​ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បានធ្វើការ​ប្រជុំ​ឆ្លង​សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី​ឯក​​សណ្ឋាន ស្លាក​សញ្ញា និង​សញ្ញា​ស័ក្តិ របស់​មន្ដ្រី​ពន្ធនាគារ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​ការណែនាំ និង​ពិនិត្យ​លើ​សេចក្តី​​ព្រាង​នេះ​។​

​ជាមួយគ្នា​នោះដែរ លោក ស ​ខេង ក៏បាន​ណែនាំ​ដល់​អគ្គនាយក​ដ្ឋា​ន​ពន្ធនាគារ ត្រូវ​ជ្រើសរើស​ពណ៌​ឯកសណ្ឋាន​របស់​មន្ដ្រី​ពន្ធ​​នាគារ​ឱ្យបាន​សមស្រប មុន​ចេញ​អនុក្រឹត្យ​ជា​ផ្លូវការ​។​

​តាមរយៈ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី ​១ ខែសីហា កិច្ចប្រជុំ​ឆ្លង​សេចក្ដីព្រាង​អនុក្រឹត្យ ស្ដីពី​ឯក​​សណ្ឋាន ស្លាក​សញ្ញា និង​សញ្ញា​ស័ក្តិ របស់​មន្ដ្រី​ពន្ធនាគារ ក៏មាន​ការចូលរួម​ពី​រដ្ឋលេខាធិការ​ប្រចាំការ​, រដ្ឋលេខាធិការ​, អនុ​រដ្ឋ​លេខាធិការ​ក្រសួងមហាផ្ទៃ​, អគ្គនាយកដ្ឋាន​រដ្ឋបាល​, អគ្គ​នា​​យក​ដ្ឋា​ន​ពន្ធនាគារ និង​អ្នក​ពាក់​​ព័ន្ធ​ជាច្រើនរូប​ទៀតផង​ដែរ​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក ប៊ុន​ ​ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានធ្វើ​របាយការណ៍​ដ​ល់​អង្គប្រជុំ​ពី​ដំណើរការ​នៃ​ការ​ត្រួតពិនិត្យ និង​រៀបចំ​អនុក្រឹត្យ​ស្ដីពី​ឯកសណ្ឋាន ស្លាក​សញ្ញា និង​សញ្ញា​ស័ក្តិ​របស់​មន្ដ្រី​ពន្ធ​នាគារ ស្របតាម​មាត្រា​ទី​ ៨ នៃ​ច្បាប់ ស្ដីពី​ពន្ធនាគារ ដែល​ចែងថា មន្ដ្រី​ពន្ធនាគារ ត្រូវមាន​ឯកសណ្ឋាន សញ្ញា​ស័ក្តិ គ្រឿង​បំពាក់ ឧបករណ៍ និង​សម្ភារ​ឱ្យ​សមស្រប​។

​លោក​បន្ថែមថា​៖ «​ព្រោះ​ហេតុ​ដូច្នេះហើយ​បានជា​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ ស្ដីពី​ឯកសណ្ឋាន ស្លាក​សញ្ញា និង​សញ្ញា​ស័ក្តិ​របស់​មន្ដ្រី​ពន្ធ​នា​​គារ ក្រសួងមហាផ្ទៃ ហើយ​ក្រសួងមហាផ្ទៃ ក៏​បានចេញ​សេចក្ដីប្រកាស ស្ដីពី​ការកំណត់​រូបភាព របៀប​ប្រើប្រាស់ និង​របប​ផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាក​សញ្ញា សញ្ញា​ស័ក្តិ និង​សម្ភារ​ប្រើ​​ប្រាស់​ផ្សេងៗ​របស់​មន្ដ្រី​ពន្ធ​នា​គារ ក្រសួងមហាផ្ទៃ​»​។​

​លោក ស ខេង បានលើកឡើង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដោយបាន​ធ្វើ​ការណែនាំ​ដល់​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ត្រូវ​ជ្រើសរើស​ពណ៌​ឯកសណ្ឋាន របស់​មន្ដ្រី​ពន្ធនាគារ ឱ្យបាន​សមស្រប មុន​ចេញ​នូវ​អនុក្រឹត្យ​ជា​ផ្លូវការ​។

​ឆ្លៀតឱកាស​នោះ​លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អគ្គ​នា​យក​ដ្ឋា​ន​ពន្ធនាគារ និង​អ្នក​ពាក់​ព័ន្ធ​ទាំងអស់ ដែល​បានធ្វើការ​​សិក្សា​នូវ​សេចក្ដីព្រាង​អនុក្រឹត្យ ស្ដីពី​ឯកសណ្ឋាន ស្លាក​សញ្ញា និង​សញ្ញា​ស័ក្តិ របស់​មន្ដ្រី​ពន្ធ​នា​គារ​ក្រសួងមហាផ្ទៃ​។​

