​ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ បាន​លើកឡើងថា វត្តមាន​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក​ ថាក់ស៊ីន ស៊ី​ណា​វ៉ា​ត្រា និង​ប្អូនស្រី គឺ​លោកស្រី យី​ង​ឡាក់ ក្នុង​ពិធី​ខួបកំណើត​លោកនាយក​​រដ្ឋមន្ត្រី​ហ៊ុន សែន បង្ហាញ​ពី​ការ​រាប់អាន​គ្នា​ជា​បង​ប្អូនធម៌​តាំងពី​យូរ​មកហើយ មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ​។

​ការលើកឡើង​នេះ បន្ទាប់​លោក ថាក់ស៊ីន និង​ប្អូនស្រី​របស់លោក​បានមក​ចូលរួម​ខួបកំណើត​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​ ៥ ខែសីហា ឆ្នាំ​ ២០២៣ គម្រប់​ខួប​ ៧១​ ឆ្នាំ ដែល​ត្រូវបាន​រៀបចំឡើង​ដូច​សព្វដង​នៅឯ​ភូមិ​គ្រឹះ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ Fresh News ឱ្យដឹងថា​៖ «​លោក ថាក់ស៊ីន និង​លោកស្រី យី​ង​ឡាក់ បាន​ស្នាក់នៅ​ភូមិ​គ្រឹះ​សម្តេច​តេ​ជោ​នា​ក្រុង​តាខ្មៅ ១​ យប់​។ លុះ​ព្រឹក​ឡើង​បន្ទាប់ពី​ស្រស់​ស្រូប​អាហារ​ពេលព្រឹក​ជាមួយ​សម្តេច​តេ​ជោ​ហើយ​នោះ លោក​ថាក់ស៊ីន និង​លោកស្រី យី​ង​ឡាក់ បាន​ហោះ​ចេញពី​កម្ពុជា​»​។​

​លោក​បាន​បញ្ជាក់ថា រូបលោក និង​លោក​ ថាក់ស៊ីន បាន​រាប់អាន​គ្នា​ជា​បង​​ប្អូនធម៌ ហើយ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​តាំងពី​ឆ្នាំ​ ១៩៩២ មុន​លោក ថាក់​​ស៊ីន ធ្វើជា​នាយករដ្ឋមន្ត្រី​ម្លេ​៉ះ​។​យោងតាម​ប្រព័ន្ធ​តិកតុក ​(Tiktok ផ្លូវការ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន​ សែន បាន​បង្ហោះ​វីដេអូ​ក្នុង​ពិធី​ខួប​កំ​​ណើ​ត​ជា​លក្ខណៈ​គ្រួសារ​នៅ​ថ្ងៃទី​ ៦ ​ខែសីហា ដោយ​ភ្ជាប់​ខ្លឹមសារ​ថា​៖ «​ឆ្នាំនេះ​កូន និង​ចៅ​មកជួបជុំ និង​មាន​បងធម៌ ប្អូនធម៌ មក​ចូលរួម​ខួបកំណើត​នៅផ្ទះ​ដែរ​»​។​

​សូមជម្រាបថា វត្តមាន​របស់​ឥស្សរជន​ជាន់ខ្ពស់​ថៃ​នៅពេលនេះ​ក៏បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​សាធារណជន​នៅ​កម្ពុជា ក៏ដូចជា​ប្រទេស​ថៃ ខណៈ​នយោបាយ​នៅ​ថៃ​កំពុង​ជាប់គាំង​មិនទាន់បាន​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅឡើយ ក្រោយ​ការបោះឆ្នោត​អស់​រយៈពេល​ប្រមាណ ​៣​ ខែ​មក​នោះ​។

​ដោយ​ភាពមិនប្រាកដប្រជា​នេះ ក៏​បង្ខំ​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​ដែល​កំពុង​ភៀសខ្លួន លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា លុបចោល​គម្រោង​មាតុភូមិនិវត្តន៍ ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​ ១០ ខែសីហា ផងដែរ​។​

