើង​តាមរយៈ​កិច្ចសន្ទនា​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ១ ខែសីហា គឺ​ ២ ​ថ្ងៃ​បន្ទាប់ពី លោក និង​ថ្នាក់ដឹកនាំ​ក្រសួង​ការ​ពារ​ជាតិ បាន​ចុះ​ត្រួតពិនិត្យ​ការ​ដ្ឋា​ន​សាងសង់​មូលដ្ឋានទ័ព​រាម នៅ​ចំពោះមុខ​ការលើកឡើង​ពី​បណ្តាញ​ផ្សព្វផ្សាយ​អន្តរជាតិ​យ៉ាង​ផុសផុល​ថា មូលដ្ឋានទ័ព​រាម​នេះ ជា​កម្មសិទ្ធិ​របស់​ចិន ក្នុង​យុទ្ធសាស្ត្រ​សមុទ្រ​ចិន​ខាង​ត្បូង ដែលជា​មូលដ្ឋានទ័ព​ចិន​ក្រៅប្រទេស​ទី​២ នៅលើ​ពិភព​លោក​។​

​ជុំវិញ​បញ្ហា​នេះ លោក​ ទៀ ​​បាញ់ បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បញ្ជា​ក់មួយ​ថា សំណង់​នៅ​មូល​ដ្ឋា​ន​រាម ដែល​កំពុង​សាងសង់ ឬ​កំពុង​ធ្វើ​ទំនើប​កម្មនេះ គឺ​នៅក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា គឺ​កម្ពុជា​ជា​ម្ចាស់ គ្មាន​នរណា​ផ្សេង​មក​ធ្វើជា​ម្ចាស់​ទេ ប៉ុន្តែ​កម្ពុជា​ស្វះ​ស្វែងរក​ជំនួយ គឺ​យើង​រកបាន​ជំនួយ​ពី​ចិន ដោយ​ជួយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​សមុទ្រ​»​។

លោក​បាន​បន្តថា ចិន​បាន​ជួយ​ផ្នែក​បច្ចេកទេស​លើ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​យោធា​ដូចជា កំពង់ផែ រោង​ជាង អគារ​សម្រាប់​ស្នាក់​នៅ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កង​ទ័ព ជាដើម​សម្រាប់​ការប្រើប្រាស់​របស់​កងទ័ព​កម្ពុជា​ប៉ុណ្ណោះ​។​ការធ្វើ​ទំនើប​កម្មនេះ ដើម្បី​បង្កើន​សមត្ថភាព​ផ្នែក​យោធា​កម្ពុជា​ក្នុង​បុព្វហេតុ​សន្តិភាព មិន​ដូច​ការ​​ចោទប្រកាន់​នានា​ថា ជាការ​គំរាមកំហែង​សន្តិសុខ​តំបន់​នោះឡើយ ហើយ​ជា​សិទ្ធិ​របស់​កម្ពុជា​ក្នុង​ដែន​អធិបតេយ្យភាព​របស់ខ្លួន​។​

​លោក​លើកឡើងថា ការធ្វើ​ទំនើបកម្ម​មូលដ្ឋានទ័ព​រាម ជាការ​ចាំបាច់​មិនអាច​ខ្វះ​បាន ដើម្បី​បម្រើ​ដល់​ការថែទាំ និង​ជួសជុល​នាវា យោធា​ចាស់ៗ​របស់​កម្ពុជា និង​ជាការ​បើកផ្លូវ​សមត្ថភាព​ផែ ដែល​អាច​ផ្ទុក​នាវាចម្បាំង​ធុន​មធ្យម​នៅពេល​ខាងមុខ ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ដែន​អធិបតេយ្យ​ជើង​ទឹក​របស់​កម្ពុជា​។

​លោក ទៀ បាញ់ បញ្ជាក់ថា ៖ «​ការធ្វើ​ទំនើបកម្ម​មូលដ្ឋាន​​យោធា​ជើង​ទឹក​រាម​នេះ មិន​មែន​កើតចេញ​ងាយៗ​ទេ យើង​បាន​ស្វែងរក​ជំនួយ និង​លទ្ធ​ភាព​នេះ​រាប់សិប​ឆ្នាំ ទម្រាំ​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ​ដូច្នេះ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​កម្ពុជា​ក្នុង​ផ្នែក​សមុទ្រ​ហ្នឹង​»​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក​ ថុង ម៉េង​ដា​វិត អ្នក​សិ​ក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​សិក្សា​យុទ្ធ​​សាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) និង​ជា​អ្នកជំនាញ​ការទូត​សន្តិសុខ​យល់ស្រប​ចំពោះ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ ដែល​លោក​ថា ជាការ​សមស្រប​នឹង​បរិបទ​សន្តិសុខ​តំបន់​នាពេល​បច្ចុប្បន្ន ខណៈ​កម្ពុជា​តែង​ប្រកាន់​អព្យាក្រឹត​ក្នុងការ​ធ្វើ​ទំនើបកម្ម​យោធា និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​ខ្លួន​ដើម្បី​បង្កើន​សមត្ថ​ភាព​កងទ័ព​ស្របពេល​ចរន្ត​ពិភព​លោក​ក៏​កំពុង​ឱ្យ​រដ្ឋ​នីមួយៗ ពង្រឹងសមត្ថភាព​ផ្នែក​នេះ​ដូចគ្នា​។​