​បើតាម​ការលើកឡើង​ពី​លោក ប៊ុន ហុន អនុក្រឹត្យ និង​សេចក្ដី​ប្រកាស បាន​អនុវត្ត​អស់​រយៈ​​ពេល​ជាង​ ៨ ​ឆ្នាំ​មកហើយ ហើយ​កាលពី​ថ្ងៃទី ​១០ ខែសីហា ឆ្នាំ​ ២០២០ ក្នុងឱកាស លោក ស​ ខេង ចូលរួម​ពិធី​ប្រកាស​ចូល កាន់​មុខតំណែង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រលោក​ក៏បានផ្ដល់​អនុសាសន៍​ឱ្យ​ពិនិត្យ និង​សិក្សា​អំពី​ឯកសណ្ឋាន​ពណ៌​ឯកសណ្ឋាន​របស់​មន្ដ្រី​ពន្ធ​នា​គារ ដើម្បី​កុំឱ្យ​ច្រឡំ​ពណ៌​ឯកសណ្ឋាន​មន្ដ្រី​នគរបាលជាតិ​។

​លោក ប៊ុន ហុន បញ្ជាក់ថា ៖ «​ដូចនេះ ទើប​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​រៀបចំ​សេចក្ដីព្រាង​កែសម្រួល​អនុក្រឹត្យ ស្ដីពី​ពណ៌​ឯកសណ្ឋាន ស្លាក​សញ្ញា សញ្ញា​ស័ក្តិ និង​ប្រកាស ស្ដីពី​ការកំណត់​រូបភាព របៀប​ប្រើប្រាស់ និង​របប​ផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាក​សញ្ញា សញ្ញា​ស័ក្តិ និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ របស់​មន្ដ្រី​ពន្ធ​នាគារ​ក្រសួងមហាផ្ទៃ​»​។​

​ទាក់ទង​នឹង​ឯកសណ្ឋាន​មន្ត្រី​ពន្ធនាគារ​នេះ លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ ថ្លែងថា ការធ្វើ​អនុក្រឹត្យ​របស់​ក្រសួងមហាផ្ទៃ​នេះ គឺ​ត្រឹមត្រូវ​ហើយ ព្រោះ​មន្ត្រី​ពន្ធនាគារ​ត្រូវតែមាន​ឯកសណ្ឋាន​សម្គាល់​មួយ​សមរម្យ និង​ស្របតាម​បទដ្ឋាន​ស្តង់ដា​អន្តរជាតិ​ផងដែរ​។

​ទោះជា​យ៉ាងណា លោក អំ​ សំអាត ក៏បាន​បញ្ជាក់ដែរថា ចំពោះ​ការរៀបចំ ឱ្យមាន​ឯក​​សណ្ឋាន​សមរម្យ គឺជា​រឿង​មួយ​ហើយ ប៉ុន្តែ​រឿង​ដែល​សំខាន់ គឺ​មន្ត្រី​អនុវត្ត​គួរតែ​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​ផ្សេងៗ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការគ្រប់គ្រង​ពន្ធនាគារ និង​ការការពារ​ពន្ធ​នា​គារ ឱ្យស្រប​ទៅតាម​បទដ្ឋាន​អន្តរជាតិ​។

​លោក​ថ្លែងថា​៖ «​មន្ត្រី​ពន្ធ​នា​គារ គាត់​មាន​ឯកសណ្ឋាន​មួយ សម្រាប់​សម្គាល់ ប៉ុន្តែ​បើ​និយាយ​ពី​ឋានន្តរស័ក្តិ យើង​ឃើញថា វា​ខុសប្លែក​ពី​មន្ត្រីប៉ូលិស​។ យើង​ឃើញថា បើ​មិនទាន់​ដល់​ផ្កាយ​ទេ ស័ក្តិ​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​ដល់​ផ្កាយ​មាន​លក្ខណៈ​ខុសគ្នា​។ យើង​គ្រាន់តែ​ថា ត្រូវដាក់​យ៉ាងម៉េច​ដើម្បីឱ្យ​វា​ស្តង់ដា ងាយស្រួល​សម្គាល់ និង​ចំណាំ​ឱ្យបាន​ច្បាស់​ប៉ុណ្ណោះ​»៕