ភ្នំពេញៈ​ នៅក្នុង​កិច្ចពិភាក្សា​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ​នាទី​ក្រុង​ញូវយ៉ក តំណាង​កម្ពុជា​បាន​រំលេច​ពីសា​រៈ​សំខាន់​នៃ​ការកសាង​សន្តិភាព និង​ការទប់ស្កាត់​ជម្លោះ ដើម្បី​បញ្ចៀស​គ្រោះ​ទុរភិក្ស និង​អសន្តិសុខ​ស្បៀងអាហារ​។​

​ការ​រំលេច​នេះ​ធ្វើឡើង​តាមរយៈ​ការ​ថ្លែង​នា​កិច្ចពិភាក្សា​បើកចំហ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី​ ៣ សីហា នា​ស្នាក់ការ​កណ្តាល​របស់ UN នៅ​ទីក្រុង​ញូវយ៉ក​សហ​រដ្ឋ​អាមេរិក ដែល​កិច្ចពិភាក្សា​នេះ​ធ្វើឡើង​ក្រោម​មូលបទ «​ទុរភិក្ស និង​អសន្តិសុខ​ស្បៀង​បង្កឡើង​ដោយ​ជម្លោះ​ប្រដាប់អាវុធ​»​។

​លោកស្រី អ៊ា​ត សោភា តំណាង​អចិ​ន្រៃ្ត​យ៍​កម្ពុជា​ប្រចាំ​អង្គការ​សហ​​ប្រជា​តិ​បាន​ថ្លែងថា សន្តិភាព និង​សន្តិសុខ​ត្រូវមាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​សន្តិសុខ​ស្បៀង ដែលមាន​ការទទួលស្គាល់​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ផ្ទាល់​នៅ​ឆ្នាំ ​២០១៨ ហើយ​ផ្អែក​តាម​បទពិសោធន៍​ផ្ទាល់​របស់​កម្ពុជា​ដែល​ធ្លាប់​ឆ្លងកាត់​ដោយសារ​ជម្លោះ​ពោល គឺ​សង្គ្រាម​នានា​រាប់​ទសវត្សរ៍​។

លោកស្រី​បាន​ថ្លែង​សង្កត់ធ្ងន់ថា​៖ «​កម្ពុជា​ចង់​បញ្ជាក់​ឡើងវិញ​ពី​សារៈសំខាន់​នៃ​ការផ្តល់​អាទិភាព​ដល់​ការកសាង​សន្តិភាព និង​ការការពារ​ជម្លោះ ជាពិសេស​នៅក្នុង​និន្នាការ​នៃ​ការព្រួយបារម្ភ​នាពេល​បច្ចុប្បន្ន​។ យើង​គាំទ្រ​ការ​លើកឡើង​ដែលថា គណៈកម្មការ​កសាង​សន្តិភាព​គួរតែ​ដើរតួនាទី ប្រឹក្សា​ធំ​ជាង​នេះ លើស​កម្ម​ភាពសមស្រប​នៅក្នុង​តំបន់​ជម្លោះ​»​។

​លោកស្រីបន្តថា កម្ពុជា​បន្ត​គាំទ្រ​ការអំពាវនាវ​ឱ្យ​គ្រប់ភាគី​ជម្លោះ ប្រដាប់អាវុធ​នានា​គោរព​ច្បាប់មនុស្សធម៌​អន្តរជាតិ ចៀសវាង​ប្រើ​អាវុធ​ជា​មធ្យោបាយ​ផ្តាច់​ស្បៀង និង​រារាំង​ប្រជាជន​ក្នុង​ការទទួល បាន​ស្បៀង​គ្រប់គ្រាន់ ដែលជា​ទង្វើ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​

​លោកស្រី​ថា ពិភពលោក​កំពុង​ប្រឈម​នឹង​គ្រោះ​ទុរភិក្ស និង​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ ដោយ​ស្តែង​ឡើង​តាមរយៈ​របាយការណ៍​ស​កល​ស្តីពី​វិបត្តិ​ស្បៀងអាហារ​។ កម្ពុជា​បង្ហាញ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា រដ្ឋ​ជា​សមាជិក​នៃ UN នឹង​ពង្រឹង​ការធ្វើការ​រួមគ្នា​ឡើងវិញ ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ​(SDGs) នៅ​ឆ្នាំ​ ២០៣០​ ខាងមុខ​ដូច​ការគ្រោងទុក​។ ជាពិសេស​ការពង្រឹង​ការដាំ​ដុះ​កសិកម្ម​ដែល​ធន់​នឹង​អាកាសធាតុ ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​ការវិនិយោគ​ការសិក្សា​បន្ថែម​លើ​ដំណាំ​កសិកម្ម និង​ព្រៃឈើ ដើម្បី​សន្តិសុខ​ស្បៀង​សកល​។​

​ពាក់ព័ន្ធ​បញ្ហា​នេះដែរ លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​គាំទ្រ​លើ​ការអំពាវនាវ​របស់​តំណាង​កម្ពុជា​នៅ​ក្រុមប្រឹក្សាសន្តិសុខ UN ក្នុងការ​​កសាង​គ្រឹះ​សន្តិភាព​សម្រាប់​ពិភព​​លោក និង​ការទម្លាក់​ចោលការ​ប្រណាំងប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ឱ្យ​គិតគូរ​លើ​ផ្នែក​មនុស្សធម៌ និង​សន្តិសុខ​ស្បៀង​ខណៈ​ពិភពលោក​ក៏​រង​ឥទ្ធិ​ពល​អាក្រក់​ពី​សង្គ្រាម​និង​គ្រោះ​ធម្មជាតិ​។ កម្ពុជា​បាន​ហែល​ឆ្លង​វិបត្តិ​នេះ​ឆ្អែតឆ្អន់​ហើយ​ក្នុង​ប្រវត្តិ​​សាស្ត្រ​សង្គ្រាមស៊ីវិល​របស់ខ្លួន​។

​លោក​បញ្ជាក់ថា​៖ «​សន្តិសុខ​ស្បៀង​ពិតជា​សំខាន់​ណាស់ ព្រោះ​មនុស្សជាតិ​ក្នុង​លោក​អាច​ផ្អាក​ប្រើប្រាស់​ទំនិញ​ផ្សេងៗ​ទៀត​ក្រៅពី​ឧបភោគ​បរិភោគបាន ប៉ុន្តែ​មិនអាច​ផ្អាក​ការ​ហូបចុក​នេះឡើយ​ព្រោះ​ជា​តម្រូវ​ការរស់រាន និង​សុខភាព​»​។

​លោក​បន្តទៀតថា អន្តរជាតិ​តាមរយៈ​ UN ពិសេស​ប្រទេស​មហា​​អំណាច​គួរ​គិតគូរ​ពី​សន្តិសុខ​ស្បៀង និង​មនុស្សធម៌​ជា​គោល ដើម្បី​សន្តិភាព​សកល ជាពិសេស​ដើម្បី​សម្រេច​បំណង​រួម​ក្នុងការ​អភិ​​វ​ឌ្ឍ​ប្រកបដោយ​ចីរភាព​នៅពេល​ខាងមុខ​៕