គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បានបង្ហាញ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ កាលពី​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ១២០ អាសនៈ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៥ អាសា​នៈ នៅក្នុង​រដ្ឋសភា​នីតិកាល​ទី ៧​។ នេះ​បើតាម​សេចក្តីសម្រេច​របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ ប នៅ​ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣​។​

​លោក សោម សូ​រី​ដា អ្នកនាំពាក្យ​គជប នៅ​ថ្ងៃទី ៥ ខែសីហា នេះ បញ្ជាក់​បន្ថែមថា សម្រាប់​លទ្ធផល​បឋម និង​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នី​តី​កាល​ទី ៧ ឆ្នាំ ២០២៣ មិនមាន​ការប្រែប្រួល​នោះទេ គឺ​នៅ​រក្សា​ដដែល ពោលគឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ១២០ អាសនៈ និង​គណបក្ស​ហ៊ុនស៊ិនប៉ិច ទទួលបាន ៥ អាសនៈ​នៅក្នុង​រដ្ឋសភា ។

​គ​.​ជ​.​ប ប្រកាស​ផ្សាយ​លទ្ធផល​ផ្លូវការ ការបែងចែក​អាសនៈ និង​ការកំណត់​បេក្ខជន​ជាប់ឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង ៩:០០ ព្រឹក តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​រួមមាន តាមរយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) វិទ្យុជាតិ​កម្ពុជា (​វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និង​វិទ្យុ​វត្តភ្នំ FM 105.70 MHz) ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) គេហទំព័រ គ​.​ជ​.​ប ៖ electresult.nec.gov.kh និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួនទៀត​៕​