ភ្នំពេញៈ នៅ​ឆ្នាំ ​២០២៦ ប្រទេស​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​សន្និបាត​សមាគម​កាយ​ប្ញ​ទ្ធិ​នារី​ពិភពលោក​លើក​ទី​៣៩ បន្ទាប់ពី​អង្គសន្និបាត​សមាគម​កាយឫទ្ធិ​នារី​ពិភព​លោក​លើក​ទី៣៨ បាន​បោះ​​ឆ្នោត​សម្រេច​ផ្តាច់ព្រ័ត្រ​ជូន​ប្រទេស​កម្ពុជា​ក្នុងចំណោម​ប្រទេស​ ២​ ចុងក្រោយ​។​

​ការទទួលបាន​លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ​បានទទួល​ការអបអរសាទរ​និង​ការសម្តែង​ការសប្បាយរីករាយ​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​ប្រទេស​កម្ពុជា មន្ត្រីរាជការ សមាគម និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើនរូប​ផងដែរ​។​

​កាលពី​រាត្រី​ថ្ងៃទី​ ៣១ ខែកក្កដា ឆ្នាំ​ ២០២៣ សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​បាន​ជូនដំណឹង​ពី​ជ័យជម្នះ​នេះ ដោយបាន​លើកឡើងថា លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​អង្គសន្និបាត​លើក​ទី​ ៣៨ របស់​សមាគម​​កាយឫទ្ធិ​នារី​ពិភពលោក​ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ​២៦ ដល់​ថ្ងៃទី ​៣១ ខែកក្កដា នៅ​សាធារណរដ្ឋ Cyprus​។​

​នៅមុន​ទទួលបាន​លទ្ធ​ផល​ល្អ​នេះ គណៈប្រតិភូ​កម្ពុជា​បាន​ព្យាយាម​យ៉ាង​ស្វិតស្វាញ និង​សកម្ម ដើម្បី​ស្នើ​បេ​ក្ខ​ភាព​កម្ពុជា​ឱ្យបាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រទេស​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​រៀបចំ​សន្និបាត​ពិភពលោក​លើក​ទី​៣៩ នៅ​ឆ្នាំ​ ២០២៦​។​

​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា បាន​បញ្ជាក់ថា​៖ «​កម្ពុជា​ត្រូវបាន​ជាប់​ក្នុងចំណោម ៣ ​ប្រទេស​ចុងក្រោយ រួមមាន កម្ពុជា​,​ ហ្គា​ណា និង​ទុយ​នេ​ស៊ី ក្រោយ​​ពី​គណៈកម្មាធិការ​បាន​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​សម្រាប់​ឈានទៅ​បោះឆ្នោត​វគ្គ​បន្ត​»​។

​ប្រភព​ដដែល​បាន​បន្តថា​៖ «​បន្ទាប់មក​កម្ពុជា​យើង​ក៏បាន​បន្ត​ជាប់​ក្នុងចំណោម ​២​ ប្រទេស​ចុងក្រោយ គឺ​កម្ពុជា និង​ហ្គា​ណា ដើម្បី​ឈានទៅ​បោះឆ្នោត​សម្រេច​ផ្តាច់ព្រ័ត្រ ហើយ​នៅ​ទីបំផុត និង​ជាល​ទ្ធ​ផល​ប្រវត្តិសាស្ត្រ និង​មហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​កម្ពុជា​យើង​ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត​ពិភពលោក​លើក​ទី៣៩ ឆ្នាំ ​២០២៦ របស់​សមាគម​កាយ​ប្ញ​ទ្ធិ​នារី​ពិភពលោក​»​។

​ឆ្លៀតឱកាស​នេះដែរ សមាគម​កាយ​ឫទ្ធិ​នារី​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​ជនរួមជាតិ​ទាំងអស់​ដែល​បាន​ជួយ​គាំទ្រ ទាំង​កម្លាំងចិត្ត និង​ថាមពល​នានា​ដែល​សកម្មភាព​ទាំងនេះ​បាន​ឆ្លុះ​បង្ហាញ​អំពី​សាមគ្គី​ភាពជា​ធ្លុង​មួយ​ក្នុង​ការលើក​​ស្ទួយ​កិត្តិនាម​ប្រទេសជាតិ ទោះ​ក្នុង​កាលៈ​ទេសៈណា​ក៏ដោយ​រហូត​សម្រេចបាន​សមិទ្ធផល​ល្អប្រសើរ​ត្រចះត្រចង់​នេះ​។​

​សូមបញ្ជាក់ថា សមាគម​កាយ​ប្ញ​ទ្ធិ​នារី​ពិភពលោក មាន​សមាជិក​មកពី​ ១៦៩​ ប្រទេស​មកពី​គ្រប់​ទ្វីប​លើ​ពិភពលោក​។​