​លោក​ ថុង ម៉េង​ដា​វិត ប្រាប់ថា​៖ «​ការអភិវឌ្ឍ​មូលដ្ឋាន​កង​ទ័ពជើងទឹក​រាម ជាការ​លើក​កម្ពស់​បច្ចេកទេស​កសាង​ជំនាញ​និង​ពង្រីក​ចំនួន​នាវា​ដែល​អាច​សំចត​បាន​។ មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ជា​មូលដ្ឋានទ័ព​យុទ្ធ​​សាស្ត្រ​របស់​កម្ពុជា​ក្នុង​ប្រតិបត្តិ​ការការពារ​អធិបតេយ្យ​ដែន​សមុទ្រ​កម្ពុជា ក៏ដូចជា​កិច្ច​សហប្រតិបត្តិការ និង​សមយុទ្ធ​ជាមួយនឹង​ប្រទេសជិតខាង និង​ដទៃទៀត​»​។​

​លោក​បន្តថា ការអភិវឌ្ឍ​មូល​ដ្ឋា​ន​កងទ័ពជើងទឹក​រាម ជា​ចំណែក​ដើម្បី​ការពារ​សន្តិសុខ អធិបតេយ្យភាព​កម្ពុជា ជាការ​បម្រើ​ដល់​ប្រយោជន៍​កម្ពុជា​ខ្លួន​ឯង មិនមែន​ដើម្បី​បម្រើ​បរទេស ឬ​ប្រទេស​មហាអំណាច​ណាមួយ​ឡើយ​។​

​ទន្ទឹមនឹងនេះ លោក រ៉ូ វណ្ណៈ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ យល់ថា ជាធម្មតា​ការធ្វើ​ទំនើបកម្ម​យោធា​របស់​រដ្ឋ​មួយ តែង​ធ្វើឱ្យ​រដ្ឋ​ក្បែរ​ខាង​មានការ​ព្រួយបារម្ភ​ហើយ ជាក់​​ស្តែង​ទំនើបកម្ម​យោធា នៃ​មូល​ដ្ឋា​ន​ទ័ព​រាម​នេះ ប្រាកដជា​ធ្វើឱ្យ​ប្រទេសជិតខាង និង​ប្រទេស​ដទៃ​មើលឃើញថា ជាការ​គំរាម​​កំហែង​ដល់​សន្តិសុខ​របស់​ពួក​គេ​មិន​ខាន​។

​លោក រ៉ូ វណ្ណៈ ពន្យល់​ពី​លក្ខខណ្ឌ​ពិភពលោក​ពហុ​ប៉ូល និង​ការ​ប្រ​ណាំ​ប្រ​ជែង​ភូមិសាស្ត្រ​នយោបាយ ជាប់​ពាក់ព័ន្ធ​កម្ពុជា​ដូច្នេះ​ថា​៖ «​ជាធម្មតា ខណៈពេល​ចិន និង​អាមេរិក​កំពុង​ប្រកួតប្រជែង​ឥទ្ធិពល ការធ្វើ​ទំនើបកម្ម​មូល​​ដ្ឋា​ន​យោធា​រាម​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ចិន​នេះ ត្រូវបាន​លោកខាងលិច​មើលឃើញ​ជាការ​គំរាមកំហែង​»​។

​លោក​បាន​បន្តថា​៖«​ក្នុងន័យនេះ វា​ចៀស​មិន​ផុតពី​ការ​ចោទ​​ប្រកាន់​ជុំវិញ​លទ្ធភាព​នៃ​វត្តមាន​មូលដ្ឋានទ័ព​ចិន នៅ​កម្ពុជា ហើយ​កម្ពុជា​នឹងត្រូវ​ទទួលរង​សម្ពាធ​ដទៃទៀត​នៅពេល​ខាង​​មុខ​»​។ នៅ​ចំពោះ​មុខការ​ប្រ​ណាំង​ប្រជែង​ឥទ្ធិពល​រវាង​ចិន​និង​សហរដ្ឋអាមេរិក​នេះ លោក ​រ៉ូ វណ្ណៈ​យល់ថា ប្រធានបទ​ជុំវិញ​មូលដ្ឋានទ័ព​រាម និង​វត្តមាន​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា​នឹង​នៅតែ​ជាការ​ជជែក​វែកញែក​ដ៏​ក្តៅគគុក​សម្រាប់​វេទិកា​តំបន់ និង​អន្តរជាតិ​។​

​សូមជម្រាបថា ប្រធានបទ​ជុំវិញ​ការធ្វើ​ទំនើបកម្ម​មូលដ្ឋាន​ទ័ពជើងទឹក​រាម​កម្ពុ​ជា នៅតែមាន​ភាពចម្រូងចម្រាស​ក្នុង​រង្វង់​មតិ​អន្តរជាតិ ជាពិសេស​រវាង​សម្ព័ន្ធមិត្ត​អាមេរិក និង​កម្ពុជា បន្ទាប់ពី​កម្ពុជា​សម្រេច​វាយ​កម្ទេច​អគារ​មួយ​ដែលជា​ជំនួយ​របស់​អាម​រិ​កនៅ​មូលដ្ឋានទ័ព​រាម​នេះ​កាលពី​ខែតុលា ឆ្នាំ ២០២០​។​

​ចាប់ពីពេលនោះ​មក​សហ​រដ្ឋ​​អាមេរិក​បាន​ចោទ​កម្ពុជា​ថា បានប្រគល់​សិទ្ធិផ្តាច់មុខ​នៃ​មូលដ្ឋាន​ទ័ព​រាម​ឱ្យទៅ​ចិន ខណៈដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​ចិន​បាន​បដិសេធ​ជារឿយៗ​ចំពោះ​ការ​​ចោទប្រកាន់​នេះ និង​ខណៈដែល​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​បាន​ចែងថា មិន​អនុញ្ញាតឱ្យ​បរទេស​ណាមួយ​ដាក់​មូលដ្ឋានទ័ព​ខ្លួន​នៅលើ​ទឹកដី​កម្ពុជា​បានឡើយ​៕