​ជុំវិញ​ព្រឹត្តិការណ៍​នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ី​ផាន បានឱ្យដឹង​នៅ​ថ្ងៃទី​ ៦ ខែសីហា​ថា វត្តមាន​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​នាពេលនេះ​ជា​លក្ខណៈ​ឯកជន​បង្ហាញ​ពី​ភាពជិតស្និទ្ធ​រវាង​ឥស្សរជន​ទាំង ​២ ​ជា​សាធារណៈ​ពី​ការ​រាប់អាន​គ្នា​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ​។

​លោក​បាន​បន្តថា​៖ «​សម្តេច​តេ​ជោ លោក​បាន​ពន្យល់​ប្រាប់​ដល់​ឯកឧត្តម​ប្រា​យុ​ធ ចាន់​អូ​ចា (​នាយករដ្ឋមន្ត្រី​ថៃ​) ម្តង​រួចស្រេច​មកហើយ និង​ឥស្សរជន​មួយចំនួន​នៅ​ប្រទេស​ថៃ​ដោយ​សម្តេច​សូម​អធ្យាស្រ័យ​ពី​កិច្ច​រក្សា​នូវ​ចំណងមិត្តភាព​ឯកជន​រវាង​សម្តេច​តេ​ជោ និង​ឯកឧត្តម​ថាក់ស៊ីន ក៏ដូចជា​លោកស្រី យី​ង​ឡាក់ ដែល​រាប់អាន​គ្នា​ទៅជា​បងប្អូន​រួចស្រេច​ទៅហើយ​មិន​ពាក់​​ព័ន្ធ​បញ្ហា​ផ្ទៃក្នុង​នយោបាយ​ទេ​»​។​

​ចំណែក​លោក គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា និង​ជា​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​ផងដែរ​នោះ បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ចំពោះ​វត្តមាន​លោក​ថាក់ស៊ីន​ក្នុងឱកាស​ខួបកំណើត​នោះ​ថា គឺជា​ជំនួប​លក្ខណៈ​ជា​គ្រួសារ រវាង​បងធម៌ និង​ប្អូនធម៌​។

​លោក​បាន​ថ្លែងថា​៖ «​បើ​គិតពី​ទំនាក់ទំនង​ឯកជន​រវាង​សម្តេច​តេ​ជោ​ជាមួយ​គ្រួសារ​លោក ថាក់ ស៊ីន គឺ​ក្រុម​​គ្រួសារ​ទាំង​ ២​ មាន​ទំនាក់ទំនង​ចំណង​លក្ខណៈ​ជា​បងប្អូន ជា​ក្រុមគ្រួសារ​តាំងពី​មុនពេល​លោក ថាក់ ស៊ីន បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ថៃ ពោល​តាំងពី​ឆ្នាំ ១៩៩២ រហូតមកដល់​បច្ចុប្បន្ន​»​។

​លោក គិ​ន ភា បាន​បន្តថា ៖ «​យើង​ឃើញថា ទំនាក់ទំនង​រវាង​សម្តេច ជា​មួយក្រុម​គ្រួសារ​លោក​ថា​ក់ ស៊ីន គឺ​មិន​មានការ​ថមថយ​ទេ គឺ​នៅតែ​រក្សា​ដដែល ទោះបីជា​លោក​ថាក់ស៊ីន ជួបប្រទះ​ព្យុះ​នយោបាយ​នៅ​ថៃ​យ៉ាងណាក៏ដោយ ក៏​សម្តេច​មិនដែល​បាន​បោះ​បង់​មិត្តភាព​នេះដែរ​»​។​

