ក្រចេះ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​អះអាងថា មន្ត្រី​ក្រសួង​កំពុង​ចុះ​ស៊ើបអង្កេត​ករណី​ពលរដ្ឋ​៣​ភូមិ​ដែលមាន​ប្រមាណ​ជាង ​៣៥០​ នាក់​ បាន​សម្រុក​ទៅ​ដុត​ទីស្នាក់ការ​បរិស្ថាន ​១ ​កន្លែង ​នៅ​ចំណុច​សសរស្តម្ភ ក្នុងភូមិ​ស្រែ​ជិះ ឃុំ​ស្រែ​ជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​ ៨​ ព្រឹក​ថ្ងៃទី​ ៥ ខែសីហា ឆ្នាំ​ ២០២៣ ដោយមាន​ប្រជា​ពលរដ្ឋ​ជាង​ ៣៥០ ​នាក់​មកពី​ ៣ ​ភូមិ បាន​សម្រុក​ចូលទៅ​ដុត​ទីស្នាក់ការ​បរិស្ថាន​ ១​កន្លែង​ឆេះ​ខ្ទេច​អស់ ប៉ុន្តែ​មិន​បណ្តាលឱ្យ​មនុស្ស​រងរបួស​ទេ​។​

​លោក​ ស៊ឹម បញ្ញា មន្ត្រី​អធិការនគរបាល​ស្រុក​អូរ​គ្រៀង​សែន​ជ័យបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៦ សីហា​ថា មាន​អ្នក​​ភូមិ​ជាង​ ៣៥០ ​នាក់ បាននាំគ្នា​សម្រុកចូល​ក្នុង​បរិវេណ​ទី​ស្នាក់​ការ​បរិស្ថាន​ខាងលើ និង​បាន​យក​ភ្លើង​ដុត​ស្នាក់ការ រោង​​អង្គុយ​ប្រចាំការ ទ្រុង​ចិញ្ចឹម​មាន់ និង​បន្ទប់ទឹក​ឆេះ​រាប​ដល់​ដី​។​ចំពោះ​ករណីនេះ លោក​មិនអាច​បកស្រាយ​លម្អិត​ថា បណ្តាលមកពី​មូលហេតុ​អ្វី​ឱ្យ​ពិតប្រាកដ​បានទេ ដោយ​លោក​បាន​ត្រឹម​បញ្ជាក់ថា ក្រោយ​ហេតុការណ៍​នេះ សមត្ថកិច្ច​ពុំបាន​ឃាត់ខ្លួន​ពលរដ្ឋ​ណា​ម្នាក់​ទេ ហើយ​ពល​រដ្ឋ ក៏បាន​បំបែក​គ្នា​ពី​កន្លែងកើតហេតុ​អស់​ភ្លាមៗ​ដែរ​។​

​លោក​ថា​៖ «​យើង​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ទៀត យើង​មិនទាន់មាន​អ្វី​ថ្មី​ទេ​ទាល់តែ​ល្ងាច​។ ហេតុ​ការណ៍​នេះ យើង​មិនទាន់មាន​ការឃាត់ខ្លួន​ប្រជា​សហគមន៍​ណា​ម្នាក់​ទេ​។​ពលរដ្ឋ​ទាំងនោះ​មកពី​ ៣ ​ភូមិ​គឺ​ភូមិ​ស្រែ​ជិះ ភូមិ​រវៀង និង​ភូមិ​អំពក ក្នុង​ឃុំ​ស្រែ​ជិះ​»​។​

​តាម​ការផ្សព្វផ្សាយ​រប​ស់​សារ​ព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា​ការឈាន​ឱ្យមាន​ការ​សម្រុក​ទៅ​ដុត​ស្នាក់ការ​បរិស្ថាន ​១​ កន្លែង​នេះ ក៏​ព្រោះតែ​ប្រជាពលរដ្ឋ​ទាំងនោះ​ខឹងសម្បា​នឹង​មន្ត្រី​បរិស្ថាន​បាន​ចុះទៅ​ចាប់យក​ម៉ាស៊ីន​ត្រង់​សឺ​​ន័​រ​របស់​ពួកគាត់​ដែល​អារឈើ​ធ្វើ​របង​ស្រែ​និង​អារ​ធ្វើ​រោង​ដាំបាយ​។

​ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាងថា​៖ «​មូល​ហេតុដែល​ពលរដ្ឋ​លើកគ្នា​មក​ដុត​ទីស្នាក់ការ​នេះ​ គឺ​ដោយសារ​ខឹង​នឹង​មន្ត្រី​បរិស្ថាន​ខាងលើ​តែង​ធ្វើបាប​ពលរដ្ឋ​ដោយ​ការ​គាប​សង្កត់​ផ្សេងៗ ដូចជា នៅពេល​ពលរដ្ឋ​នាំគ្នា​កាប់​ឈើ​បន្តិចបន្តួច​មក​ធ្វើ​រោង​បាយ ក្រោលគោ ឬ​ធ្វើ​របង​ព័ទ្ធ​ដីចម្ការ​ស្រែ មន្ត្រី​បរិស្ថាន​ទាំងនោះ​គ្មាន​ការ​យោគយល់​ទេ​ គឺ​តែងតែ​ចាប់​ផាក​ពិន័យ​បង់លុយ​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​បែរជា​មិន​អនុវត្ត​លើ​ក្រុម​ឈ្មួញ​រក​ស៊ី​កាប់​ឈើ​លក់​ឱ្យ​ដូច​អនុវត្ត​លើ​ប្រជាពលរដ្ឋ​នោះឡើយ​»​។​

​លោក ​ឆាយ ឌួង​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៦ សីហា​ថា ហេតុការណ៍​នេះ​បានធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​មួយចំនួន​។ ពលរដ្ឋ​បានធ្វើ​រឿង​បែបនេះ ដោយ​សំអាងថា អនុវត្ត​សិទ្ធិ ប៉ុន្តែ​លោក​មិន​ឯកភាព​ទេ ហើយ​លោក​ក៏បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​មកលើ​មន្ត្រី​បរិស្ថាន​ដែលថា​មានការ​លម្អៀង​ដែរ​។​

​លោក​បាន​អះអាងថា​៖ «​អ្វីដែល​យើង​ស្តាប់​តែ​ម្ខាង​គឺ​គាត់​ទាមទារ​សិទ្ធិសេរីភាព​។ តែ​ឥឡូវ​សួរថា ច្បាប់​ឱ្យ​គាត់​មាន​សិទ្ធិសេរីភាព​នាំគ្នា​មក​ធ្វើ​អ៊ីចឹង​? ដើមហេតុ​គឺ​រឿង​មន្ត្រី​បរិស្ថាន​អនុវត្ត​ច្បាប់ ហើយក៏​មានការ​ខឹងសម្បា​ថា មន្ត្រី​បរិស្ថាន​គាប​សង្កត់​។ មន្ត្រី​បរិស្ថាន​ខ្ញុំ​អត់​ដែល​គាបសង្កត់​ពួកគាត់​ទេ​។ ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ច្រើន​ទេ យើង​មិនបាន​លម្អៀង​ទេ គឺ​យើង​ធ្វើតាម​ច្បាប់​»​។​

​បើទោះជា​បែបនេះ លោក ឌួង​សាវុធ បានបញ្ជាក់​វិញ​ថា លោក​ក៏​មិន​កាន់ជើង​មន្ត្រី​របស់លោក​ដែរ ប្រសិនបើ​រកឃើញថា មន្ត្រី​លោក​ធ្វើ​ខុស គឺ​ឱ្យ​អនុវត្ត​តាមច្បាប់ តែ​ករណីនេះ​នៅ​មិនទាន់​បញ្ជាក់បាន​ច្បាស់​ថា ភាគី​ខាង​ណា​ខុស ខាង​ណា​ត្រូវ​ដែរ ដោយ​រង់ចាំ​ការស៊ើបអង្កេត​។​

​លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​បរិស្ថាន​បាន​ប្រាប់​ ភ្នំពេញ​​ ប៉ុស្តិ៍​ យ៉ាងខ្លី​ថា ករណីនេះ មន្ត្រី​ក្រសួង​បាននិងកំពុង​ស្រាវជ្រាវ​បន្ត​។ យ៉ាងណា លោក មិនបាន​បកស្រាយ​អ្វី​បន្ថែម​ជុំវិញ​ការចោទប្រកាន់​មក​មន្ត្រី​បរិស្ថាន​ពី​សំណាក់​អ្នកភូមិ​នោះទេ ដោយ​លោក​ឱ្យ​រង់ចាំ​លទ្ធផល​នៃ​ការស្រាវជ្រាវ​៕