​លោក​ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​កាយរឹទ្ធិ​ជាតិ​កម្ពុជា ក៏បាន​ចេញ​សារ​លិខិត​អបអរសាទរ​ចំពោះ​សមាគម​​កាយឫទ្ធិ​នារី​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​លើក​នេះ​។​

​លោក​បាន​លើកឡើងថា៖ «​ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ឥតឧបមា​ប្រកបដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ជា​ប្រវត្តិសាស្ត្រ​នៃ​ចលនា​កាយឫទ្ធិ​នារី​​កម្ពុជា​ដែល​អង្គសន្និបាត សមាគម​កាយឫទ្ធិ​នារី​ពិភពលោក​បាន​បោះឆ្នោត​គាំទ្រ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត​សមាគម​កាយឫទ្ធិ​នារី​ពិភពលោក​លើក​ទី​៣៩ នៅក្នុង​ឆ្នាំ​ ២០២៦ នាពេលខាងមុខ​»​។​

​លោក​ ហង់ជួន ណា​រ៉ុ​ន បាន​បន្តថា សមាគម​កាយឫទ្ធិ​នារី​កម្ពុជា បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ពិភពលោក​នេះ​ជា​មហា​កិត្តិយស​ដ៏​ឧ​ត្តុ​ង្គ​ឧ​ត្ត​ម​សម្រាប់​ប្រជាជន​កម្ពុជា​ព្រមទាំង​ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​បន្ថែមទៀត​សម្រាប់​ចលនា​កាយរឹទ្ធិ​កម្ពុជា ដែល​បានបង្ហាញ​ពី​កិត្យានុភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។

​ជាមួយគ្នានេះដែរ លោក​ ហ៊ុន ម៉ា​ណែ​ត អនាគត​នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុង​អា​ណ​ត្តិ​ទី​៧​ នេះ និង​ជា​ស្វាមី​របស់លោក​​ស្រី ពេ​ជ ចន្ទ​មុន្នី ក៏បាន​បង្ហោះ​សារ​អប​​អរសាទរ​រួមជាមួយ​នឹង​វីដេអូ​បង្ហាញ​ពី​ការប្រកាស​លទ្ធផល​នៃ​ជោគជ័យ​នេះ​ផងដែរ​។​លោក​បាន​សរសេ​រលើប​ណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តេ​ឡេ​ក្រាម​ថា​៖ «​ទីបំផុត​មេ​របស់ខ្ញុំ និង​ក្រុមការងារ​របស់គាត់​ធ្វើបាន​ហើយ​។ កម្ពុជា​ទទួល​ជ័យជម្នះ​ជាប់ឆ្នោត​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត​សមា​គម​កាយ​ប្ញ​ទ្ធិ​នារី​ពិភពលោក​លើក​ទី​៣៩ នៅ​ឆ្នាំ​ ២០២៦»​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា​៖ «​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​ក្រុម​ការ​​ងារ​សមាគម​កាយ​ប្ញ​ទ្ធិ​នារី​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​រហូត​ទទួលបាន​លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ​ជូន​ប្រទេស​កម្ពុជា​យើង​នៅលើ​ឆាក​អន្តរជាតិ​»​។

​សូមជម្រាបថា សមាគម​កាយ​ប្ញ​ទ្ធិ​នារី​ពិភពលោក ​(WAGGGS) ត្រូវ​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩២៨ នៅ​ទីក្រុង Parád ​ប្រទេស​ហុង​គ្រី និង​មាន​ទី​ស្នាក់​ការ​កណ្តាល​នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​។ សមាគម​នេះ​មាន​បេសកកម្ម​ចម្បង​ក្នុង​ការជំរុញ​ក្មេងស្រី និង​ស្រី​វ័យក្មេង​ឱ្យសម្រេចបាន​សក្តានុពល​ខ្ពស់​ក្នុងនាម​ជា​ពលរដ្ឋ​ដែលមាន​ការ​ទទួលខុស​ត្រូវជា​សក​ល​។

​សមាគម​នេះ​ផ្តល់​កម្មវិធី​អប់រំ​ផ្លូវ​ការដែល​ផ្តល់​ការបណ្តុះបណ្តាល​ពី​បំ​ណិ​ន​ជីវិត ភាពជា​អ្នកដឹកនាំ និង​ការសម្រេចចិត្ត​ដល់​ស្ត្រី​ដើម្បី​មាន​ភាព​អ្នកដឹកនាំ​សម្រាប់​សហគមន៍ជាតិ និង​អន្តរជាតិ​៕