​ម្យ៉ាងទៀត​លោក​សង្កេតឃើញថា​វត្តមាន​របស់​បងប្អូន​ធម៌​នៅ​ភូមិ​គ្រឹះ​នោះ លោក ថាក់ ស៊ីន ក៏​មិន​បានធ្វើ​សកម្មភាព​ដែលមាន​ចរិត​ន​យោ​បាយ​ទៅកាន់​ប្រទេស​ថៃ​ដែរ​ពោលគឺ​ចូលរួម​ជួបជុំ​លក្ខណៈ​គ្រួសារ និង​មិត្តភក្តិ​ប៉ុណ្ណោះ​។​លោក​គិ​ន ភា បាន​បញ្ជាក់ថា​៖ «​កន្លងមក​ឃើញថា ក្រោម​ការដឹកនាំ​របស់​សម្តេច​ហ៊ុន សែន ទោះបីជា​រដ្ឋាភិបាល​ថៃ​ក្រោម​ការដឹកនាំ​របស់​ឥស្សរជន​រូប​ណា​មកពី​គណបក្ស​ណាក៏ដោយ ក៏​សម្តេច​តែងតែ​ផ្តល់​តម្លៃ​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​ដែល​គោរព​អធិបតេយ្យ បូរណភាព​ទឹកដី និង​ផ្តល់​អាទិភាព​ទៅលើ​ផល​ប្រ​យោ​ជន៍​ទៅវិញទៅមក​»​។​

«​អ៊ីចឹង​!​លោក​បាន​រក្សា​ទំនាក់ទំនង​ទ្វេភាគី និង​រក្សា​ខ្ជាប់ខ្ជួន​ចំណង​មិត្ត​ភាពជា​លក្ខណៈ​ឯកជន​របស់​សម្តេច ជាមួយ​គ្រួសារ​លោក ថាក់ស៊ីន នេះ​គឺជា​ទិដ្ឋភាព​ដែល​ខ្ញុំ​មើលទៅ​មិនមាន​រូបភាព​ជាការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ថៃ​ទេ​»​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក គិ​ន ភា​។ ​ដោយឡែក​ពាក់ព័ន្ធ​អនាគត​នាយក​​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ ២ ដែល​ទើបតែ​បញ្ចប់​ការបោះឆ្នោត​ថ្មីៗ​វិញ លោ ក​គិ​ន ភា បាន​ថ្លែងថា អនាគត​នៃ​រដ្ឋា​ភិ​បាល​កម្ពុជា​ដែល​នឹងត្រូវ​បង្កើតឡើង​នៅពេល​ដ៏​ខ្លី​ខាងមុខ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត ហើយ​នៅ​ប្រទេស​ថៃ​ប្រសិនបើ​មានការ​ឯកភាពគ្នា​អាច​នឹង​លេចចេញ​រូបរាង​រាជ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​ផងដែរ​។

​លោក ​គិ​ន ភា បាន​បង្ហើប​ថា​៖ «​អាច​ថា នឹង​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ ដែល​គេ​ស្គាល់​ថា ជា​គណបក្ស​ដែល លោក​ថាក់ ស៊ីន ជា​អ្នកមាន​ឥទ្ធិពល​នៅក្នុង​នយោបាយ​របស់​គណបក្ស​ភឿ​ថៃ​។ អ៊ីចឹង​!​ប្រសិនបើ​លទ្ធភាព​ដែល ភឿ​ថៃ បង្កើត​រដ្ឋាភិបាល​បាន ហើយ​នៅឯ​កម្ពុជា គណបក្ស​ប្រជាជន​ដឹកនាំ​រាជរដ្ឋាភិបាល​ដែលមាន​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​គិតថា វា​កាន់តែ​ជា​ឱកាស​ប្រសើរ​ថែម​ទៀត សម្រាប់​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ២»​។​

​ជាមួយគ្នានេះ​លោក​ក៏​រំពឹង​ដែរ​ថា​រដ្ឋាភិបាល​ទាំង​ ២ ​នឹង​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រក្សា​ស្ថិរភាព​ការងារ សម្រាប់​ពលករ​កម្ពុជា​នៅឯ​ប្រទេស​ថៃ​ដោយ​លោក​យល់ថា​ទាំង​ថៃ និង​កម្ពុជា​ គឺ​ចំណេញ​ដូចគ្នា​នៅពេល​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​៕