ភ្នំពេញៈ លោក​ ហ៊ុន ម៉ា​ណែ​ត អនាគត​នាយករដ្ឋមន្ត្រី​របស់​ក​ម្ពុ​ជា បាន​ព្រលយ​នូវ​ទស្សនៈ​ទាក់​ទ​នឹង​ការដឹកនាំ​ថា ការ​មាន​ត្រឹម​គំនិត​និង​ឆន្ទៈ គឺ​មិនទាន់​គ្រប់គ្រាន់​ឡើយ​បើ​មិន​ធ្វើ ឬ​មិន​ហ៊ាន​ធ្វើ ពោលគឺ​សំខាន់​លើ​ការអនុវត្ត ដែល​តម្លៃ​លើ​កិច្ចការ​ស្ថិតនៅលើ​លទ្ធផល​ជាក់ស្តែង​។ នេះ​បើ​យោងតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តេ​ឡេ​ក្រាម​ផ្លូវការ​របស់លោក​នៅ​ថ្ងៃទី​ ២ ខែសីហា​។

​លោក​ ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា​៖ «​ធ្វើ​កិច្ចការ​អ្វីមួយ យើង​ត្រូវ​ផ្តល់​តម្លៃ​ទៅលើ​លទ្ធផល​ជាក់ស្តែង​។ លទ្ធផល​ទោះជា​តូច​ឬ​តិច​យ៉ាងណា ដែល​កើតចេញពី​ការធ្វើសកម្មភាព​ជាក់ស្ដែង គឺ​នៅតែ​ប្រសើរ​ជាង​ការ​ត្រឹមតែ​បញ្ចេញ​នូវ​មតិ​ឬ​គំនិត​ធំៗ ឬ​ត្រឹមតែ​ការសម្ដែង​នូវ​ឆន្ទៈ​មោះ​មុត​ក្នុង​ការធ្វើ ប៉ុន្តែ​មិន​ធ្វើ ឬ​មិន​ហ៊ាន​ធ្វើ​អ្វី​សោះ​»​។​

​លោក យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា លោក​ ហ៊ុន ម៉ា​ណែ​ត នឹង​ក្លាយជា​មេដឹកនាំ​ប្រទេស​បានបង្ហាញ​ជា​ទស្សនៈ​ន​យោ​បាយ​នានា​ដល់​សាធារណជន និង​អ្នកតាមដាន​ឱ្យ​យល់ច្បាស់​ពី​ភាពជា​អ្នកដឹកនាំ​របស់លោក ក៏ដូចជា​ទស្សនទាន​ន​យោ​​បាយ​របស់លោក​ផ្ទាល់​។​

​លោក​ យង់ ពៅ ថ្លែងថា ភាគ​​ច្រើន​ក្នុងនាម​ជា​អ្នកដឹកនាំ តែងតែ​គិតគូរ​ពី​លទ្ធផល​ជាធំ ជាជាង​ទស្សនៈ ឬ​មតិយោបល់​។​លោក​ យង់ ពៅ បាន​ថ្លែងថា​៖ «​ទស្សនៈ​មួយចំនួន​របស់​បញ្ញវន្ត​ក្តី របស់​អ្នក​ន​យោ​បាយ​ក្តី ជា​អ្នកគាំទ្រ​ន​យោ​បាយ​ក្តី បានបង្ហាញ​ពី​ការ​មាន​ផ្នត់គំនិត មាន​ទស្សនៈ មាន​ឆន្ទៈ តែ​គ្មាន​លទ្ធភាព និង​ឱកាស​ក្នុងការ​បង្ហាញ​ទៅវិញ​»​។​

​លោក​ យង់ ពៅ ថ្លែងថា លោក ​ហ៊ុន ម៉ា​ណែ​ត ដែល​នឹង​ក្លាយជា​មេដឹកនាំ​នៅពេល​ខាងមុខ នឹង​គិតគូរ​បើកឱកាស​ឱ្យមាន​ពហុ​គំនិត​ចូលរួម បើកឱកាស​ច្រើន​ដល់​អ្នកមាន​សមត្ថភាព​ក្នុង​ការបង្ហាញ​សក្តានុពល​ដើម្បី​ប្រយោជន៍​សង្គមជាតិ​។​

​លោក​ យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាពថ្លែងថា ការបង្ហាញ​ទស្សនៈ​ដឹកនាំ​នានា​កន្លងទៅ​ថ្មីៗ​របស់លោក​ ហ៊ុន​ ម៉ា​ណែ​ត ជាការ​បង្ហាញ​ក្តី​សង្ឃឹម​សម្រាប់​ពលរដ្ឋ​ចំពោះ​រូបលោក​ជា​មេដឹកនាំ​ជំនាន់​ថ្មី មាន​ចក្ខុវិស័យ​ថ្មី​។​

​លោក​ យង់ គិ​ម​អេង បញ្ជាក់ថា​៖ «​ជាធម្មតា​ប្រជាពលរដ្ឋ​តែង​មានការ​ទន្ទឹម​រង់​ចាំ ការ​សន្យា​របស់​ថ្នាក់ដឹកនាំ​ថ្មី ទៅលើ​បញ្ហា​ចម្បង ៣ យ៉ាង ដូច​ជា​៖ ប្រជាធិបតេយ្យ​, តម្លាភាព និង​ការអភិវឌ្ឍ ដែលជា​ក្តី​ប្រាថ្នា​មុនគេ​របស់​ប្រជាពលរដ្ឋ​»​។​

​លោក​បាន​បន្ថែមថា ដើម្បីឱ្យ​ទស្សនៈ​នយោបាយ ឬ​គោល​នយោបាយ និង​ខសន្យា​របស់​ថ្នាក់ដឹកនាំ​រដ្ឋ អាចអនុវត្ត​ជោគ​​ជ័យ​ទៅបាន​លុះត្រា​មាន​ផែន​ការ​ការងារ​ច្បាស់លាស់ មាន​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​ក្នុងការ​អនុវត្ត និង​ជាពិសេស​ការចូលរួមរ​បស់​ប្រជាពលរដ្ឋ មិន​ថា ការងារ​ថ្នាក់មូលដ្ឋាន ឬ​ថ្នាក់ជាតិ​នោះឡើយ​៕