ក្រសួងបរិស្ថាន សហការ​ជាមួយ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​ប្រទេស​កម្ពុជា (WCS) រដ្ឋបាលខេត្ត​ពោធិ៍សាត់ មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​ដៃគូ​ពាក់ព័ន្ធ ប្រារព្ធ​ពិធី​សិក្ខាសាលា ផ្សព្វផ្សាយ​ស្ដីពី​៖ «​អនុក្រឹត្យ​លេខ​​ ១៤៤ ស្ដីពី​ការបង្កើត​តំបន់ការពារទេសភាព​បាកាន​» ដើម្បី​បង្កើន​ការយល់ដឹង​ដល់​ពលរដ្ឋ​ចូល​កិច្ចការ​អភិរក្ស​ចម្រុះ​ដ៏​សម្បូរបែប​។​

​ពិធី​នេះ​ត្រូវបាន​រៀបចំឡើង កាលពី​ថ្ងៃទី​៤​ខែសីហា នៅឯ​ខេត្តពោធិ៍សាត់ ដែលជា​ជំហាន​ដ៏​សំខាន់​សម្រាប់​ការការពារ​ជម្រក​ជីវចម្រុះ និង​អនុលោម​ទៅតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដែល​ក្នុងនោះ ប្រទេស​កម្ពុជា បាន​ចូលរួម​ប្ដេជ្ញា​ការពារ​អភិរក្ស​ធនធានធម្មជាតិ​និង​ជីវចម្រុះ​ឱ្យបាន​៣០​ភាគរយ​ទាំង​ផ្ទៃដី​និង​សមុទ្រ លើ​ផែនដី​ត្រឹម​ឆ្នាំ​២០៣០​។​នេះ​បើតាម​(WCS)​។

​តំបន់ការពារទេសភាព​បាកាន​មាន​ផ្ទៃដី​សរុប ៣៨,៤៣០​ហិកតា បើ​ប្រៀបធៀប​ទៅនឹង​តំបន់​រួមបញ្ចូល​គ្នា​នៃ​កោះ Galapagos តំបន់​ការងារ​ទេសភាព​បាកាន គឺជា​តំបន់​ដ៏​សំខាន់​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​បឹង​ទន្លេសាប​។ តំបន់​ការពារ​នេះ មាន​សភាព ជា​វាលស្មៅ​លិច​ទឹក និង​ជាទី​ជម្រក​សម្រាប់​សត្វរ​ស់​នៅក្នុង​ទឹក​ក្នុង​រដូវវស្សា​។ គូសបញ្ជាក់​ផងដែរ​ថា តំបន់​ដ៏​វិសេស​នេះ​ក៏​ជាទី​ជម្រក​នៃ​ប្រភេទ​សត្វ​បក្សី​ជិត​ផុត​ពូជ​ដូចជា សត្វ​ខ្សឹប (Bengal Florican) សត្វ​ចាប​ស្មៅ​ម៉ាន់​ជូរ (Manchurian Reed-warbler) ហើយ​ជាពិសេស​គឺ​សត្វ​ចាប​ស្មៅ​ចុង​ខ្នង​ត្នោត (Chinese Grassbird)​ដែលមាន​វត្តមាន​តែមួយ​គត់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ និង​ដៃគូ​ពាក់ព័ន្ធ​បាន​ចំណាយ​ពេលវេលា​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ ក្នុង​ការធ្វើសកម្មភាព​តស៊ូ​មតិ​និង​សម្របសម្រួល​ក្នុងការ​ដាក់បញ្ចូល​តំបន់​នេះ​ទៅជា​តំបន់​ការពារ ដោយយោង​ទៅលើ​គុណ​តម្លៃ និង​ការទទួលស្គាល់​អំពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់​នេះ​តាំងពី​ដើមឆ្នាំ ២០០០ មកម្ល៉េះ​។ ជាង​នេះ​ផងដែរ ការដាក់បញ្ចូល​តំបន់​នេះ​ទៅជា​តំបន់​ការពារ​លើកដំបូង ក្រោយពី​មាន​វិបត្តិ​ជំងឺ​រាតត្បាត​សកល ជំងឺ​កូ​វីដ​១៩ ដែល​ទាំងនេះ បង្ហាញ​ឃើញ​អំពី​ការយកចិត្តទុកដាក់ និង​ការបន្ត​លើ​ការងារ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​។​

​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ តំបន់​បឹង​ទន្លេសាប​បាន​ប្រឈម​នឹង​បញ្ហា លើ​ការប្រើប្រាស់​ដី​យ៉ាងគំហុក ដែលជា កត្តា​គំរាមកំហែង​ដល់​ជីវចម្រុះ​ដ៏​សម្បូរបែប​ក្នុង​តំបន់​នេះ​។ តំបន់ការពារទេសភាព​បាកាន គឺជា​ទីជម្រក​វាលស្មៅ​លិច​ទឹក ធម្មជាតិ ដ៏​សំខាន់​ចុងក្រោយ​ដែល​ត្រូវការ​ការពារ នៅ​តំបន់​ភាគខាងត្បូង​នៃ​តំបន់​ទំនាប​ទន្លេសាប​។​

WSC គូសបញ្ជាក់ថា​៖​​«​សហគមន៍​មូលដ្ឋាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចការងារ​អភិរក្ស​តំបន់​នេះ​។ មិនតែប៉ុណ្ណោះ​ការចូលរួម​របស់​សហ​គម​ន៍ គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ដែល​ធ្វើឱ្យមាន​ការដាក់បញ្ចូល​តំបន់​នេះ​ទៅជា​តំបន់​ការពារ ហើយ​ពួកគេ​ក៏​នៅតែ​បន្តសកម្មភាព ចូលរួម​នានា​ដែលមាន​លក្ខណៈ​បែប​ប្រពៃណី​និង​ការងារ​អភិរក្ស​ប្រព័ន្ធ​អេកូ​ចម្រុះ​នេះ​»​។

​ការបង្កើត​តំបន់ការពារទេសភាព​បាកាន មិន​គ្រាន់តែ​ជា​សមិទ្ធផល​ថ្នាក់ជាតិ​ប៉ុណ្ណោះ​ទេ វា​គឺជា​ជំហាន​ដ៏​ធំ​មួយ​ក្នុងការ​ចូលរួម សកម្មភាព​សកល ដោយ​អនុលោម​ទៅតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ៣០ គុណ ៣០​។ ប្រទេស​ជាង​១០០ លើ​សកលលោក​រួមមាន​ទាំង​ប្រទេស​កម្ពុជា​ក៏បាន​ចូលរួម​ប្ដេជ្ញា​ក្នុង​ការស្ដារ​ការបាត់បង់​ជីវចម្រុះ ក៏ដូចជា​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​ធានា​នូវ​អនាគត​ប្រកបដោយ​ចីរភាព​សម្រាប់​ភពផែនដី​របស់​យើង​៕​