​ភ្នំពេញៈ ​រដ្ឋមន្ត្រីក្រសួង​ឧស្សា​ហក​ម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ចម ប្រសិទ្ធ បាន​លើកឡើងថា កម្ពុជា​បាន​ប្តេជ្ញា​ក្នុងការ​ប្រើប្រាស់​កម្លាំង​នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ធានាបាន​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ជា​ចំណែក​មួយ​ជួយ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​។​

​លោក​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យអនុវត្ត​គម្រោង “Mutual Leaning of Science, Technology and Innovation (STI) Coordination Toyota Foundation»​ ដែលជា​គម្រោង​ផ្តោត​សំខាន់​លើ​កិច្ចការ​លើកកម្ពស់​ទំនាក់​ទំនង​រវាង​ប្រទេស និង​ស្ថាប័ន​នានា​តាមរយៈ​ការសិក្សា​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​លើ​ការងារ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​ (​វ​.​ប​.​ន​.)​ នៅក្នុង​តំបន់​។​

​គម្រោង​នេះ គឺជា​គំនិត​ផ្តួច​ផ្តើម​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ត្រីភាគី​រវាង​កម្ពុជា​-​ជប៉ុន​-​ថៃ ក្រោម​ការគាំទ្រ​ពី​មូលនិធិ​តូ​យូ​តា​។​នាឱកាស​នោះ លោក ​ចម​​ ប្រសិទ្ធ បាន​ថ្លែងថា រដ្ឋាភិបាល​កម្ពុជា​បានផ្តល់​អាទិភាព​ខ្ពស់​លើ​ការងារ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ​(​វ​.​ប​.​ន​.)​ ខណៈ​កម្ពុជា​ក៏​បាននិងកំពុង​អនុវត្ត​ផែនការ​យុទ្ធ​សាស្ត្រ​សំខាន់ៗ​ដែលមាន​ជាអាទិ៍ ផែនទី​បង្ហាញផ្លូវ វ​.​បន​. កម្ពុជា​ ២០៣០ និង​របៀបវារៈ​ស្រាវជ្រាវ​ជាតិ​២០២៥ ដើម្បី​សម្រេចបាន​គោលដៅ​សេដ្ឋកិច្ច សង្គម និង​ការដោះស្រាយ​បញ្ហា​ប្រឈម​ប្រកបដោយ​ប្រសិទ្ធភាព​ជាដើម​។​

​តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ​ខាងលើនេះ លោក​បញ្ជាក់ថា កម្ពុជាក៏បាន​ប្តេជ្ញា​ក្នុងការ​ប្រើប្រាស់​សក្តានុពល​នៃ វ​.​ប​.​ន​. ដើម្បី​អនាគត​រុង​រឿង និង​និរន្តរភាព​ជាតិ ដោយ​កម្ពុជា​យល់ថា តាមរយៈ​កិច្ច​សហប្រតិបត្តិការ​នានា​គឺមាន​សារៈសំខាន់​ណាស់​។

​លោក​បញ្ជាក់ថា​៖ «​ហេតុនេះ​សូមឱ្យ​យើង​សហការ​រួមគ្នា​ប្រើប្រាស់​បច្ចេកវិទ្យា និង​ប្រមូលផ្ដុំ​ធនធាន​ដែលមាន​គុណភាព ដើម្បី​ការពារ​បរិស្ថាន និង​សម្រេចបាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​យើងទាំងអស់គ្នា​»​។​

​ក្រៅពីនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ថា វិស័យ​វិទ្យា​​សាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​​វត្ត​ន៍ គឺមាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ព្រោះ​វិស័យនេះ​បាន​ចូលរួម​ជំរុញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ដើម្បី​ឆ្លើយតប​នឹង​ការប្តេជ្ញា​សម្រេច​ឱ្យបាន​គោលដៅ​អភិ​វឌ្ឍន៍​ជាតិ​នៅ​ឆ្នាំ​ ២០៣០ និង​ឆ្នាំ ២០៥០ ថែមទៀត​។​

