ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោង​សាងសង់​មជ្ឈមណ្ឌល​បច្ចេកវិទ្យាសហគមន៍​នៅវិទ្យាល័យ​ចំនួន​ជាង ៥០០ នៅទូទាំង​ប្រទេស ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ជំនាញនិងការបង្កើន​សមត្ថភាព​ផ្នែក​ឌីជីថល​ដល់​អ្នកពាក់ព័ន្ធ។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែង​ថា កម្មវិធីវិញ្ញាបនបត្រ​វិទ្យាសាស្ត្រ​ទិន្នន័យ គឺជាសមិទ្ធផល​ថ្មីមួយទៀត​នៅក្នុងភាព​ជាដៃគូ​ដ៏ល្អ​រវាងកម្ពុជា កូរ៉េ និងអង្គការ​យូណេស្កូ ជាពិសេស​ទៅលើការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាន។

លោកថ្លែង​ដូច្នេះ​ក្នុងពិធី​សម្ពោធ​កម្មវិធី​វិញ្ញាបនបត្រ​វិទ្យាសាស្ត្រ​ទិន្នន័យ​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី៤ ខែសីហា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី រាជធានី​ភ្នំពេញ ដោយមានវត្តមាន​លោក Park Jung-Wook ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​ផងដែរ។

ថ្មីៗនេះ ក្រសួង​ប្រៃសណីយ៍ បានចាប់ផ្តើម​ការប្រកួត​ថ្នាក់ជាតិ​មួយ​ដែលមាន​ឈ្មោះ​ថា «កម្មវិធី​បញ្ញវន្ត​ឌីជីថល Digital Talents» ដើម្បី​លើកកម្ពស់​ចំណាប់​អារម្មណ៍​លើ​ជំនាញ​ឌីជីថល ជាពិសេស​ក្នុងចំណោម​សិស្ស​វិទ្យាល័យ​នៅទូទាំង​ប្រទេស។

លោករដ្ឋមន្ត្រី​បានថ្លែង​ថា៖«ដើម្បី​រួមចំណែក​បន្ថែមទៀត​ដល់​ការកសាង​ធនធាន​មនុស្ស​ឌីជីថល​របស់​ប្រទេស ក្រសួង​គ្រោង​សាងសង់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​នៅវិទ្យាល័យ​ចំនួន ៥៥៨ ទូទាំង​ប្រទេស ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ជំនាញ​និងការបង្កើន​សមត្ថភាព​ផ្នែក​ឌីជីថល​ដល់​អ្នកពាក់ព័ន្ធ ជាអាទិ៍ សិស្សានុសិស្ស មន្ត្រី​មូលដ្ឋាន ពលករ​ជំនាញ និងការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ដល់​ប្រជាជន​តាម​សហគមន៍​មូលដ្ឋាន»។

លោក ជា វ៉ាន់ដេត ជឿជាក់​ថា កម្មវិធី​វិញ្ញាបនបត្រ​នេះ​នឹងផ្តល់​ឱ្យ​យុវជន​កម្ពុជា​កាន់តែច្រើន​ឡើង​ក្នុងការទទួល​នូវ​ចំណេះដឹង​ដ៏ទំនើប។ នេះបើតាម​សេចក្តី​ប្រកាស​របស់​ក្រសួងនាថ្ងៃ​ទី៥ ខែសីហា។

លោកសង្ឃឹម​ថា​កម្មវិធីនេះ​នឹងជំរុញ​កិច្ចសហប្រតិបត្តិការ ការផ្សារ​ភ្ជាប់​វប្បធម៌​បន្ត​រវាងនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ​របស់​គ្រឹះស្ថាន​សិក្សា​ដៃគូ​ទាំងអស់ ដើម្បី​អាចទាញយក​អត្ថប្រយោជន៍​ជាអតិបរមា​នៃវិទ្យាសាស្ត្រ​ទិន្នន័យ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា។

នៅក្នុង​ពិធី​នេះ​ក៏មាន​ការចុះ​អនុស្សរណៈ​យោគយល់គ្នា​រវាង​សាកល​វិទ្យាល័យ Handong Global សាធារណរដ្ឋ​កូរ៉េ និងគ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា​ចំនួន៦ រួមមាន​សាកលវិទ្យាល័យអាមេរិកាំង​ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ សាកលវិទ្យា​ជាតិ​គ្រប់គ្រង សាកលវិទ្យាបញ្ញា​សាស្ត្រ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រ​សេដ្ឋកិច្ច និងវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា៕