​បន្ថែម​ពីនេះ​លោក​អះអាង​ដែរ​ថា​៖ «​ដើម្បី​ជំរុញ​វិស័យនេះ​ក្រសួង​ក៏បាន​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ប្រព័ន្ធ​បណ្តុះបណ្ដាល​ដើម្បី​បណ្តុះ​ធនធាន​ដែលមាន​ចំណេះដឹង​វិជ្ជាជីវៈ និង​ជំនាញ​ក្នុងការ​ទំនាក់ទំនង​បន្ថែមទៀត​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ពង្រឹង​ដៃគូ​សន្ទនា​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី​កែលម្អ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​វិស័យ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​»​។​

​ជុំវិញ​ការប្តេជ្ញា​របស់​កម្ពុជា​នេះ លោក Atsushi UENO ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​សាទរ​ចំពោះ​កម្ពុ​ជាពិសេស​ការចាប់ផ្តើម​អនុវត្ត​គម្រោង​ដែល​ផ្តោតលើ​ការលើក​កម្ពស់​ទំនាក់ទំនង​ក្នុង​វិស័យ​​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​នេះ​។ លោក​សង្ឃឹមថា តាមរយៈ​គម្រោង​ខាងលើ​នឹង​រួមចំណែក​ក្នុងការ​អនុវត្ត​ការងារ​សង្គម​តាមរយៈ​លទ្ធ​ផល​ស្រាវជ្រាវ​អន្តរជាតិ​ផ្សេងៗ ហើយ​កម្ពុជា​នឹង​រីកចម្រើន ហើយ​ក្លាយជា​មជ្ឈមណ្ឌល​នវានុវត្តន៍​មួយ​ក្នុង​អាស៊ាន​នាពេល​អនាគត​។​

​លោក​ឯកអគ្គរដ្ឋទូត​ជប៉ុន​បាន​អះអាងថា​៖ «​ប្រទេស​​ជប៉ុន​នៅតែ​ជា​ដៃគូ​ដ៏​យូរអង្វែង​របស់​កម្ពុជា​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍ និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​កា​រលើ​វិស័យ វ​.​ប​.​ន​. ហើយ​ស្ថានទូត​ជប៉ុន មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុងការ​គាំទ្រ​យ៉ាង​ពេញទំហឹង ដោយសារ​គម្រោង​នេះ​នឹង​ជំរុញ​ការសិក្សា​រៀនសូត្រ និង​ការស្វែងយល់​ពីគ្នា​ទៅវិញទៅមក​ក្នុងចំណោម​ប្រទេស​ទាំង​ ៣ ​ព្រមទាំង​អាច​ពង្រឹងសមត្ថភាព និង​បណ្តាញ ទំនាក់ទំនង​លើ​វិស័យ វ​.​ប​.​ន​. ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរឡើង​»​។​

​សូម​ជម្រាប​ដែរ​ថា តាមរយៈ​ការដាក់ឱ្យ​អនុវត្ត​គម្រោង “Mutual Leaning of Science, Technology and Innovation (STI) Coordination-Toyota Foundation»​ ខាងលើ​នេះដែរ កម្ពុជា​ក៏បាន​បង្ហាញ​ការ​ជឿជាក់ថា គម្រោង​នេះ នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ ពង្រឹង​សមត្ថ​ភាព​សម្រាប់​អ្នកបង្កើត​គោល​នយោបាយ វ​.​ប​.​ន​. ក្នុង​តំបន់​និង​ជាពិសេស​សម្រាប់​កម្ពុជា​ដែល​នឹង​អាចឱ្យ​កម្ពុជា​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ជាតិ និង​បង្កើត​អនាគត​ដ៏​ល្អប្រសើរ​សម្រាប់​ជាតិ​ផងដែរ​៕